
សមត្ថកិច្ចក្នុងពេលកំពុងបញ្ជូនជនជាតិវៀតណាមចេញពីកម្ពុជានៅថ្ងៃទី ១ មិថុនានេះ ។ រូបថត អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ភ្នំពេញៈ មន្ត្រីនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី ១ មិថុនានេះ បានបណ្តេញជនបរទេសជាតិវៀតណាមចំនួន ១០៦ នាក់ ចេញពីកម្ពុជាឱ្យត្រឡប់ទៅស្រុកកំណើតវិញ ក្រោយពីរកឃើញថា ពួកគេបានលួចចូលមកធ្វើការងារនិងស្នាក់នៅកម្ពុជាដោយខុសច្បាប់។
លោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិតថ្លែងថា នៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី១ ខែមិថុនានេះ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានទទួលជនជាតិវៀតណាមចំនួន ៨៨ នាក់ ស្រី ១៦ នាក់ករណីឆ្លងដែនចូលធ្វើការនិងស្នាក់នៅខុសច្បាប់ពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតីវិធី និងបានប្រគល់ជូនប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិ ម៉ុកបាយ ប្រទេសវៀតណាម នៅវេលាម៉ោង ១១ និង ៣០ នាទីថ្ងៃដដែល។
លោកបញ្ជាក់ថា ជនជាតិវៀតណាមទាំងនោះជាអ្នកចូលមកធ្វើការងារក្នុងខេត្តស្វាយរៀងរយៈពេលខ្លី ប៉ុន្តែដោយសារបញ្ហាកូវីដ ១៩ ទើបពួកគាត់ជាប់គាំងមិនអាចត្រឡប់ទៅវិញបាន។
លោកបានបញ្ជាក់ថា៖ «ការពិតពួកគាត់អត្តសញ្ញាណប័ណ្ណក៏មាន លិខិតឆ្លងដែនក៏មាន គាត់ចូលមកធ្វើការងារ ដោយចូលពេលព្រឹកល្ងាចត្រូវចេញទៅវិញ ប៉ុន្តែដោយសារតែមានបញ្ហាកូវីដគាត់ជាប់នៅហ្នឹងរហូតអ៊ីចឹងទៅ ហើយនៅពេលយើងរកឃើញក៏បញ្ជូនពួកគាត់ឱ្យត្រឡប់ទៅស្រុកវិញ ព្រោះគាត់មិនអាចស្នាក់នៅរយៈពេលយូរបានទេ យ៉ាងណាយើងក៏បានពិនិត្យយកសំណាកអីរួចរាល់អស់ហើយ អត់មានបញ្ហាសុខភាពពាក់ព័ន្ធកូវីដអីទេ» ។
ដោយឡែកក្នុងថ្ងៃដដែលនេះ នៅខេត្តព្រះសីហនុ ស្នាក់ការត្រៀមបណ្តេញចេញនៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានសហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ ព្រែកចាក ខេត្តកំពត ធ្វើការបណ្តេញជនបរទេសជាតិវៀតណាមចំនួន ១៨ នាក់ ស្រី ១១ នាក់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃឱ្យទៅប្រទេសដើមវិញ ដោយប្រថាប់ត្រាហាមចូលកម្ពុជារយៈពេល៣ឆ្នាំ។ នេះបើតាមហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅរសៀលថ្ងៃទី ១ មិថុនា។
ហ្វេសប៊ុកនេះសរសេរថា «សូមជម្រាបជូនថា ជនបរទេសទាំង១៨នាក់ខាងលើនេះ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកោះកុង ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ឆ្លងដែនខុសច្បាប់ (គ្មានលិខិតឆ្លងដែន និងមិនប្រថាប់ត្រា) និងល្មើសបម្រាមបិទខ្ទប់របស់រដ្ឋបាលខេត្ត» ។
អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុថ្លែងថា ប្រសិនបើមន្ត្រីជំនាញបានធ្វើកិច្ចការងារ និងបង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងក្នុងចាប់បញ្ជូនជនអន្តោប្រវេសន៍ឱ្យត្រឡប់ទៅប្រទេសគេវិញគឺជារឿងល្អ ដែលប្រជាពលរដ្ឋចង់ឃើញ។ ក៏ប៉ុន្តែអ្នកស្រីថាកន្លងមកមិនសូវបានឃើញការបង្ហាញព័ត៌មានជាសាធារណៈទេទាក់ទងក្នុងរឿងចាប់បញ្ជូនជនបរទេសឱ្យទៅប្រទេសគេវិញបែបនេះទេ។
អ្នកស្រីថ្លែងថា៖ «ការបង្ហាញព័ត៌មានជាសាធារណៈអ៊ីចឹងជារឿងល្អ ប៉ុន្តែយើងសូមឱ្យធ្វើការបង្ហាញបែបនេះជាបន្តបន្ទាប់ទៀតកុំធ្វើតែម្តងហើយស្ងាត់បាត់ឈឹងរហូត ព្រោះអីដូចជានៅខេត្តព្រះសីហនុនេះ ជនអន្តោប្រវេសដែលចូលមកស្នាក់នៅ ទោះជារកស៊ីអីក៏ដោយ ការចូលមកស្នាក់នៅរបស់ពួកគាត់គឺខុសច្បាប់ ហើយក៏ដូចជាមកដណ្តើមការងាររបស់យើងធ្វើដែរពេលខ្លះ» ។
លោក កែវ វណ្ណថន អគ្គនាយករងនិងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្លែងថា ជាទូទៅជនបរទេសដែលឆ្លងដែនចូលមកកម្ពុជាដើម្បីធ្វើការវិនិយោគ និងធ្វើការងារ ភាគច្រើនគឺត្រូវច្បាប់។ ចំណែកជនបរទេសដែលសមត្ថកិច្ចបណ្តេញចេញពីកម្ពុជានោះ គឺភាគច្រើនជាជនបរទេស ដែលមិនមានលិខិតឆ្លងដែន ការស្នាក់នៅលើសទិដ្ឋាការកំណត់ ជនបរទេសដែលលួចឆ្លងដែន និងជនបរទេសដែលគ្មានប្រាក់ចិញ្ចឹមជីវិត។
លោកថ្លែងថា៖ «កាលណាគាត់មកវិនិយោគ គាត់មកធ្វើការងារ គាត់មានលិខិតឆ្លងដែន មានទិដ្ឋាការស្នាក់នៅត្រឹមត្រូវ ហើយមានបណ្ណការងារ អាហ្នឹងគាត់គឺត្រឹមត្រូវតាមច្បាប់ អ៊ីចឹងអ្នកដែលមកដោយគ្មានលិខិតឆ្លងដែនឬក៏លួចឆ្លងដែនខុសច្បាប់ អាហ្នឹងគឺខុសច្បាប់ ហើយអ្នកដែលមកដោយខុសច្បាប់យើងមិនដែលលើកលែងទេ គឺតែងតែចាប់បញ្ជូនទៅវិញ»៕