ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ការតម្រង់ទិស​អាទិភាព​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​កើតចេញ​ពី​ការប្រែប្រួល​អាកាសធាតុ ​គឺជា​យុទ្ធសាស្ត្រ​ដ៏សំខាន់​មួយ​ដែល​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ដើម្បី​ធានា​ចីរភាព និង​លើកកម្ពស់​បរិយាប័ន្ន​នៃ​​កិច្ចអភិវឌ្ឍន៍​រយៈពេល​វែង​។

លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​នូវ​ទស្សនៈ​នេះ​ទៅកាន់​កិច្ចប្រជុំ​កំពូល​លើក​ទី​ ២ នៃ​ភាពជា​ដៃគូ​សម្រាប់​ការអភិវឌ្ឍ​បៃតង និង​គោលដៅ​សកល​ឆ្នាំ​ ២០៣០ Partnering for Green Growth and the Global Goals 2030 (P4G) ដែល​រៀបចំឡើង​ដោយ​សាធារណរដ្ឋ​កូរ៉េ​តាម​ប្រព័ន្ធ​វីដេអូ កាលពី​យប់​ថ្ងៃទី​ ៣១ ឧសភា ឆ្នាំនេះ​។

កិច្ចប្រជុំ​កំពូល P4G ត្រូវ​បាន​ធ្វើឡើង​ក្រោម​ប្រធានបទ «​ការលើកកម្ពស់​ការស្តារ​បៃតង​ឡើងវិញ​ប្រកប​ដោយ​បរិយាប័ន្ន​ពី​ជំងឺ​ឆ្លង​កូវីដ​ ១៩»​។ កិច្ចប្រជុំ​នេះ មាន​ការចូលរួម​ដោយ​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ លោក មូន ជេអ៊ីន ព្រម​ទាំង​ប្រមុខរដ្ឋ​​នៃ​ប្រទេស​ដទៃទៀត​ប្រមាណ​ ៦០ ​នាក់ និង​ថ្នាក់ដឹកនាំ​នៃ​អង្គការ​អន្តរជាតិ​នានា​ជាច្រើន​ផ្សេងទៀត​។

លោក​ ហ៊ុន សែន បាន​ថ្លែងថា ជា​ការពិត​ចំពោះមុខ​ប្រទេស​ទាំងអស់​មាន​ភាពចាំបាច់​បំផុត​ក្នុង​ការបង្វែរ​ទិសដៅ​គោលនយោបាយ និង​ធនធាន​ដើម្បី​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាជន ជួយ​រក្សា​លំនឹង​អាជីវកម្ម​ធុរកិច្ច​ដែល​រង​ផលប៉ះពាល់​។ ជាពិសេស​ការស្តារ និង​ជំរុញ​ការងើបឡើង​នៃ​សេដ្ឋកិច្ច​ឱ្យ​បាន​ឆាប់រហ័ស​ដោយ​បង្កើន​ការយកចិត្ត​ទុកដាក់​លើ​ការអភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល និង​ប្រព័ន្ធ​គាំពារ​សង្គម​។ ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​សំដៅ​តភ្ជាប់​ទៅនឹង​ចង្វាក់​ផលិតកម្ម និង​បម្រើ​ដល់​ឧស្សាហកម្ម​ធំៗ និង​លើកកម្ពស់​ទំនើបកម្ម​សេដ្ឋកិច្ច និង​សង្គម​។

លោក​បន្តថា​៖ «​ការតម្រង់ទិស​អាទិភាព​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​សំដៅ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ដែល​កើតចេញពី​ការប្រែប្រួល​អាកាសធាតុ ក៏​ជា​យុទ្ធសាស្ត្រ​ដ៏សំខាន់​មួយ​ដែល​យើង​ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​ផងដែរ​ ដើម្បី​ធានា​ចីរភាព និង​លើកកម្ពស់​បរិយាប័ន្ន​នៃ​កិច្ចអភិវឌ្ឍន៍​រយៈពេល​វែង​របស់​យើង​»​។

លោកនាយក​រដ្ឋមន្ដ្រី​កត់សម្គាល់​ឃើញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គ្រោះមហន្តរាយ​ធម្មជាតិ បាន​កើតឡើង​ក្នុង​តំបន់ និង​ពិភពលោក​ដូចជា​រលក​យក្ស​ស៊ូណាមិ គ្រោះ​ទឹកជំនន់ ខ្យល់ព្យុះ និង​រលកកម្ដៅ​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ និង​កាន់តែ​ញឹកញាប់​ដែល​បាន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​។

លោក​ថា ផ្អែកលើ​និន្នាការ​នេះ បញ្ហា​ពាក់ព័ន្ធ​ការប្រែប្រួល​អាកាសធាតុ​ត្រូវបាន​វាយតម្លៃថា អាចមាន​លទ្ធភាព​ខ្ពស់​ក្នុង​ការនាំ​មក​នូវ​វិបត្តិ​ដ៏ធំ​នាពេល​ខាងមុខ​ជាមួយ​នឹង​ផល​ប៉ះទង្គិច​ដែលមាន​វិសាលភាព និង​ទំហំ​ពិបាក​នឹង​ប៉ាន់ប្រមាណ​បាន​ទៅលើ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ក្នុង​បរិបទ​នេះ ការលើកកម្ពស់​ការស្ដារ​បៃតង​ឡើងវិញ (Green Recovery) គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការទ្រទ្រង់​កិច្ចអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​សម្រាប់​រយៈពេល​វែង ដោយ​ម្យ៉ាង ជួយ​លើកកម្ពស់​ប្រសិទ្ធភាព និង​ភាតរៈ​បរិស្ថាន​នៃ​ការប្រើប្រាស់ និង​ផលិតកម្ម ព្រមទាំង​ជួយ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ដោយ​ធានា​និរន្តរភាព​បរិស្ថាន និង​ពង្រឹង​ភាពធន់​ទៅ​នឹង​អាកាសធាតុ​»​។

