ភ្នំពេញៈ ​រយៈពេល​ ៤ ​ខែ ឆ្នាំ ២០២១ ​នេះ អង្គភាព​ CMAC បាន​រំដោះ​ផ្ទៃដី​ចម្ការមីន និង​ចម្ការ​គ្រាប់​សរុប​ចំនួន​ជាង​ ៣៥ ​លាន​ម៉ែត្រការ៉េ ដោយ​រុករកឃើញ និង​កម្ទេចចោល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​សរុប​​បាន​ជាង​ ១៥ ០០០ ​គ្រាប់ និង​ធ្វើការ​​អប់រំ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដល់​ក្រុម​គោលដៅ​បាន​ជិត ៦ ០០០ ​លើក ស្មើនឹង​ជិត​ ២០ ​ម៉ឺន​ខ្នង​ផ្ទះ​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​បានឱ្យដឹងថា លទ្ធផល​ប្រតិបត្តិការ​ក្នុង​រយៈពេល​ ៤ ​ខែ ឆ្នាំ​ ២០២១ ​នេះ អង្គភាព​ CMAC បាន​រំដោះ​ផ្ទៃដី​ចម្ការមីន និង​ចម្ការ​គ្រាប់​សរុប​ចំនួន​ជាង ៣៥ ៦៥២ ០០០ ​ម៉ែត្រការ៉េ ស្មើនឹង​ ៩៤,១៣ ​ភាគរយ នៃ​ផែនការ​ ៤ ​ខែ​​ ឬ​ស្មើនឹង​ ៣១,៣៨ ​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​ ២០២១ ដោយ​រុករក​ឃើញ និង​កម្ទេចចោល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​សរុប​ចំនួន​ ១៥ ៣៤៨ ​គ្រាប់​។

ទន្ទឹមនឹងនេះ មន្ត្រី​អង្គភាព CMAC ក៏បាន​អប់រំ​ការយល់ដឹង​ពី​គ្រោះថ្នាក់​ ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​​ដល់​ក្រុម​គោលដៅ​បាន​ចំនួន​ ៥ ៨១៨ ​លើក​ស្មើនឹង​ ១៩៨ ៧៣៧ ​ខ្នង​ផ្ទះ​។

បើតាម​លោក ហេង រតនា ផ្អែកលើ​លទ្ធផល​ដែល​ទទួលបាន​នេះ CMAC សង្ឃឹមថា ដល់​ចុង​ឆ្នាំនេះ​នឹង​អាច​សម្រេចបាន​លទ្ធផល​ប្រមាណ​ ១១៧ ​គីឡូម៉ែត្រ​ការ៉េ​នៃ​ផែនការ​ដែល​បាន​សិក្សា​។ ​លោក​បន្តថា ដើម្បី​សម្រេច​ផែនការ​នេះ​បាន អង្គភាព​ CMAC ​ត្រូវ​ពឹង​ផ្អែកលើ​ប្រភព​ធនធាន​សមត្ថភាព​ពង្រាយ​កម្លាំង និង​ស្ថានភាព​ជាក់ស្តែង​។

លោក រតនា បន្តថា វឌ្ឍនភាព​រយៈពេល​ ៤ ​ខែ គិត​ចាប់ពី​ខែមករា​ដល់​ខែ​​មេសា ២០២១ អង្គភាព​ CMAC ​សម្រេច​បាន​លទ្ធផល​ប្រកប​ដោយ​ជោគជ័យ​គួរឱ្យ​កត់សម្គាល់ ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ ដែល​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ និង​កិច្ចប្រតិបត្តិការ​របស់​អង្គភាព​ CMAC ​យ៉ាងណាក្តី​។

លោក​ថ្លែងថា​៖ «​ទោះបីជា​បញ្ហា​​កូវីដ​កំពុង​កើតឡើង​យ៉ាង​ខ្លាំងក្លា​ក្នុង​​ប្រទេស​យើង​ក៏ដោយ ប៉ុន្តែ​កិច្ចប្រតិបត្តិការ​របស់ CMAC មិនបាន​ខកខាន​ ឬ​ផ្អាក​នោះទេ បាន​ន័យថា យើង​បាន​អនុវត្ត​ចំ​គោលដៅ​ផែនការ​របស់​យើង​មិន​ថយក្រោយ​ទេ​។ ​

