
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្ដើមទទួលពាក្យចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០២១។ ហ៊ាន រង្សី
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឱ្យ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិដាក់ពាក្យស្នើសុំចុះឈ្មោះជា ភា្នក់ងារសង្កេតការណ៍ ដើម្បីចូលរួមតាមដានសង្កេតមើលដំណើរការបោះឆ្នោត សាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០២១។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញផ្សាយនៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១។
ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២១ ដែលត្រូវរៀបចំឡើងនៅក្នុងរាជធានី ខេត្តទាំង ២៥ ដោយក្នុងរាជធានី-ខេត្ត ១ ត្រូវជ្រើសរើសយកឃុំ សង្កាត់ចំនួន ១ និងមានការិយាល័យបោះឆ្នោតចំនួន ២ សម្រាប់ឃុំ ឬសង្កាត់នីមួយៗ តាមការកំណត់របស់ គ.ជ.ប។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២១ ថា គោលបំណងនៃការអនុញ្ញាតឱ្យភ្នាក់ងារ អ្នកសង្កេតការណ៍ ដើម្បីផ្តល់យោបល់ត្រឡប់មកវិញវាមានលក្ខណៈល្អប្រសើរឬ មិនល្អបែបណា។
លោកថ្លែងថា៖ «គ.ជ.ប នឹងពិនិត្យមើលរាល់អ្វីដែលបានកើតឡើង បន្ទាប់ពីការបោះឆ្នោតសាកល្បងតាមប្រព័ន្ធបច្ចេកវិទ្យានេះ ទាំងការអនុវត្តជាក់ស្តែង និងការចូលរួមរបស់គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិក្នុងការយកទៅរៀបចំការបោះឆ្នោតផ្លូវការនៅក្នុងឆ្នាំ ២០២២»។
ការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិបានចាប់ផ្តើមពីថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២១ បញ្ចប់ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១៕