
នគរបាលពិនិត្យសាកសពស្រ្តីរងគ្រោះស្លាប់ក្នុងផ្ទះ។ រូបថត FN
ពោធិ៍សាត់ៈ សមត្ថកិច្ចនគរបាលក្រុងពោធិសាត់កំពុងសួរនាំជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយមានស្ថានទម្ងន់ទោស ដោយកាប់សម្លាប់ប្រពន្ធខ្លួនឯង ហើយបានចូលខ្លួនសារភាពនៅល្ងាចថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១។
លោក យឹម សៀងហៃ អធិការនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ប្តីប្រពន្ធមួយគូរបានឈ្លោះគ្នា ដោយបានវាយគ្នាទៅវិញទៅមករហូតដល់ប្តីយកពូថៅកាប់ប្រពន្ធស្លាប់នៅនឹងកន្លែង ស្ថិតនៅក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិសាត់ មូលហេតុប្រចណ្ឌ។
លោកថ្លែងថា៖ «តាមការសារភាពរបស់ជនសង្ស័យ រឿងហេតុកើតឡើងដោយសារប្រចណ្ឌគ្នាទៅវិញទៅមក ហើយដំបូងគឺប្រពន្ធគាត់យកដុំឥដ្ឋដុំថ្មគប់ទៅលើគាត់មុន ជាហេតុធ្វើឲ្យជនសង្ស័យជាប្តីក្នុងសភាពស្រវឹងស្រាផង ទ្រាំមិនបានក៏តដៃវិញ ប្រតាយប្រតប់គ្នារហូតដល់ទាញពូថៅកាប់ទៅលើជនរងគ្រោះត្រូវចំក្បាលជាច្រើនពូថៅបណ្តាលឲ្យស្លាប់នៅនឹងកន្លែង»។
លោកអធិការនគរបាលក្រុងពោធិសាត់បន្តថា ករណីនេះមិនមានជារឿងឃាតកម្មទេ គឺករណីហិង្សាមានស្ថានទម្ងន់ទោស [ឈ្លោះកាប់សម្លាប់] កើតឡើងនៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២១ នៅវេលាម៉ោងប្រហែល ១១ នាទីយប់ នៅចំណុចក្នុងបន្ទប់ផ្ទះ ដែលកំពុងសាងសង់ជិតរួច ជាកម្មសិទ្ធិរបស់ឈ្មោះ ស៊ុម ចាន់ធួក ភេទស្រី អាយុ ៣៦ ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។
លោកថ្លែងថា៖ «យើងបានដឹងរឿងនៅព្រឹកថ្ងៃទី ៣១ ខែឧសភា បន្ទាប់ពីមានក្មេងប្រុសអាយុ ៣ ឆ្នាំ បានដើរចូលទៅក្នុងបន្ទប់ហើយបានឃើញសពស្ត្រីរងគ្រោះ ទើបមានការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ច។ អីចឹងកម្លាំងជំនាញនគរបាលយើងក៏បានចុះទៅ ដល់កន្លែងធ្វើការពិនិត្យ»។
ជនសង្ស័យឈ្មោះ ឡូញ សុធារ៉ា ភេទប្រុស អាយុ ៣៨ ឆ្នាំ មានមុខរបរ ជាអ្នកបើកឡានដឹកទំនិញ រស់នៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។ ចំណែកជនរងគ្រោះមានឈ្មោះ ស៊ុម ចាន់នី អាយុ ៣០ ឆ្នាំ មានមុខរបរជាអ្នកលក់មីហឹរ នៅផ្សារភួពុយ។
លោក យឹម សៀងហៃ បញ្ជាក់ថា ជនសង្ស័យត្រូវបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តពោធិសាត់នៅរសៀលថ្ងៃទី ១ ខែមិថុនានេះ ប៉ុន្តែដោយសារតែមិនទាន់បានធ្វើការពិនិត្យធ្វើតេស្តរកជំងឺកូវីដ ១៩ ហេតុនេះទើបមិនទាន់អាចបញ្ជូនទៅបាន។
លោកថ្លែងថា៖ «ពេលនេះមន្ត្រីសុខាភិបាលបានយកសំណាករបស់គាត់ទៅពិនិត្យ ដើម្បីរកជំងឺកូវីដ ១៩ អីចឹងយើងនៅមិនទាន់អាចបញ្ជូនគាត់ទៅស្នងការបន្តនីតិវិធីបានទេនៅថ្ងៃនេះ រង់ចាំលទ្ធផលតេស្តសិន ព្រោះខាងពន្ធនាគារគេមិនទទួលទេ បើសិនជាយើងមិនមានលទ្ធផលពិនិត្យសំណាកច្បាស់លាស់»៕