«​និង​ម្យ៉ាងទៀត ចូលរួម​ចំណែក​ដ៏សំខាន់​ក្នុង​ការធានា​នូវ​ចីរភាព​នៃ​កិច្ចអភិវឌ្ឍន៍ លើកកម្ពស់​ជីវភាព​រស់នៅ និង​សុវត្ថិភាព​របស់​ប្រជាជន និង​កាត់បន្ថយ​ភាពក្រីក្រ​»​។ នេះ​ជា​ការថ្លែង​បន្ថែម​របស់លោក​ ហ៊ុន សែន​។

លោក​បានលើក​ឡើង​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន​មួយចំនួន​ផងដែរ​ពាក់ព័ន្ធ​នឹង​ប្រធានបទ​នៃ​កិច្ចប្រជុំ​នាពេលនេះ​ដែល​ពិភពលោក​ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​។ ក្នុងនោះ​រួមមាន បន្ត​ជំរុញ និង​គាំទ្រ​គោលការណ៍​សកលភាវូបនីយកម្ម តាមរយៈ​ការបើក​ចំហ​ពាណិជ្ជកម្ម អន្តរជាតិ​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច និង​ប្រកាន់ខ្ជាប់​នូវ​ក្របខ័ណ្ឌ ពហុភាគី​និយម​ក្នុង​ការដោះស្រាយ​បញ្ហា​ក្នុង​គ្រប់​វិស័យ​ជាពិសេស បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​ជាដើម​។

ក្រុម​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច Least Developed Countries Group’s (LDC) ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមមួយ​នៅ​ថ្ងៃទី​ ៣១ ខែឧសភា ឆ្នាំនេះ ដោយ​រំពឹង​លើ​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ទីក្រុង​ក្លាសហ្គោ (Glasgow) ប្រទេស​អង់គ្លេស នាខែ​វិច្ឆិកា​ឆ្នាំនេះ ក្នុង​ការរួមគ្នា​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​។

លោក​ Sonam P. Wangdi ប្រធាន​ក្រុម​អភិវឌ្ឍន៍​តិចតួច LDC ថ្លែងថា​៖ «​ប្រជាជន​របស់​យើង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​រង​ផលប៉ះពាល់​អាក្រក់​បំផុត​ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច ទោះបីជា​រង​ឥទ្ធិពល​តិច​បំផុត​ក៏ដោយ​។ យើង​បាន​ត្រៀមខ្លួន​ ដើម្បី​ជំរុញ​សកម្មភាព​នៃ​ការប្រែប្រួល​អាកាសធាតុ​សកល​ដើម្បី​ថែរក្សា​សហគមន៍​របស់​យើង ប្រកប​ដោយ​ភាពយុត្ដិធម៌ និង​មហិច្ឆតា ដើម្បី​ធានា​នូវ​អនាគត​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ប្រជាជន និង​ភពផែនដី​របស់​យើង​»​។

លោក Park Heung-kyeong ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​កំពូល P4G លើក​ទី​ ២ ​ដែល​រៀបចំ​ឡើង​តាមរយៈ​ប្រព័ន្ធ​អនឡាញ​នា​ថ្ងៃទី ៣០ និង​ ៣១ ខែឧសភា ឆ្នាំ​នេះដែរ​ថា ប្រទេស​កម្ពុជា ​ត្រូវបាន​ផ្តល់ជូន​នូវ​មូលដ្ឋាន​ធនធាន​ធម្មជាតិ​ដ៏សម្បូរបែប ដែលជា​គន្លឹះ​សម្រាប់​សន្តិសុខ​ស្បៀង និង​ការចិញ្ចឹម​ជីវិត​របស់​ប្រជាជន​។ ប៉ុន្តែ​ត្រូវបាន​គំរាមកំហែង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។

លោក​ឯកអគ្គរដ្ឋទូត​ថ្លែងថា​៖ «​ប៉ុន្តែ​វា​ត្រូវបាន​គំរាមកំហែង​ដោយ​ការប្រែប្រួល​លក្ខខណ្ឌ​អាកាសធាតុ​។ ដោយឡែក​ការប្រែប្រួល​លក្ខខណ្ឌ​អាកាសធាតុ បង្ក​ការគំរាមកំហែង​ជា​បន្ត ចំពោះ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅក្នុង​ប្រទេស ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ទន្លេមេគង្គ និង​អាង​ទន្លេសាប​»​។

កិច្ចប្រជុំ​កំពូល P4G ដែល​តំណាងឱ្យ​ដៃគូ​ដើម្បី​កំណើន​ពណ៌​បៃតង និង​គោលដៅ​ពិភពលោក​ឆ្នាំ​ ២០៣០ មាន​គោលបំណង​ពន្លឿន​ដំណោះស្រាយ​លើ​វិស័យ P4G ធំៗ​ទាំង​៥ (​ម្ហូបអាហារ ទឹក ថាមពល ទីក្រុង និង​សេដ្ឋកិច្ច​រាង​ជា​រង្វង់​)​។ កិច្ចប្រជុំ​កំពូល​នេះ គឺជា​វេទិកា​មួយ​ដ៏មាន​សារៈសំខាន់​ក្នុង​ការជជែក​ពី​វិបត្តិ​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​ពិភពលោក​៕