កំពង់​ស្ពឺៈ ក្នុង​ចំណោម​ជន​ជាប់ឃុំ​ចំនួន ១ ៨០២​ នាក់ ក្នុង​ពន្ធនាគារ​ខេត្ដ​កំពង់​​ស្ពឺ មាន​ជន​ជាប់ឃុំ​ជាង ១០០ នាក់ ត្រូវ​បាន​រក​ឃើញ​​​វិជ្ជ​មាន ​ជំងឺកូវីដ​ ១៩ និង​ម្នាក់​បាន​ស្លាប់​ កាល​ពី​ថ្ងៃ​ទី​ ២៩​ ឧសភា ក្រោយពី​មាន​​ការ​ឆ្លង​ចូល​ក្នុង​ពន្ធ​នាគារ​ កាលពី​សប្ដាហ៍មុន​។​ នេះ​បើ​តាម​លោក វ៉ី សំណាង អភិបាល​ខេត្ដ​កំពង់​ស្ពឺ​ ថ្លែង​ប្រាប់​ ភ្នំ​ពេញ​​ ប៉ុស្ដិ៍​​ នៅ​ថ្ងៃ​ទី ​១ ខែ​មិថុនា​នេះ​។

លោក វ៉ី សំណាង បាន​ថ្លែង​ថា ការ​ឆ្លង​ជំងឺ​កូវីដ​ ១៩ ចូលក្នុង​ពន្ធនាគារ​នេះ​ កើតឡើង​នា​អំឡុង​ពេល​ប្រហែល ​១ សប្ដាហ៍មុន នា​ចុង​ខែ​ឧសភា​កន្លង​ទៅនេះ​។ ក្នុង​ចំណោម​ជន​​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​សរុប​ចំនួន ១៨០២នាក់ មាន​ជន​ជាប់ឃុំ​ជាង ១០០ នាក់​ បាន​ឆ្លង​ជំងឺកូវីដ​ ១៩​។​

លោក​បានថ្លែង​ថា​៖ «​​មាន​ជន​ជាប់​ឃុំ​ម្នាក់​ស្លាប់ គាត់​មាន​យុច្រើន ហើយ​គាត់​មាន​ជំងឺ​ជាប់ខ្លួន​ច្រើនទៅហើយ​ ដូច្នេះ​​នៅ​ពេល​ដែល​គាត់​ឆ្លង​កូវីដ​កូវីដ​ ១៩ ក៏បណ្ដាល​​ឱ្យគាត់​ស្លាប់​​»។

ជន​ជាប់ឃុំ​ដែល​ស្លាប់​ឈ្មោះ ​ឡាំ សុខា​ ភេទស្រី អាយុ​ ៦៦​ ឆ្នាំ​ ស្លាប់​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ឧសភា​។ ជនជាប់ឃុំ​ដែល​ស្លាប់​នេះដោយ​សារ​តែ​មាន​ជំងឺ​ប្រចាំ​កាយ​​ជា​ច្រើនទើប​​បាន​ជា​​ក្រុម​គ្រូពេទ្យ​មិន​អាច​​ជួយ​​សង្គ្រោះ​​បាន។

លោកអភិបាល​ខេត្ត​​បន្ត​​ថា ការ​ឆ្លងរីក​រាល​ដាល ​​នៅក្នុង​ពន្ធនាគារបែបនេះ​ ដោយសារ​នៅក្នុង​ពន្ធនាគារ មិនអាច​រក្សា​គម្លាត​បាន។

លោក​ថ្លែង​ថា​៖ «ប៉ុន្តែ​វិធានការ​ដែលយើងបាន​​ធ្វើ​ គឺយើង​បាន​បែង​ចែក​ពួកគាត់​ ឱ្យ​នៅដាច់​ដោយឡែក​ពីគ្នា។ ក្នុង​នោះ​គឺក្រុម​អ្នក​​ដែល​ឆ្លង​ជំងឺកូវីដ​ ១៩ យើង​ដាក់គាត់​មួយ​កន្លែង ក្រុម​អ្នក​ដែល​ជាប់ពាក់ព័ន្ធ​យើង​ដាក់​មួយ​កន្លែង។ ចំណែក​ក្រុម​ជន​ជាប់​ឃុំ​ ដែល​មិន​មាន​ពាក់ព័ន្ធ​យើង​ឱ្យ​គាត់​នៅកន្លែង​មួយ​ផ្សេង​នៅក្នុង​ពន្ធនា​គារ​»។

បើ​តាម​លោក វ៉ី សំណាង នៅ​ពេល​នេះ អាជ្ញា​ធរ​ពាក់​ព័ន្ធ កំពុង​​បន្ត​ខិត​ខំ​ផ្សព្វផ្សាយ​នៅក្នុង​ពន្ធនាគារ​ ទាក់ទង​នឹង​ការ​រក្សា​អនា​ម័យ ងូត​ទឹក លាង​ដៃ​នឹង​​សាប៊ូ​ឱ្យ​បាន​ញឹក​ញាប់​ជាដើម​។ ចំពោះ​ជន​ជាប់ឃុំ​ ដែល​មាន​ឆ្លង​ជំងឺកូវីដ​ ១៩ គឺ​​កំពុង​ត្រូវ​បាន​គ្រូ​ពេទ្យ​ធ្វើការ​ព្យា​បាល​៕