បាត់ដំបងៈ មន្ត្រីខេត្ត​បាត់ដំបង​បានឱ្យដឹងថា សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​បាន​កំពុងតែបន្ត​កើតមាន​នៅក្នុង​តំបន់​ព្រៃ​លិចទឹក​នៃ​បឹង​ទន្លេសាប​ជាច្រើន​ពាន់​ហិកតា ទន្ទឹម​ពេលដែល​អាជ្ញាធរ​មូលដ្ឋាន ខ្វះខាត​ធនធាន និង​សម្ភារ ជា​មធ្យោបាយ​ក្នុង​ការការពារ និង​ការអភិរក្ស​។

លោក សឿម ប៊ុនរិទ្ធិ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តបាត់ដំបង​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣១ ខែ ឧសភា ឆ្នាំ​ ២០២១ នេះ​ឱ្យដឹងថា ក្នុង​រយៈពេល​​ ២ ​ឆ្នាំ​ចុងក្រោយ គឺ​ឆ្នាំ​ ២០១៩ និងឆ្នាំ ​២០២០ មាន​ករណី​ចូល​ទន្ទ្រាន​រាន​យក​ដីព្រៃ​លិច​ទឹក​នៅក្នុង​តំបន់ ៣ ក្នុង​មូលដ្ឋាន​ខេត្តបាត់ដំបង​មាន​សភាព​ខ្លាំង​ជាង​ឆ្នាំៗ​មុន ដែលជា​តំបន់​រាជរដ្ឋាភិបាល​ហាមឃាត់​ដាច់ខាត គឺ​មិនឱ្យ​មាន​ការទន្ទ្រាន​រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​។

លោក​ថា​៖ «​ក្នុង​រយៈពេល​កន្លងមក​នេះ គឺមាន​ចលនា​ពី​ជន​ទុច្ចរិត​ឱ្យ​ពលរដ្ឋ​ចូលទៅ​ទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ ដែល​រដ្ឋបាលខេត្ត​បាន​កត់សម្គាល់​ឃើញថា មាន​ចលនា​ថ្មី​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក គឺ​ចលនា​ឱ្យ​ប្រជាពលរដ្ឋ​ដើរតួ​ជំនួស​ឱ្យ​ម្ចាស់​ដី​ធំ​»​។

លោក​ថ្លែងថា​៖ «​យើង​សួរថា បើ​ប្រជាពលរដ្ឋ​ក្រីក្រ ហេតុអ្វី​បានជា​ទន្ទ្រាន​យក​ដី​រាប់រយ និង​រាប់ពាន់​ហិកតា​បាន បើ​ពលរដ្ឋ​មាន​ត្រឹមតែ​ចបជីក និង ចបកាប់​។ អានេះ សុទ្ធតែ​អាត្រាក់ទ័រ​ហ្នឹង​»​។

លោក ប៊ុនរិទ្ធិ ថ្លែងថា រដ្ឋបាល​ខេត្ត​ក៏​បាន​កសាង​សំណុំ​រឿង និង​បញ្ជូន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ទៅកាន់​តុលាការខេត្ត​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ក្នុងករណី​ទន្ត្រា​ន​រាន​យក​ដីព្រៃ​លិចទឹក​នេះ​មាន​ចំនួន ៦ ​ករណី ​នៅក្នុង​ឆ្នាំ​ ២០២១ នេះ​។

លោក ប៊ុនរិទ្ធី ​បញ្ជាក់​ទៀត​ថា ករណី​ទន្ទ្រាន​រាន​យក​ដីព្រៃលិច​ទឹក​នៅក្នុង​តំបន់​ ៣ មិនមែន​មានតែ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​នោះទេ គឺមាន​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ផ្សេងៗ ដូចជា​សៀមរាប និង​បន្ទាយមានជ័យ ដូច្នេះ​ខេត្ត​ទប់ស្កាត់​តែម្នាក់ឯង​មិន​អាច​ធ្វើ​ទៅ​បាន​នោះទេ លុះត្រាតែ​មាន​កិច្ចសហការ​រវាង​ខេត្ត និង​ខេត្ត​ដែល​ពាក់ព័ន្ធ​។

លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​ថ្លែងថា កន្លងមក​នេះ​រដ្ឋបាលខេត្ត​បាត់ដំបង​បាន​ធ្វើការ​ទប់ស្កាត់ បង្ក្រាប ការទន្ទ្រាន​ដី​រដ្ឋ ជាពិសេស​ដីព្រៃ​លិច​ទឹក ដែល​មាន​ជនឆ្លៀត​ឱកាស​មួយចំនួន​បាន​រំលោភបំពាន​យក ហើយ​រដ្ឋបាលខេត្ត​ក៏បាន​ចេញ​នូវ​សេចក្ដី​ជូនដំណឹង អប់រំ​ផ្សព្វផ្សាយ ដើម្បី​ធ្វើការ​ហាមឃាត់​ប្រជាពលរដ្ឋ​ដែល​រំលោភបំពាន​ដី​រដ្ឋ​ផងដែរ​។

លោក ងួន រតនៈ ថ្លែង​ថា​៖ «​រាល់​ការបង្ក្រាប​បទល្មើស​ទាំងអស់​នេះ រដ្ឋបាលខេត្ត​ក៏មាន​ការលំបាក និង​ជួប​បញ្ហា​ប្រឈម​មួយចំនួន ដោយសារ​​ទីតាំង​ដីព្រៃ​លិចទឹក និង​ដែន​នេសាទ​មាន​ទំហំ​ធំ ហើយ​មន្ដ្រី​មាន​ចំនួន​តិច ខ្វះខាត​ធនធាន​មធ្យោបាយ ថវិកា និង​សម្ភារ​ក្នុង​ការចុះ​ទប់ស្កាត់​»​។

លោក យិន ម៉េងលី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​បាត់ដំបង​ថ្លែងថា ចំពោះ​ករណី​ចូលទៅ​ទន្ទ្រាន​រាន​យក​ដីព្រៃលិច​ទឹក​នៅក្នុង​តំបន់​ ៣ នេះ មិនមែន​ប្រជាពលរដ្ឋ​ធម្មតា​អាចធ្វើ​បាន​នោះទេ គឺជា​ករណី​អ្នកមាន​អំណាច និង​អ្នកមាន​ធនធាន​ជា​អ្នកប្រព្រឹត្ត ដោយបាន​ប្រើប្រាស់​គ្រឿងចក្រ ទៅ​ឈូសឆាយ​។

លោក យិន ម៉េងលី បញ្ជាក់ទៀតថា ករណី​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​បំផុត ដែល​មិន​មាន​ភាពងាយស្រួល​ក្នុង​ការចុះបង្ក្រាប​នោះទេ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​ធម្មតា​គាត់​ចូលទៅ​ទន្ទ្រាន​ដោយ​ប្រើប្រាស់​កាំបិត ពូថៅ និង​សម្ភារ​ផ្សេងទៀត គឺ​ត្រូវ​បាន​សមត្ថកិច្ច​ចុះបង្ក្រាប​ហើយ​។ ដោយឡែក​ចំពោះ​អ្នកមាន​អំណាច និង​មាន​លុយ គឺ​មាន​ការលំបាក ហាក់​មិនសូវមាន​ការយកចិត្ត​ទុកដាក់ និង​បង្ក្រាប​។

យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តបាត់ដំបង​បញ្ជាក់ថា ខេត្តបាត់ដំបង​មាន​ស្រុក​ចំនួន ៤ មាន​ស្រុក​មោងឫស្សី ស្រុក​ឯកភ្នំ ស្រុក​សង្កែ និង​ស្រុក​ថ្មគោល​ស្ថិត​នៅក្នុង​តំបន់​ ៣ ​នៃ​បឹង​ទន្លេសាប​នេះ ដោយ​ក្នុងនោះ ផ្ទៃដី​ដែល​ខូចខាត​ដោយ​ការរំលោភ​ទន្ទ្រាន​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​មោងឫស្សី មាន​ចំនួន ១ ៩៧៧ ហិកតា ភូមិសាស្ត្រ​ស្រុក​សង្កែ​មាន​ចំនួន​ ៦ ៤២៥ ​ហិកតា ភូមិសាស្ត្រ​ស្រុក​ឯកភ្នំ​មាន​ចំនួន ១ ៩៣៨ ហិកតា និង ភូមិសាស្ត្រ​ស្រុក​ថ្មគោល​មាន​ចំនួន​ ៦៥១ ​ហិកតា សរុប​ចំនួន​ ១០ ៩៩២ ​ហិកតា​៕