
លោក ខៀវ កាញារីទ្ធ ក្នុងកិច្ចប្រជុំនៅថ្ងៃទី ២ ខែមិថុនា។ រូបថត AKP
ភ្នំពេញៈ ថ្លែងក្នុងកិច្ចប្រជុំកំពូល វិស័យព័ត៌មាន ដែលរៀបចំដោយវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់អភិវឌ្ឍន៍ការផ្សព្វផ្សាយ (AIBD) ស្តីពី "ការកំណត់សាឡើងវិញនូវតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងបទដ្ឋានថ្មី" តាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី ២ ខែមិថុនា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីក្នុងការផ្សព្វផ្សាយព័ត៌មានប្រកបដោយប្រសិទ្ធភាពនៅក្នុងវិបត្តិកូវីដ ១៩។
លោក ខៀវ កាញារីទ្ធ ថ្លែងថាក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ នេះ ទម្លាប់នៃការប្រើប្រាស់បានផ្លាស់ប្តូរ ដោយមានការកើនឡើងនៃការប្រើវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ ព្រោះអង្គភាពសារព័ត៌មាន មានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត។
លោកថ្លែងថា៖ «យើងបានកត់សម្គាល់ឃើញថា មានការវិលត្រឡប់ទៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីវិញ ដែលជាត្រីវិស័យ ដើម្បីស្វែងរកព័ត៌មានប្រចាំថ្ងៃ។ ដូច្នេះយើងត្រូវតែផ្តោតការខិតខំប្រឹងប្រែងរបស់យើងក្នុងការផលិតព័ត៌មាន និងមាតិកាកម្សាន្ត ហើយក្នុងពេលតែមួយត្រូវប្រើមធ្យោបាយប្រាស្រ័យទាក់ទងផ្សេងៗ ដើម្បីផ្សព្វផ្សាយសារជាសាធារណៈ»។
បើតាមលោក ខៀវ កាញារីទ្ធ មានប្រព័ន្ធព័ត៌មានគ្រប់គ្រាន់ គឺអាចផ្តល់នូវការចែករំលែកទិន្នន័យភ្លាមៗ និងឆាប់រហ័ស ដែលវានឹងជួយសម្រួលដល់ការយកចិត្តទុកដាក់ក្នុងការអន្តរាគមន៍ជួយក៏ដូចជា ការឆ្លើយតបបានទាន់ពេលវេលា ជាពិសេសសម្រាប់ប្រជាជននៅតំបន់ដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបន្ថែមថា កូវីដ ១៩ បានបង្ហាញពីកង្វះខាតនៃរចនាសម្ព័ន្ធ និងដំណើរការ ដែលមានប្រសិទ្ធភាពចាំបាច់នៅក្នុងប្រព័ន្ធសង្គមឌីជីថល។ ទន្ទឹមនឹងនេះនិន្នាការកើនឡើងដែលបានបង្ហាញដោយប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនៅក្នុងប្រទេសជាច្រើន ដែលមានតម្លៃថោក សម្រាប់ពលរដ្ឋប្រើប្រាស់ចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្សព្វផ្សាយប្រពៃណីដើម្បីធានាបាននូវនិរន្តរភាព។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា តាមរយៈកិច្ចប្រជុំកំពូលនេះមេដឹកនាំព្រមទាំងអ្នកចូលរួមនឹងមើលឃើញឱកាសពិសេសដែលបង្កើតឡើង ដោយវិបត្តិសេដ្ឋកិច្ចស្វែងយល់អំពីវិធីសាស្ត្រក្នុងភាពជាអ្នកដឹកនាំ និងចែករំលែកចំណេះដឹងអំពីការសម្របខ្លួនដោយការរស់នៅធម្មតាតាមបែបគន្លងថ្មី។
បើតាមការផ្សាយរបស់ក្រសួងព័ត៌មាន កិច្ចប្រជុំកំពូលរយៈពេល ២ ថ្ងៃ ដែលផ្តួចផ្តើមឡើងដោយវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការអភិវឌ្ឍការចាក់ផ្សាយតាមទូរទស្សន៍ (AIBD) មានគោលបំណង ដើម្បីអបអរសាទរ តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការកាត់បន្ថយវិបត្តិតាមរយៈការយល់ដឹង និងការផ្សព្វផ្សាយព័ត៌មាន និងការកសាងសហគមន៍ និងដើម្បីផ្តល់នូវវេទិកាសម្រាប់ ថ្នាក់ដឹកនាំ ដើម្បីបង្ហាញពីសមិទ្ធផលនានា និងពិភាក្សាអំពីបញ្ហាប្រឈមនៅពេលខាងមុខ៕