ពោធិ៍សាត់ៈ បុរស​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​ ​កាលពី​យប់​ថ្ងៃទី ១ មិថុនា​ នៅ​ក្នុងភូមិ​ក្របៅ​ជ្រំ ឃុំ បាក់​ចិញ្ចៀន ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍​សាត់​ ក្រោយ​​ពី​លួច​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ នៅ​វិទ្យាល័យ​សម្តេច​ហ៊ុន សែន​បាក់​ចិញ្ចៀន។

លោក ម៉ូ លីដា ស្នងការរង​ទទួល​ផែន​ការងារ​ នគរ​បាល​ព្រហ្មទណ្ឌ​ នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍​សាត់​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២ មិថុនា​ថា ​ជនរងគ្រោះ ឈ្មោះ ឡាយ សុខា​ន់ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ​ រស់នៅ​ភូមិ​ក្រូចឆ្មារ ឃុំលាជ ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍​សាត់។

ជនរងគ្រោះ​បាន​លួច​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ​ហើយ​ត្រូវ​រថយន្តបុក​ស្លាប់​ ខណៈ​គាត់​ធ្វើដំណើរ​ដោយ​ថ្មើ​ជើងតាម​ថ្នល់​កៅស៊ូនៅ​ប្រហែល​ម៉ោង​ជិត ​១២ ​យប់។

លោក​បាន​និយាយ​តាម​សម្តី​ក្រុម​គ្រូពេទ្យ​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​សម្តេច​ហ៊ុន សែន​បាក់​ចិញ្ចៀនថា បុរសរងគ្រោះ​ម្នាក់នេះ​ ទើបតែ​បញ្ជូន​ចូលក្នុង​ម​ណ្ឌ​ច​ត្តា​ឡី​ស័ក​ បានតែ​ប៉ុន្មាន​ថ្ងៃមុន​កើតហេតុ​ប៉ុណ្ណោះ។

ប៉ុន្តែ​ក្រុមគ្រូ​ពេទ្យ​ ពិនិត្យ​មិនឃើញ​មាន​មេរោគ​កូ​វី​ដ ១៩ នៅក្នុង​ខ្លួន​របស់គាត់​ទេ​ នៅ​ពេល​ដែល​គ្រូពេទ្យ​យក​សំណាក​របស់​​គាត់​ទៅពិនិត្យ​លើក​ដំបូង។

លោក​បន្តថា៖«កាលណា​គាត់​ចូលទៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក ​គឺ​គ្រូពេទ្យ​ត្រូវតែ​វាស់​កំដៅ និង​យក​សំណាក​ទៅពិនិត្យ​ដែលមាន៣ដំណាក់​កាល បើ​អត់​ឃើញ​ទេ​គ្រូពេទ្យ​ឱ្យ​គាត់​ត្រឡប់​ទៅផ្ទះ​វិញ។ តែ​ខ្ញុំ​បាន​សាកសួរ​ប្អូន​របស់​ជនរង​គ្រោះ​ហើយ​ថា​ បង​របស់គាត់​ ធ្វើ​សំណាក​ហើយ​គឺ​អវិជ្ជ​មាន​កូ​វី​ដ»។

លោក វួ​ន ធី នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​បាក់​ចិញ្ចៀន ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី២​មិថុនា​​ថា ជន​រងគ្រោះ​ឈ្មោះ ឡាយ សុ​ខាន់​ នេះ នៅ​អំឡុង​ថ្ងៃទី​៣០​ឬ៣​១ឧសភា​ឆ្នាំ ២០២១ គាត់​បាន​ជិះ​ម៉ូតូ ​ពី​រាជធានី​ភ្នំពេញ​មកលេង​ស្រុក​កំណើត​របស់គាត់​ នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ។

ប៉ុន្តែ​ពេល​ជនរងគ្រោះ​ទៅដល់​ភូមិកំណើត​ គឺ​បងប្អូន​របស់គាត់​បាន​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ ហើយ​អាជ្ញាធរ​បាន​បញ្ជូន​គាត់​ឱ្យទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ​វិទ្យាល័យ​សម្តេច​ហ៊ុន សែន​បាក់​ចិញ្ចៀន។

លោក​បន្តថា ពេល​យក​ជនរងគ្រោះ​ចូលក្នុង​មណ្ឌល​ភ្លាម​ ក្រុម​គ្រូពេទ្យ​ បាន​យក​សំណាក​គាត់​ទៅពិនិត្យ​រក​មេរោគ​កូ​វីដ ១៩ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​រក​មិនទាន់​ឃើញ​ទេ​ ព្រោះ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ​តម្រូវឱ្យធ្វើ​សំណាក៣ដង​ទើប​​បានដឹង​លទ្ធផល។

ចំពោះ​ជនរងគ្រោះ​ទើបតែ​យក​សំណាក​ទៅពិនិត្យ​លើក​ទី១ ក៏​លួច​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​តែ​ម្តង ហើយ​ភ្លាមៗ​នោះ ​ក្រុមគ្រូពេទ្យ​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ បាន​រាយការណ៍​ប្រាប់​លោក​ ដើម្បី​តាម​ចាប់ខ្លួន​មក​ចូលក្នុង​មណ្ឌល​វិញ​ តែ​កម្លាំង​សមត្ថកិច្ច​របស់​លោករ​ក​មិន​ឃើញ​។

លោក​បញ្ជាក់​ថា៖ «នៅ​យប់​នោះ​ យើង​ខំ​ដើររក​ជនរង​គ្រោះ​ដែរ​ តែ​រក​មិន​ឃើញ ដល់​ក្រោយ​មក​ទើប​ពលរដ្ឋ​ប្រាប់ថា​ មាន​ឡាន​បុក​មនុស្ស​ម្នាក់​ស្លាប់។ ពេល​ខ្ញុំ​ទៅ​មើល​សាកសព​ទើប​ស្គាល់​ថា​ ជា​មុខសញ្ញា​តាមរក»។

លោក​ឱ្យដឹង​បន្តថា​ បើតាម​ម្តាយ​ជនរងគ្រោះ​ បាន​ប្រាប់​លោក​ថា ជនរងគ្រោះ ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​បាន​ចំនួន ២ ដង​ហើយ។

គាត់​លួចរត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ប្រហែល​ម៉ោង​ជាង​ ១១ ​យប់​ ថ្ងៃទី​ ១​ មិថុនា​ ហើយ​ដើរ​តាម​ថ្នល់​កៅស៊ូ​ ដែល​ឆ្ងាយ​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ប្រហែល​ជាង​ ២ ​គីឡូម៉ែត្រ​៕