ភ្នំ​ពេញៈ​ ក្រសួង​សាធារ​ណៈ​កា​រ​ ​និង​ដឹក​ជញ្ជូន​នឹង​ឱ្យ​ម​ន្រ្ដី​អនុវត្ដ​ច្បាប់​ចាប់​ល្បឿន​យាន​យន្ត​ដែល​បើ​ក​បរ​លើស​ល្បឿន​កំណត់​លើ​​ផ្លូជាតិ​លេខ​ ៣ ពី​រាជ​ធា​នី​ភ្នំ​ពេញ​ទៅ​ក្រុង​កំពត​ ក្រោយ​ពេល​ផ្លូវ​នេះ​​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ផ្លូវ​ការ។ ​យោង​តាម​មន្រ្ដី​អ្នក​នាំ​ពាក្យ​ក្រសួង​នេះ​។​

លោក​ ​ហ៊ាង​ ​សុទ្ធា​យុត្តិ​ ​អ្នក​នាំ​ពាក្យ​ក្រ​សួង​សាធារណៈ​ការ​ ​និង​ដឹក​ជញ្ជូន​ ថ្លែង​នៅ​ថ្ងៃនេះ​​ថា​ ការ​ស្ថាប​នា​ផ្លូវ​ជាតិ​លេខ​ ៣​ ​ពី​ភ្នំ​ពេញ​ទៅ​ខេត្ដ​កំពត​ ​គិត​ត្រឹម​បំណាច់​ខែ​ឧសភា​នេះ​ ​សម្រេច​បាន​ជាង​ ​៩៨​ ​ភាគ​រយ​ហើយ​។​

លោក​បាន​ថ្លែង​ថា​៖​ «​ការ​ដាក់​កា​មេរ៉ា​ចាប់​ល្បឿន​នេះ​ ​គឺ​ដាក់​ចំនួន ​១​៤​ ទី​តាំង​ ​ចាប់​ផ្តើម​ពី​បង្គោល​គីឡូ​ម៉ែត្រ​លេខ​ ៣៣​ ទៅ​ដល់​បង្គោល​គីឡូ​ម៉ែត្រ​លេខ​​ ១៦២​ នៃ​ផ្លូវ​ជាតិ​លេខ​ ៣ ​ពី​រាជ​ធា​នី​ភ្នំពេញ​ទៅ​ដល់​ក្រុង​កំពត។​ ​ការ​ចាប់​ផ្ដើម​ចុះ​អនុវត្ដ​ច្បាប់​ ការ​​ចាប់​ល្បឿន​ នឹង​ចាប់​ផ្ដើម​​ក្រោយ​ពេល​ការ​សម្ពោធ​ផ្លូវ​នេះ​ជា​ផ្លូវ​ការ​»​​​។

លោក​បន្ត​ថា​៖ «​បច្ចុប្បន្ន ​យើង​មិន​ទាន់​បាន​​ការ​កំណត់​ពេ​ល​វេលា​ជា​ក់​លាក់​ក្នុង​ការ​សម្ពោធ​ផ្លូវ​ជាតិ​លេខ​ ៣ នេះ​នៅ​ឡើយ​ទេ ដោយ​សារ​តែ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩ ​ដែល​ជា​រឿង​ចំពោះ​មុខ​ត្រូវ​រួម​គ្នា​​ដោះ​ស្រាយ​សិន​»​។​​

លោក​បាន​ឱ្យ​ដឹង​ថា ​បន្ទាប់​ពី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវ​ការ​នា​ពេល​ខាង​មុខ ​​កាមេរ៉ា​ចាប់​ល្បឿន​ទាំង​ ១៤​ ទី​តាំង​នេះ​ នឹង​កំណត់​ការ​ចាប់​ល្បឿន​យាន​យន្ត​ទាំង​ចរាចរ​ទៅ​និង​មក​ព្រមគ្នា​ដែរ​ ​ដើម្បី​​ត្រួត​ពិនិត្យ​លើ​អ្នក​បើក​បរ​លើស​ល្បឿន​កំណត់​​នៃ​ច្បាប់​ចរា​ចរណ៍។ ​

លោក​ ​សុទ្ធា​យុត្តិ​ ​បាន​បញ្ជាក់​ថា​៖ «​ការ​ដាក់​ឱ្យ​ដំណើរ​ការ​កា​មេរ៉ា​ចាប់​ល្បឿន​នេះ​ ​គឺ​ដើម្បី​ចូល​រួម​ចំណែក​កាត់​បន្ថ​យ​នូវ​អត្រា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​លើ​ដង​ផ្លូវ ​និង​ចូល​រួម​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​នូវ​អត្រា​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​របស់​ប្រជា​ពល​រដ្ឋ​»​។​

