
ដើមគ្រញូងនៅរមណីយដ្ឋានអង្គរដែលគេលួចអារកាលពីចុងខែមុន។ រូបថត ហ្វេសប៊ុក
សៀមរាបៈ មន្ត្រីនៃអាជ្ញាធរជាតិអប្សរាបាននិងកំពុងសហការស្វែងរកចាប់ខ្លួនជនមិនស្គាល់អត្តសញ្ញាណដែលបានលួចចូលអារឈើគ្រញូង ១ ដើមពីថ្ងៃទី ៣១ ខែឧសភា នៅតំបន់រមណីយដ្ឋានអង្គរ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដើម្បីយកមកអនុវត្តទោសតាមច្បាប់។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធជាតិអប្សរាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ពេលនេះ អាជ្ញាធរជាតិអប្សរា បាននិងកំពុងសហការជាមួយអង្គភាពពាក់ព័ន្ធរួមមាន មន្ត្រីការពារបេតិកភណ្ឌ មន្ត្រីឧទ្យានុរក្សទទួលបន្ទុកទេសភាពក្នុងតំបន់អង្គរព្រមទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងរកអ្នកលួចចូលអារដើមគ្រញូងនេះ ។
ទោះជាយ៉ាងណាលោកបានបញ្ជាក់ថា រហូតមកទល់ពេលនេះមិនទាន់មានតម្រុយនៅឡើយទេ ប៉ុន្តែក្រុមមន្ត្រីនឹងខំស្វែងរកឱ្យឃើញ ដើម្បីយកមកអនុវត្តទោសទៅតាមផ្លូវច្បាប់ដោយមិនឱ្យរួចខ្លួននោះទេ។
លោក កុសល បានឱ្យដឹងទៀតថា ឈើគ្រញូងនេះត្រូវបានគេអារក្នុងទំហំតូចៗត្រឹមមុខកាត់ ២ ឬ ៣ តឹកដែលដើមគ្រញូងនេះត្រូវបានដាំឡើងវិញកាលពី ២០០៥ កន្លងមក។ ជនមិនស្គាល់មុខនេះបានអារយកតែគល់ឈើគ្រញូងប្រមាណ ១ ម៉ែត្រ ឬ ២ ម៉ែត្រប៉ុណ្ណោះដោយមិនបានយកទៅទាំងអស់ទេ ហើយបានបន្សល់ទុកវត្ថុតាងមួយចំនួនដូចជា រណារ និងស្បែកជើងជាដើម។ ចំណែកឈើដែលនៅសេសសល់ត្រូវបានយកមករក្សាទុកនៅក្នុងទីស្នាក់ការតំបន់ការពារទេសភាពអង្គរ។
លោក ឡុង កុសល បានបន្ថែមថា លោកមិនបានដឹងថាកំណាត់ឈើនេះគេយកទៅធ្វើអ្វីនោះទេ ប៉ុន្តែនៅពេលឃាត់ខ្លួនបាន រួចសួរនាំទើបអាចដឹងពីបំណងប្រាកដរបស់គេ។
លោកថា៖ «យើងបានធ្វើការរួមគ្នាជាមួយផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាឈានដល់ការចាប់ខ្លួនជនសង្ស័យឱ្យទាល់តែបាន ព្រោះយើងមិនចង់ឱ្យបញ្ហានេះកើតឡើងទេ»។
បើតាមលោក ឡុង កុសល ការលួចអារឈើគ្រញូងនេះ គឺជនមិនស្គាល់មុខបានធ្វើនៅពេលយប់ ដោយប្រើប្រាស់រណារដៃ ព្រោះបើពួកគាត់ប្រើម៉ាស៊ីននឹងធ្វើឱ្យអ្នកភូមិដឹង ព្រោះតំបន់រមណីយដ្ឋានអង្គរនេះ មានភូមិរបស់ពលរដ្ឋរស់នៅច្រើន។
លោកថា ករណីលួចអារដើមឈើគ្រញូងក្នុងតំបន់រមណីយដ្ឋានអង្គរនេះមិនមែនមានតែ ១ ករណីនេះទេ តែកន្លងមកក៏ធ្លាប់មានដែរ តែលោកមិនចាំតួលេខទេ។ រីឯអ្នកប្រព្រឹត្តក៏ធ្លាប់បានបញ្ជូនទៅតុលាការផងដែរ។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរបានសម្តែងការសោកស្តាយចំពោះករណីលួចកាប់ដើមឈើគ្រញូងក្នុងតំបន់រមណីយដ្ឋានអង្គរនេះ ខណៈមន្ត្រីការពារក៏មានច្រើន រួមមាន នគរបាលបេតិកភណ្ឌ និងអាជ្ញាធរពាក់ព័ន្ធដែលបាននិងកំពុងការពារនៅទីនោះទាំងយប់ទាំងថ្ងៃ ប៉ុន្តែនៅតែមានជនឆ្លៀតឱកាសចូលទៅអារយកបាន។
បើតាមលោក ធី នេះមិនមែនជាករណីទី១ ទេ ដែលមានការកាប់ដើមឈើគ្រញូងក្នុងតំបន់រមណីយដ្ឋានអង្គរនេះ ប៉ុន្តែកន្លងមកក៏មាន ២ ទៅ ៣ ករណីដែរ តែដូចមិនបានរកឃើញអ្នកប្រព្រឹត្តទេ។ ដូច្នេះគួរដាក់ពិន័យចំពោះអ្នកទទួលបន្ទុកការពារទៅតាមច្បាប់ ព្រោះបណ្តោយឱ្យមានការលួចចូលទៅអារឈើគ្រញូងនៅក្នុងតំបន់ការពារនេះ ។
លោកបានថ្លែងថា៖ «យើងមិនអាចឆ្លើយថា មិនដឹងៗហើយធ្វើតែរបាយការណ៍ឡើងទៅលើអស់តែក្រដាសហើយទាំងអ្នកប្រព្រឹត្ត និងអ្នកទទួលខុសត្រូវ រួចខ្លួនរហូត និងមិនមានការដាក់ទណ្ឌកម្មអ្នកណាមួយអ៊ីចឹងទេ »។
លោក ខៀវ ធី បានបញ្ជាក់ថា តំបន់រមណីយដ្ឋានអង្គរជាតំបន់ទេសចរណ៍ជាតិ និងអន្តរជាតិ ដែលភាគច្រើនគឺភ្ញៀវទេសចរពេញចិត្តនឹងបរិស្ថានធម្មជាតិដែលមានព្រៃឈើ ហ៊ុមព័ទ្ធដោយព្រៃឈើធំដែលនឹងធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀត៕