
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក Wendy R. Sherman កាលពីថ្ងៃម្សិលមិញ។ រូបថត SPM
ភ្នំពេញៈ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy R. Sherman បានពិភាក្សាពីឱកាសនៃការលុបបំណុល ដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកពីសម័យ លន់ នល់ និងការវិនិយោគលើវិស័យជាច្រើន ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបពីម្សិលមិញ។ នេះបើតាមហ្វេសប៊ុកលោក ហ៊ុន សែន ចុះផ្សាយកាលពីយប់មិញ។
ជំនួបរវាង លោកស្រី Sherman ជាមួយលោក ហ៊ុន សែន គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ៤ ខែមិថុនា របស់លោកស្រីទៅប្រទេសជាច្រើន ដោយចាប់ផ្ដើមពីតំបន់អឺរ៉ុបបន្តមកតំបន់អាស៊ានមុននឹងមកដល់ប្រទេសកម្ពុជា ក្នុងនាមអនុរដ្ឋមន្ត្រីការបរទេសក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន។
បើតាមហ្វេសប៊ុករបស់លោក ហ៊ុន សែន ឱ្យដឹងថាក្នុងជំនួបនោះ លោកស្រី Sherman បានជម្រាបជូន លោក ហ៊ុន សែន ថា ដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីពាំនាំនូវលិខិតរបស់លោកប្រធានាធិបតី Joe Biden មកជូនលោកនាយករដ្ឋមន្ត្រី។
លោកស្រីក៏បានបន្ថែមថា នេះគឺជាបំណងរបស់លោកប្រធានាធិបតី សហរដ្ឋអាមេរិកក្នុងន័យធ្វើយ៉ាងណាឱ្យអ្វីៗមានភាពល្អប្រសើរ សម្រាប់ប្រទេសទាំង ២។ នេះបើតាមហ្វេសប៊ុកលោក ហ៊ុន សែន។
លោកស្រីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមកលើវិស័យជាច្រើនជាពិសេសលើការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ដូចជាអនុញ្ញាតឱ្យនាវា Wasterdam ចូលចតនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាជន ដែលជាប់នៅលើនាវាដោយប្រទេសដទៃទៀត មិនអនុញ្ញាតឱ្យចូលចតដោយសារបញ្ហាជំងឺកូវីដ ១៩ នោះ។
ហ្វេសប៊ុកបន្តថា៖ «លោកស្រីក៏បានជម្រាបជូន សម្តេចតេជោអំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ដែលរួមមានទាំងការលុបបំបាត់បំណុលរបស់កម្ពុជា កិច្ចសហប្រតិបត្តិការលើប្រេង និងឧស្ម័ន និងការវិនិយោគរបស់សហរដ្ឋអាមេរិកលើបញ្ហាទឹក បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតង និងបញ្ហាដទៃទៀតជាច្រើន»។
ជាការឆ្លើយតប លោក ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយចំពោះអ្វីដែលលោកស្រីបានលើកឡើង និងអ្វីដែលសហរដ្ឋអាមេរិកបានចូលរួមចំណែកជួយដល់កម្ពុជា រួមមានការចូលរួមចំណែក ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ការចូលរួមចំណែកអភិវឌ្ឍកម្ពុជារហូតមកដល់ពេលនេះ និងការចូលរួមចំណែករបស់សហរដ្ឋអាមេរិក ជួយដល់កម្ពុជាដោយផ្ទាល់ និងដោយប្រយោល តាមរយៈអង្គការ WHO ក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាតកូវីដ ១៩។
លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់លោកស្រី Sherman ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលនេះ ជាពិសេសអ្វីដែលលោកស្រីបានលើកឡើង ដូចជាការដោះស្រាយបំណុល។
លោក ហ៊ុន សែន បានស្នើឱ្យសហរដ្ឋអាមេរិក ជាពិសេសលោកប្រធានាធិបតី Joe Biden ពិនិត្យពិចារណា ដោះស្រាយបំណុល ដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេភាគី៖ ទី១- អនុញ្ញាតឱ្យកម្ពុជាសងប្រាក់បំណុលនេះតាមកម្មវិធីឡើងវិញបន្តិចម្ដងៗ ទី២- សងបំណុលតាមកម្មវិធីដែលមាន ការប្រាក់មិនលើសពី ១ ភាគរយ និងទី៣- បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកគឺសំណងចំនួន ៧០% ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។