លោក​ ​គឹម​ ​បញ្ញា​ ​នាយក​ប្រតិ​បត្តិ​អង្គការ​ ​AIP​ គាំ​ទ្រ​ចំពោះ​វិធាន​ការ​របស់​ក្រសួង​សាធា​រ​ណៈ​កា​រ​ ក្នុង​ការ​បំពាក់​កាមេរ៉ា​ចាប់​ល្បឿន​យាន​យន្ត​នៅ​តាម​ផ្លូវ​ជាតិ​បែប​នេះ​ ​ដើម្បី​ឱ្យ​ពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរា​ចរន៍​ ​ព្រោះ​ផ្លូវ​ជាតិ​លេខ​៣​នេះ​ ក៏ជា​ផ្លូវ​ជាតិ​មួយ​ប្រឈម​នឹង​បញ្ហា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ខ្ពស់​ដែរ​។​

លោក​បាន​ថ្លែង​ថា​៖ «​តាម​របាយ​ការណ៍​របស់​សមត្ថ​កិច្ច​ផ្លូវ​ជាតិ​លេខ ​៣ នេះ​ ក្នុង ​១ ឆ្នាំ​ៗ​ជនរង​គ្រោះ​ដែល​បាន​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មាន​ចំនួន​ ១០​ ភាគ​រយ​ បើ​សរុប​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​នៅ​លើ​ផ្លូវ​ជាតិ​ទាំង​អស់ក្នុង​ប្រទេស​កម្ពុជា​។​ ​

ខ្ញុំ​ជឿ​ជាក់​ថា ​តាម​រយៈ​ការ​បំពាក់​កាមេរ៉ា​ចាប់​ល្បឿន​នេះ​ប្រាកដ​ជា​ត្រូវ​បំពាក់​នៅ​តាម​តំបន់​ដែល​ឧស្សា​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ញឹក​ញាប់​ ដើម្បី​កាត់​បន្ថយ​ហានិ​ភ័យ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​​​»​។​

លោក​បាន​លើក​ឡើង​ថា​ ​តាម​រយៈ​បទ​ពិសោធន៍​តាម​បណ្ដា​ប្រទេស​នា​នា ​មុន​នឹង​អនុវត្ដ​វិធាន​ការ​ច្បាប់​ចាប់​ល្បឿន​នេះ អាជ្ញា​ធរ​ត្រូវ​ជូន​ដំណឹង​ដល់​ប្រ​ជា​ពល​រដ្ឋ​ជា​មុន​ដើម្បី​ឱ្យ​​មាន​ការ​ប្រុង​ប្រយ័ត្ន​។​​​

បើ​តាម​លោក​ ​សុទ្ធា​យុត្តិ​ ​គម្រោង​ពង្រីក​និង​លើក​កម្រិត​ផ្លូវ​ជាតិ​លេខ​ ៣ ​ពី​ភ្នំពេញ​ទៅក្រុង​កំពត ​មាន​ប្រវែង​សរុប​ ​១៣៤​.​៧​ ​គី​ឡូ​ម៉ែ​ត្រ​។​ ​គ​ម្រោង​ស្ថាប​នា​ផ្លូវ​​នេះ​ ​ត្រូវ​​ចំណាយ​ថវិកា​សរុប​ជាង​ ២១៩​ ​លាន​ដុល្លារ​អា​មេរិក​ ជា​ហិរញ្ញ​ប្ប​ទាន​សម្ប​ទាន​ពី​សា​ធារ​ណ​រដ្ឋ​ ​ប្រ​ជា​មានិត​ចិន​រួម​ជា​មួយ​នឹង​ថវិកា​ប​ដិភាគ​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុ​ជា​។​ ​

ផ្លូវ​នេះ​ទទួល​សិទ្ធិ​សាង​សង់​ដោយ​ក្រុម​ហ៊ុន​ ​សាជីវ​កម្ម​ស្ពាន​ និង​ថ្នល់​ចិន​ ​ត្រួត​ពិនិត្យ​បច្ចេក​ទេស​ ​ដោយ​ក្រុម​ហ៊ុន​ទី​ប្រឹក្សា​បច្ចេក​ទេស​សំណង់​ ​ក្វាង​ចូវ​ វ៉ាន​អាន ដោយ​ប្រើ​ប្រាស់​​រយៈ​ពេល​សាង​សង់​ ​៤៨ ​ខែ​៕​​​