ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប.ស.ស.) បានផ្តល់​ថវិកា​សរុប​ប្រមាណ​ជាង ២,២ ​ពាន់​លាន​រៀល​ ទៅ​ដល់​ស្ត្រី​ជា​កម្មការិនី និង​ស្ត្រី​ដែល​មាន​ជីវភាព​ខ្វះខាត​ជាង​ ៥ ០០០ ​នាក់​ ដែល​បាន​ឆ្លងទន្លេ សម្រាប់​ខែឧសភា​។

របាយការណ៍​របស់ ប.ស.ស. នៅ​ថ្ងៃទី​ ២ ខែមិថុនា បាន​ឱ្យ​ដឹងថា បើទោះបី​ជា​វិបត្តិ​កូវីដ ​១៩ នៅតែ​បន្ត​អូសបន្លាយ​យ៉ាងណា​ក៏ដោយ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​យកចិត្ត​ទុកដាក់​ខ្ពស់ គិតគូរ​ពី​តម្រូវការ​សង្គម និង​ជីវភាព​​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

របាយការណ៍​នេះ​បញ្ជាក់ថា​៖ «​ក្នុង​ខែ​ឧសភា ឆ្នាំ​ ២០២១ ថវិកា​សរុប​ជាង ២,២ ​ពាន់​លាន​រៀល ដែល​ជា​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​បាន​ផ្តល់​ជូន​ស្ត្រី​ដែល​ជា​សមាជិក ប.ស.ស. ដែល​បាន​សម្រាលកូន​ចំនួន ៥ ៤៨០ ​នាក់ មានកូន​ចំនួន ៥ ៥៣៣ ​នាក់​»​។

លោក អ៊ុក សមវិទ្យា អគ្គនាយក ប.ស.ស. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែងថា​៖ «​អ្វីដែល​យើង​ត្រូវធ្វើ​បន្តទៅទៀត គឺ​ការទទួល​ខុសត្រូវ​របស់​យើង​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ ទោះបី​ជា​ស្ថិត​ក្នុង​លំដាប់​ណាក៏ដោយ​។ យើង​ជា​អ្នកទទួល​ខុសត្រូវ​ជា​អ្នក​គ្រប់គ្រង​ចាត់ចែង​ការងារ បំពេញភារកិច្ច​ប្រកប​ដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ផ្តល់​សេវា​របប​សន្តិសុខ​សង្គម​ជូន​បងប្អូន​កម្មករ​និយោជិត​ជា​សមាជិក ប.ស.ស. បាន​ទាន់ពេលវេលា​»​។

បើតាម​របាយការណ៍​របស់ ប.ស.ស. កម្មការិនី​ទាំងអស់​ដែល​បម្រើការ​នៅតាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែល​បានប្រកាស​បង់​ភាគទាន​មកកាន់ ប.ស.ស. យ៉ាងតិច​ ៩ ​ខែ​ក្នុង​រយៈពេល ១២ ​ខែ គិត​មកដល់​ខែ​សម្រាលកូន​នឹង​ទទួលបាន​ការឈប់​សម្រាក​ពី​ការងារ​រយៈពេល​ ៩០ ​ថ្ងៃ រួម​ជាមួយ​ប្រាក់​បំណាច់​ប្រចាំថ្ងៃ ៧០% បន្ថែម​ទៀត​ពី​ ប.ស.ស. ព្រមទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត​។

រាជរដ្ឋាភិបាល​តាមរយៈ​ ប.ស.ស. បានផ្តល់​ប្រាក់ឧបត្ថម្ភ​បន្ថែម​ដល់​ស្ត្រី​កម្មការិនី សម្រាលកូន​ចាប់តាំងពី​ថ្ងៃទី ១ ខែមករា ឆ្នាំ​ ២០១៨ ក្នុងនោះ​រួមមាន​សម្រាលកូន​ម្នាក់​ទទួល​បាន ៤០០ ០០០ ​រៀល​, សម្រាល​កូនភ្លោះ​ ២ ​នាក់​ទទួលបាន ៨០០ ០០០ ​រៀល និង​សម្រាល​កូនភ្លោះ​ ៣ ​នាក់​ទទួល​បាន ១ ២០០ ០០០ ​រៀល​រួម​នឹង​ប្រាក់​ឧបត្ថម្ភ​បន្ថែមចំនួន ៥ ​លាន​រៀល​ពី​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។

ក្នុង​ឆ្នាំ​ ២០២០ រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង ៣២ ៤១២ ​លាន​រៀល ក្នុងនោះ​មាន​ស្ត្រី​សម្រាលកូន​ចំនួន ៨០ ៤៩៩ ​នាក់​ ដែល​កូន​មាន​ចំនួន ៨១ ០៣១ ​នាក់​៕