ភ្នំពេញៈ ក្រុមការងារ​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​បញ្ចប់​ការរៀបចំ​សេចក្ដីព្រាង​ដំបូង​នៃ​សេចក្ដី​ព្រាងច្បាប់​ ស្ដីពី​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​កម្ពុជា ដោយ​ក្រុមការងារ​បានដាក់​ទិសដៅ​បន្ត​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​នាពេល​ឆាប់ៗ​ខាងមុខ​ទៀត​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា (​គ.ស.ម.ក​) ថ្លែង​នៅ​ថ្ងៃទី​ ១ ខែមិថុនា​ថា ឥឡូវនេះ​ក្រុមការងារ​បានបញ្ចប់​សេចក្ដី​ព្រាង​ដំបូង ហើយ​កំពុង​ដាក់​ពិភាក្សា​ផ្ទៃក្នុង ដើម្បី​កែសម្រួល​បន្ថែម​។

កិច្ចប្រជុំ​នៅ​ល្ងាច​ថ្ងៃទី​ ៣១ ខែឧសភា ក្រុម​ការងារ​បាន​ពិភាក្សា និង​ផ្ដល់​នូវ​ធាតុ​ចូល​មួយចំនួន​ពី​សមាជិក​សមាជិកា​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដទៃទៀត ទៅលើ​ខ្លឹមសារ​សេចក្ដីព្រាង​ដំបូង​នេះ​។

លោក​បញ្ជាក់ថា​៖ «​ក្រុមការងារ​នឹងធ្វើ​ការសម្អាត​កែសម្រួល​សេចក្ដី​ព្រាង​ច្បាប់​នេះ​បន្ថែមទៀត ក្រោយពី​កិច្ចប្រជុំ​ពិភាក្សា​ផ្ទៃ​ក្នុងនេះ​។ ជា​ទិសដៅ​បន្តទៀត ក្រុមការងារ​នឹង​ពិនិត្យមើល​លទ្ធភាព​ក្នុង​ការពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដទៃទៀត រួមមាន​អង្គការ​សង្គម​ស៊ីវិល ស្ថាប័ន​អន្តរក្រសួង គ្រឹះស្ថានឧត្ដមសិក្សា អ្នក​វិជ្ជាជីវៈ និង​ស្ថាប័ន​តុលាការ​ជាដើម​»​។

លោក ជិន ម៉ាលីន បានឱ្យ​ដឹងថា ដោយសារ​តែ​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ​ក្រុម​ការងារ​កំពុងតែ​ធ្វើការ​ពិចារណា​ក្នុង​ការប្រើប្រាស់​នូវ​យន្តការ ឬ​មធ្យោបាយ​ណាមួយ ដើម្បី​អាចធ្វើ​ការពិភាក្សា​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​បាន លើ​សេចក្ដីព្រាង​នេះ នាពេលខាងមុខ​ឆាប់ៗ​។

បើតាម​លោក​ ម៉ាលីន ក្រុមការងារ​ចង់​បញ្ចប់​ការរៀបចំ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឱ្យបាន​ចប់​ឆាប់ៗ ប៉ុន្ដែ​ការរៀបចំ​បង្កើត​ច្បាប់​នេះ គឺ​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​។ ច្បាប់​នេះ​មាន​សារៈសំខាន់​ហើយ​ពេល​អនុម័ត​ឱ្យ​ប្រើប្រាស់ គឺមាន​វិសាលភាព​គ្របដណ្ដប់​លើ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

យ៉ាងណាក្តី លោកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​ ១ ខែមិថុនា​ថា ក្នុងស្ថានភាព​សិទ្ធិមនុស្ស​បច្ចុប្បន្ន រួមផ្សំ​នឹង​ទិដ្ឋភាព​នយោបាយ ដែល​រដ្ឋ​ត្រូវបាន​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច​ទាំងស្រុង​តែឯង​នោះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មិន​គិតថា ស្ថាប័ន​សិទ្ធិ​មនុស្ស​ថ្នាក់ជាតិ​មួយ​នឹង​ត្រូវបាន​បង្កើតឡើង​ដោយ​អាច​នឹង​អនុលោម​តាម​គោលការណ៍​អន្តរជាតិ ជាពិសេស​គោលការណ៍​ទីក្រុង​ប៉ារីស​ដែល​កំណត់​នូវ​បទដ្ឋាន​ជា​អប្បបរមា​បំផុត​ដែល​ស្ថាប័ន​សិទ្ធិមនុស្ស​ថ្នាក់ជាតិ​មួយ គួរ​មាន​ដំណើរការ ដើម្បី​ទទួល​បាន​ការទុកចិត្ត និង​មាន​ប្រសិទ្ធភាព​នោះឡើយ​។

លោកស្រី​គូសបញ្ជាក់​ថា​៖ «​ចំណុច​សំខាន់បំផុត​នៃ​ស្ថាប័ន​សិទ្ធិមនុស្ស​ថ្នាក់ជាតិ​នេះ ទាមទារ​ចាំបាច់​នូវ​ឯករាជភាព​ពី​រដ្ឋាភិបាល ដើម្បី​អាចឱ្យ​ស្ថាប័ន​នេះ​បំពេញភារកិច្ច ឆ្លើយតប​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​»​។

គ.ស.ម.ក កាលពី​ថ្ងៃទី​ ១០ ខែកញ្ញា ឆ្នាំ​ ២០១៩ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ស្ដីពី​ការបង្កើត​ក្រុមការងារ​រៀបចំ​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​កម្ពុជា​នេះ​។

គ.ស.ម.ក បាន​បញ្ជាក់ថា ស្របតាម​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​សារៈសំខាន់​នៃ​តួនាទី​របស់​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ និង​ស្របតាម​អនុសាសន៍​នៃ​របាយការណ៍​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR) រាជរដ្ឋាភិបាល បានប្រគល់​ភារកិច្ច​ឱ្យ គ.ស.ម.ក ដឹកនាំ និង​សម្របសម្រួល​រៀបចំ​បង្កើត​សេចក្ដីព្រាងច្បាប់​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ទម្រង់ និង​ខ្លឹមសារ​នៃ​ច្បាប់​ជាតិ និង​អន្ដរជាតិ ព្រមទាំង​ពន្លឿន​នីតិវិធី​ដើម្បី​ពិភាក្សា និង​ពិគ្រោះ​យោបល់ ឈានទៅដល់​ការអនុម័ត​។

បើតាម គ.ស.ម.ក សេចក្តី​ព្រាង​ច្បាប់​នេះ​មាន ៧ ​ជំពូក និង ២៧ ​មាត្រា​។ សេចក្ដីព្រាង​ច្បាប់​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ទទួលបាន​កិច្ចសហការ ជាមួយ​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា និង​បណ្ដា​ទូត​បរទេស​ជាច្រើន​ទៀត​ ដើម្បី​ប្រមូល​ធាតុ​ចូល​ក្នុង​ការរៀបចំ​បង្កើត​ស្ថាប័ន​នេះ​៕