ភ្នំពេញៈ លោក​ ​ត្រាំ​ អ៊ីវ​តឹក​ ​ទេស​រដ្ឋ​មន្ត្រី​ ​ទទួល​បន្ទុក​បេស​ក​កម្ម​ពិសេស​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ពង្រឹង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់​ឆ្នាំង​ បាន​ទទួល​មរណភាព​ក្នុង​អាយុ​ ៧៣ ​ឆ្នាំ ​ដោយ​រោគាពាធ​។​ ​នេះ​បើតាម​ការ​អះអាង​លោក​ សួន សេរី​រដ្ឋា ​អនុ​ប្រ​ធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ ​ចុះ​ពង្រឹង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់​ឆ្នាំង​។​​​

លោក​ ​សេរី​រដ្ឋា​ ​បាន​ប្រាប់​ ភ្នំ​ពេញ​ ប៉ុស្តិ៍​នៅ​ល្ងាច​ថ្ងៃ​ទី ០១​ ​ខែ​មិថុនា​ថា​ លោក​ ត្រាំ​ អ៊ីវតឹក​ បាន​ទទួល​មរណភាព​នៅ​វេលា​ម៉ោង ​២:៣០ ​នាទី​​រសៀល​ ថ្ងៃទី ​១ ​មិថុនា​នេះ ​បន្ទាប់​ពី​បាន​សម្រាក​ព្យាបាល​អស់​រយៈ​ពេល​ជាង​ ១​ ខែ នៅ​ឯ​ក្រៅ​ប្រទេស​។​

លោក​ ​សេរី​រដ្ឋា​ ​បាន​​បញ្ជាក់​ថា​៖​ «​មរណ​ភាព​របស់​ឯក​ឧត្តម ​ត្រាំ ​អ៊ីវតឹក​ គឺ​ជា​ការ​បាត់​បង់​នូវ​ធន​ធាន​មនុស្ស​ដ៏​សំខាន់​របស់​ជាតិ​។​ ​ឯក​ឧត្តម​ជា​ចាស់​ទុំ​ដែល​មាន​ចរិត​ដឹក​នាំ​ស្លូត​បូត​ ​ម៉ឺង​ម៉ាត់​ ​និង​សម្ដី​សំដៅ​មួយៗ​ច្បាស់​ៗ​ ​ព្រម​ទាំង​សមញ្ញ​គួរ​ជា​ទី​គោរព​ ​និង​យក​គំរូ​រៀន​សូត្រ​តាម​»​។​

លោក​ ​ត្រាំ​ អ៊ីវតឹក​ ​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរគម​នាគមន៍​ពី​ឆ្នាំ ​២០១៦​ ដល់​ឆ្នាំ​ ២០២០​ ​បន្ទាប់​ពី​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណ​ការ​ ​និង​ដឹក​ជញ្ជូន​ពី​ឆ្នាំ​ ២០០៨​ ​ដល់​ឆ្នាំ​ ២០១៦​។​

ដំណឹង​នៃ​ម​រណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​នេះ ​បាន​ធ្វើ​​ឲ្យ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន​ ​សែន​ មាន​ក្ដី​សោក​ស្ដាយ​ អាឡោះ​អា​ល័យ ស្ទើរ​ក​ទី​បំផុត​គ្មាន​។​ ​យោង​តាម​សារ​រំ​លែក​ទុក្ខ​ ​ដែល​ភ្នំ​ពេញ​ប៉ុស្តិ៍​ទ​ទួល​បាន​នៅ​ល្ងាច​ថ្ងៃ​ទី​ ០១ ​ខែ​មិថុនា​ ឆ្នាំ​ ២០២១។

​លោក​នាយក​រដ្ឋ​មន្ត្រី​ ​បាន​គូស​បញ្ជាក់​ថា​៖ «​ក្នុង​ឱកាស​ប្រកប​ដោយ​សមាន​ទុក្ខ​នេះ​ ខ្ញុំ​និង​ភរិយា​សូម​សម្តែង​នូវ​ការ​សោក​ស្តាយ ស្រណោះ ​អា​ឡោះ​អាល័យ​ ​សង្វេគ​ស្ទើរ​រក​ទី​បំផុត​គ្មាន​ ​ចំពោះ​ការ​បាត់​បង់​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ​ត្រាំ ​អ៊ីវតឹក គឺ​ជា​ការ​បាត់​បង់​នូវ​ស្វាមី​ប្រកប​ដោយ​សង្គ​ហធម៌​ដ៏​ល្អ ​និង​ជា​ការ​បាត់​បង់​ឪពុក​ ​ជីតា​ ប្រកប​ដោយ​ ​ព្រហ្ម​វិហារ​ធម៌​មិន​ចេះ​រីងស្ងួ​ត ព្រម​ទាំង​ជា​ការ​បាត់​បង់​នូវ​ឥស្ស​រ​ជន​ឆ្នើម​មួយ​រូប​ដែល​ពេញ​មួយ​ជីវិត​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ជា​មួយ​រាជ​រដ្ឋាភិ​បាល​ក្នុង​កិច្ច​ការ​បម្រើ​ជាតិ​មាតុ​ភូមិ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​»​។​

ចំ​ណែក​ ​លោក​ ​សំ ​ចាន់​ថន​ ​អភិបាល​ស្រុក​កំពង់​លែង​ បាន​ថ្លែង​ថា​ ​ក្នុង​២​អាណត្តិ​កន្លង​មក​នេះ ​លោក​ ត្រាំ​ អ៊ី​វតឹ​ក​ បាន​ជួយ​អភិ​វឌ្ឍន៍​មូល​ដ្ឋាន​ស្រុក​កំពង់​លែង​ ​ដោយ​បាន​ក៏​សាង​នូវ​សមទ្ធិ​ផល​បាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ដោយ​បាន​កសាង​ផ្លូវ​ស្ពាន​​​និង​ប្រព័ន្ធ​ធារា​សាស្ត្រ​ ផ្លូវ​ទឹក​ ​ដែល​ធ្វើ​​ឲ្យ​ពល​រដ្ឋ​មាន​ជីវភាព​ធូធារ​ ​សម្បូរ​សប្បាយ​៕​

​​