ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការក្លែងបន្លំ​ (​ក.ប.ប) ​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​យក​អាល់កុល​ក្លែងក្លាយ​ ឬ​សារធាតុ​មេតាណុល​ជិត ១៨ ​តោន​ទៀត ទៅ​បំផ្លាញចោល​នៅ​ថ្ងៃទី​ ៣១ ខែឧសភា ក្រោយពី​បង្ក្រាបបាន​នៅ​ទីផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។

លោក ផាន អូន អគ្គនាយក ក.ប.ប បាន​ថ្លែង​ខណៈ​កម្ពុជា​កំពុង​ជួបប្រទះ​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ តាម​ការចង្អុល​បង្ហាញ​ពី​លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដោយ​ណែនាំ​ឱ្យ​មន្ត្រី​ក្រោមឱវាទ​ទាំងអស់​បង្កើន​សកម្មភាព​ត្រួតពិនិត្យ​គុណភាព​អាល់កុល ដែល​កំពុង​ចរាចរ​ដាក់លក់ និង​ចែកចាយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។

លោក​ថ្លែងថា​៖ «​ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃទី​ ៣១ ខែ ឧសភា ឆ្នាំ​ ២០២១ មន្ត្រី​អគ្គនាយកដ្ឋាន ក.ប.ប បាន​បន្ត​នាំយក​អាល់កុល​ក្លែងក្លាយ ឬ​មេតាណុល​ប្រមាណ​ជិត​ ១៨ តោន​ ទៅ​បំផ្លាញចោល​នៅ​ទីលាន​ចាក់សំរាម​ដែល​ស្ថិតនៅក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​»​។

លោក ហេង មាលី ប្រធាន​សាខា ក.ប.ប រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា ពិធី​បំផ្លាញចោល​នេះ​ត្រូវបាន​រៀបចំឡើង​ដោយមាន​ការឯកភាព​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី​មន្ត្រីរដ្ឋបាល​ខណ្ឌដង្កោ​ផងដែរ​។

លោក​បន្តថា​៖ «​សារធាតុ​មេតាណុល​ទាំងនេះ​ត្រូវបាន​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ប.ប.ក ត្រួតពិនិត្យ​ និង​រឹបអូស​ពី​តាម​បណ្តា​ឃ្លាំង​ស្តុក​មធ្យោបាយ​ដឹកជញ្ជូន និង​បណ្តា​ឱសថស្ថាន​នានា​ក្នុង​រាជធានី​ភ្នំពេញ​»​។

បើតាម​អគ្គនាយកដ្ឋាន ក.ប.ប អាល់កុល ឬ​អេតាណុល គឺជា​សារធាតុ ដែល​គេ​យកមក​ប្រើសម្រាប់​សម្លាប់​មេរោគ​ពិសេស​ក្នុងដំណាក់កាល​ដែល​ជំងឺ​កូវីដ ១៩ កំពុង​រីករាលដាល​ខ្លាំង ធ្វើឱ្យ​តម្រូវការ​អាល់កុល​មាន​ការកើនឡើង​ខ្ពស់​ជាហេតុ​នាំឱ្យ​មាន​បុគ្គល​ឆ្លៀតឱកាស​មួយចំនួន​បាន​បន្លំ​យក​សារធាតុ​មេតាណុល​មក​លក់​ជូន​ពលរដ្ឋ​ដើម្បី​យកទៅ​សម្លាប់​មេរោគ​ ឬ​ធ្វើជា​សារធាតុ​ផ្សំ​សម្រាប់​ផលិត​ជែល​សម្លាប់​មេរោគ​។

ចំណែក​សារធាតុ​គីមី​មេតាណុល គឺជា​សារធាតុពុល​ដែល​គេ​ច្រើន​ប្រើ​ធ្វើជា​សារធាតុ​សម្រាប់​រំលាយ​។ ការប្រើប្រាស់​មេតាណុល​ធ្វើជា​សារធាតុ​សម្លាប់​មេរោគ មិន​ត្រឹមតែ​មិនមាន​ប្រសិទ្ធភាព​ក្នុង​ការសម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់​ដូចជា​បណ្តាល​ឱ្យ​រលាក​ស្បែក​រលាក​ភ្នែក​ឈឺក្បាល​វិលមុខ​ស្រវាំង ភ្នែក ងងុយដេក បាត់បង់​ស្មារតី ក្អួតចង្អោរ​រំខាន​ដល់​ការរំលាយ​អាហារ ឬ​អាច​បណ្តាល​ឱ្យស្លាប់​បាន​ប្រសិនបើ​យក​ទៅ​លាយ​ជាមួយ​ស្រា​ហើយ​បរិភោគ​លើស​កម្រិត​។

អគ្គនាយកដ្ឋាន ក.ប.ប បាន​អំពាវនាវ​ដល់​អាជីវករ​លក់ដុំ​លក់រាយ ម្ចាស់​ឱសថស្ថាន ម្ចាស់​ផ្សារ​ទំនើប និង​អ្នក​នាំចូល​ផលិតផល​អាល់កុល​ទាំងអស់ សូម​ប្រកបរបរ​អាជីវកម្ម​ប្រកប​ដោយ​ការទទួល​ខុសត្រូវ ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌ និង​សុចរិតភាព​ដោយ​គិតពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ខ្ពស់ជាង​ផលចំណេញ​របស់ខ្លួន​។

អគ្គនាយកដ្ឋាន ក.ប.ប បាន​អំពាវនាវ​ដល់​សាធារណជន ដែល​ជា​អ្នកប្រើប្រាស់​ទាំងអស់​សូម​ពិនិត្យ​ និង​ជ្រើសរើស​ផលិតផល​ដែលមាន​ស្លាក​សញ្ញា និង​ប្រភព​ត្រឹមត្រូវ​ច្បាស់លាស់​មុន​នឹង​សម្រេចចិត្ត​ជាវ​អាល់កុល ឬ​ជែល​យក​មក​ប្រើប្រាស់​ដើម្បី​សម្លាប់​មេរោគ​។

ក្នុងករណី​មាន​សង្ស័យ​ជា យថាហេតុ​ពាក់ព័ន្ធ​នឹង​គុណភាព​អាល់កុល​ ឬ​មាន​ព័ត៌មាន​ពី​ការស្តុក​ទុក ការចរាចរ​ ឬ​ចែកចាយ​អាល់កុល​ក្លែងក្លាយ​សូមឱ្យ​ពលរដ្ឋ​ផ្តល់​ព័ត៌មាន​មក​អគ្គនាយកដ្ឋាន ក.ប.ប តាមរយៈ​លេខ​ទូរស័ព្ទ 023 231 856 / 092 830 856 ផេចហ្វេសប៊ុក​របស់​អគ្គនាយកដ្ឋាន ក.ប.ប www.facebook.com/ccfkh/ ឬ​តាមរយៈ​គេហទំព័រ www.ccfdg.gov.kh/៕