ដោយឡែក​ផែនការ​បន្ត​យើង​ឈរលើ​បន្ទាត់​អាទិភាព​ដែល​យើង​បាន​កំណត់​ហើយ​។ ​អ៊ីចឹង​បើ​ផ្អែកទៅលើ​ប្រភពធនធាន​ដែល​យើង មាន​ជាមួយ​ដៃគូ​ដែល​កំពុង​បន្ត​ប្រតិបត្តិការ​នេះ​គឺ​យើង​មិន​មាន​អ្វី​គួរ​នឹង​ព្រួយបារម្ភ ឬ​ប៉ះពាល់​ដល់​ផែនការ​​ប្រតិបត្តិការ​របស់​យើង​ទេ​»​។

លោក ហេង រតនា បញ្ជាក់ថា មាន​បញ្ហា​ប្រឈម​មួយចំនួន​បានកើតឡើង​ក្នុង​អំឡុងពេល​កូវីដ​ ១៩ ​នេះ ប៉ុន្តែ​បញ្ហា​​ទាំងនោះ​មិន​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រតិបត្តិការ​រុករក​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​នោះទេ​។

លោក​ថា​៖ «​យើង​ប្រឈម​ដូចជា​កម្លាំង​របស់​យើង​មិនអាច​ឈប់សម្រាក​ទៅផ្ទះ​បាន​។ រយៈពេល​ជាង​ ៣ ​ខែ​ហើយ គាត់​សម្រាក​តែ​នៅ​តំបន់​គាត់​ប្រតិបត្តិការ​យើង​អត់​ដឹង​គាត់​ធ្វើដំណើរ​ទៅមក ព្រោះ​ខ្លាច​បញ្ហា​កូវីដ​។ នេះ​ជា​បញ្ហា​ប្រឈម​ ប៉ុន្តែ​វា​មិន​ប៉ះពាល់​ដល់​ប្រតិបត្តិការ ដោយសារតែ​កម្លាំង​របស់​យើង​ឯកភាព​គ្នា និង​មិន​ធ្វើដំណើរ​ច្រើន​ទេ​»​។

ដោយឡែក​លោក ឈុន បូរ៉ា មន្ត្រី​ត្រួតពិនិត្យ​សកម្មភាព​បោសសម្អាត​មីន និង​កម្ទេច​យុទ្ធភណ្ឌ​នៃ​អង្គការ​ដោះមីន​កម្ពុជា ថ្លែង​ថា ក្នុង​រយៈពេល​ជិត​ ៥ ​ខែ ឆ្នាំ​ ២០២១ ​នេះ ក្រុមមន្ត្រី​អង្គការ​ដោះមីន​បាន​រុករក​ឃើញ និង​កម្ទេចចោល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាង​ ២ ​ពាន់​គ្រាប់​។

លោក​ថ្លែងថា​៖ «​គិត​ចាប់ពី​ខែ​ ១ ​ដល់​​ខែ​ ៥ ថ្ងៃទី​ ៣០ ​ហ្នឹង បាន​កម្ទេចចោល​​គ្រាប់​ចំនួន​ ២ ៥២២ ​គ្រាប់​។ អាហ្នឹង​​ចំនួន​សរុប ដែល​យើង​មិនទាន់​បាន​ធ្វើ​ការញែក​ប្រភេទ​វា​នៅឡើយ​»​។

លោក​ ឈុន បូរ៉ា បាន​កត់សម្គាល់ថា ក្នុង​ឆ្នាំ​ ២០២១ ​នេះ ការរកឃើញ​គ្រាប់មីន​មាន​ការឡើង​ខ្ពស់ជាង​ឆ្នាំ​កន្លងទៅ ដោយសារ​តែ​ប្រជាពលរដ្ឋ​បាន​ទៅ​រុករាន​ទន្ទ្រាន​ដីព្រៃ​ដែលមាន​គ្រាប់មីន​ច្រើន ជាពិសេស​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ មាន​ខេត្ត​ឧត្តរមានជ័យ និង​ខេត្តព្រះវិហារ​ជាដើម​។

លោក​បាន​បញ្ជាក់ថា​៖ «​ការទន្ទ្រាន​ដី​ថ្មី ដី​ដែលមាន​មីន​ហ្នឹង ប្រជាពលរដ្ឋ​គាត់​កាប់​រាន​ទៅបាន​ប៉ះ​គ្រាប់​ច្រើន​គាត់​​ថា រង់ចាំ​ប្រតិបត្តិក​រក​ម្ចាត់មីន​ទៅ​​បោសសម្អាត​វា​យូរពេក​។ ​អ៊ីចឹង​ពេលណា​ដែល​គាត់​ឃើញ​គ្រាប់ គាត់​បាន​ខលមក​ខាង​យើង​ដឹង​ទៅ​ជួយ​យក​ជួយ​អ៊ីចឹង​ទៅ​ដើម្បី​បំផ្លាញចោល​»៕