ពោធិ៍សាត់ៈ អាជ្ញាធរខេត្ត​ពោធិ៍​សាត់បាន​ឲ្យ​ដឹងថា មាន​ករណី​ពុល​ស្រា​ជា​បន្ត​បន្ទប់ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​ចំនួន ៨ នាក់ និង​មាន​ជនរង​គ្រោះ​ជាង ៧៤ នាក់ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ខណៈ​អ្នក​ចែកចាយ​ស្រា​ម្នាក់ នៅ​ក្នុង​ឃុំ ត្រូវបាន​ឃាត់ខ្លួន​យកទៅ​សាកសួរ។

លោក ខាន់ សម្បូរ ជំទប់​ទី១ នៃ​ឃុំ អ​ន្សា​ចំបក់ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២ មិថុនា​នេះ​ថា ហេតុការណ៍​ពុល​ស្រា​នេះ បាន​កើត​ឡើងជា​បន្តបន្ទាប់​ ចាប់តាំងពី​ថ្ងៃទី ២៨ ខែឧសភា ស្ថិតក្នុង​ភូមិ​ចំនួន ៤ នៃ ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​​អ្នកពុល​ទាំងនោះ មាន​អាយុ​ចន្លោះ ពី ៣០ ទៅ ៦០ ឆ្នាំ។

លោកបាន​បន្តថា ជាមួយ​នឹង​ការផ្ទុះ​ករណី​ពុល​ស្រា​នេះ អ្នក​ចែកចាយ​ស្រា​ម្នាក់ ឈ្មោះ ទៀង វណ្ណា អាយុ ៧៥ ឆ្នាំ ​ត្រូវបាន​ឃាត់ខ្លួន ដើម្បី​យកទៅ​សួរនាំ​បន្ត​ ខណៈ​ប្រភព​នៃ​ស្រា​នេះ នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ។

លោក​បញ្ជាក់ថា៖ «យើង​បានប្រកាស​ឲ្យ​អ្នកភូមិ​ទាំង ៧ ភូមិ នៅក្នុង​ឃុំ ផ្អាក​ការចែក​ចាយ​ស្រា​ ដែលមាន​ប្រភព​ពុល​តែមួយ​នេះ​សិន ដើម្បី​កុំ​ឲ្យ​មាន​អ្នកពុល​បន្ថែម​ទៀត។ សមត្ថកិច្ច យើង​ក៏បាន​យក​សំណាកស្រា​ទាំង​នេះ ទៅ​ពិសោធន៍​ដែរ»៕