លើសពីនេះទៅទៀតលោក ហ៊ុន សែន ក៏សូមស្នើឱ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការលើការបញ្ជូនជនជាតិកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាវិញផងដែរ។
បន្ទាប់ពីជំនួបនោះ ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានចេញសេចក្ដីប្រកាសព័ត៌មានផងដែរដោយបញ្ជាក់ថា លោកស្រី Sherman បានលើកឡើងពីបញ្ហាផ្សេងទៀត ដូចជាជំនួយរបស់សហរដ្ឋអាមេរិកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងការផ្ដល់ជំនួយថ្មីៗនេះ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
ក្រសួងការបរទេសអាមេរិកថ្លែងថា៖ «លោកស្រីក៏បានកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយកម្ពុជាក្នុងការអនុវត្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើប្រទេសកូរ៉េខាងជើង ការគាំពារកុមារ ការរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ការរុករកអដ្ឋិធាតុទាហានអាមេរិក បាត់ខ្លួននៅកម្ពុជា ការដោះមីន ការអប់រំលើសុខភាពសាធារណៈ និងផលប្រយោជន៍រួមផ្សេងទៀត»។
យ៉ាងណាក៏ដោយ លោកស្រីក៏បានលើកឡើងនូវប្រធានបទក្ដៅមួយចំនួនទៀតផងដែរដូចជា ការសង្ស័យថាមានវត្តមានយោធាចិននៅកម្ពុជា និងការសាងសង់មូលដ្ឋានទ័ពរាម។
លោកស្រីសាកសួរពីការរុះរើអគារដែលសហរដ្ឋអាមេរិកបានផ្ដល់ជំនួយជួសជុល និងបញ្ជាក់ថា បើមានវត្តមានមូលដ្ឋានយោធាចិននៅកម្ពុជា និងធ្វើឱ្យកម្ពុជាបាត់បង់ឯករាជភាព ប៉ះពាល់ដល់សន្តិសុខតំបន់ និងប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក។
លើសពីនេះទៀត លោកស្រីក៏បានថ្លែងពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ លម្ហសង្គមស៊ីវិល និងនយោបាយសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៣។ បើតាមក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Sherman ក៏បានជួបជាមួយលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ និងតំណាងអង្គការសង្គមស៊ីវិលផងដែរ។
យ៉ាងណាក៏ដោយ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ពេលវេលានេះជាពេលវេលាដែលត្រូវស្ថាបនាឡើងវិញនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ ដូច្នេះការលើកឡើងអំពីករណីលោក កឹម សុខា សិទ្ធិមនុស្ស ការសង្ស័យនានានៅពេលនេះមិនមានផលចំណេញនេះទេ គឺបានត្រឹមចាក់ទឹកត្រីទៅលើរបួសប៉ុណ្ណោះ។
លោកថ្លែងដូច្នេះថា៖ «ពេលវេលានេះគួរតែជាពេលវេលាដែលប្រទេសទាំង ២ គួរជួសជុលទំនាក់ទំនងស្ដារទំនុកចិត្តឡើងវិញ ជាជាងការយកបញ្ហាក្ដៅមករំឭកឡើងវិញទេ ព្រោះវាបានត្រឹមធ្វើឱ្យឈឺផ្សាហើយគ្មានលក្ខណៈស្ថាបនាដែលធ្វើឱ្យទំនាក់ទំនងប្រទេសទាំង ២ ប្រសើរឡើង»។
លោកថា៖ «ខ្ញុំគិតថា ប្រធានបទសិទ្ធិមនុស្ស ឬករណីលោក កឹម សុខា មិនគួរស្ថិតនៅក្នុងការពិភាក្សាទេ មិនគួរមានប្រធានបទក្ដៅទេ បើយើងគិតមើល ព្រោះវាអត់បានជួយអ្វីដល់ការស្ថាបនាទំនាក់ទំនងនោះទេ។ ប្រធានបទទាំងនេះក្ដៅហើយរសើប បើនៅតែលើកឡើងទៀតបានន័យថា គាត់អត់មានគំនិតស្ថាបនាសម្រាប់ស្ដារទំនាក់ទំនង ឬលើកកម្ពស់ទំនុកចិត្តកើតទេ»៕
វីដេអូ៖