ពោធិ៍សាត់ៈ អាជ្ញាធរខេត្ត​ពោធិ៍សាត់​បាន​ឱ្យ​ដឹងថា មាន​ករណី​ពុល​ស្រា​ជា​បន្តបន្ទាប់ ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ស្លាប់​ចំនួន ៨ ​នាក់ និង ៧៤ ​នាក់ ទៀត ត្រូវ​បាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណៈ​អ្នក​ចែកចាយ​ស្រា​ម្នាក់ នៅក្នុង​ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ ត្រូវបាន​ឃាត់ខ្លួន​យកទៅ​សាកសួរ​។

ហេតុការណ៍​ពុល​ស្រា​នេះ​បាន​កើតឡើង​ជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃទី​ ២៨ ខែឧសភា ស្ថិតក្នុង​ភូមិ​ចំនួន​ ៤ នៃ​ឃុំ​​អន្សាចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ដែល​អ្នកពុល​ទាំងនោះ​ត្រូវ​បាន​រាយការណ៍​មក​ថា មាន​អាយុ​ចន្លោះ ពី ៣០ ទៅ ៦០ ​ឆ្នាំ​។

លោក ខាន់ សម្បូរ ជំទប់​ទី​១ ឃុំ ​អន្សាចំបក់ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២ មិថុនា​ថា ស្រា​ដែល​មាន​សារធាតុ​ពុល​នេះ​ត្រូវ​បាន​ចែកចាយ​ពី​ប្រភព​តែមួយ ទៅកាន់​តូប​លក់ដូរ​នានា​នៅ​តាម​ភូមិ​។

លោក​បន្តថា នៅពេល​ជនរងគ្រោះ បាន​ទិញ​ស្រា​ទាំងនេះ បរិភោគ ក៏​បណ្តាល​ឱ្យ​ពួកគាត់ មាន​អាការ​ទន់ដៃ​ទន់ជើង​ ខ្សោយ​អស់កម្លាំង និង​មាន​អាការ​​ថប់ដង្ហើម​។

លោក​បាន​រៀបរាប់​ថា​៖ «​ផ្ទុះ​ដំបូង​កើតចេញ​ពី​ភូមិ​សានស ដោយ​ពលរដ្ឋ ដែល​បាន​ផឹកស្រា​នេះ​រួចហើយ ពួកគាត់​មាន​អាការ​មិន​ស្រួល​ក៏​ទៅ​ពេទ្យ ហើយ​បន្ទាប់មក​ក៏​ទទួល​បាន​ព័ត៌មាន​ថា មាន​ពលរដ្ឋ​ដទៃទៀត មាន​អាការ​បែបនេះ​បន្តបន្ទាប់​នៅ​ភូមិ​ ៣ ​ផ្សេងទៀត​»​។

តាម​តួលេខ​បឋម ដែល​លោកស្រង់បានគិត​ត្រឹម​រសៀល​ថ្ងៃទី ២ មិថុនា គឺមាន​អ្នកស្លាប់ ចំនួន ៨ នាក់ និង​រងគ្រោះ ដល់​ទៅ ៧៤ ​នាក់ ខណៈ​អ្នកខ្លះ​មាន​អាការ​ល្អប្រសើរ បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​មាន​អ្នក​ខ្លះទៀត​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ កំពុង​បន្ត​សង្គ្រោះបន្ទាន់​។

បើតាម លោក ខាន់ សម្បូរ ករណី​ពុល​ស្រា​នេះ អ្នក​ចែកចាយ​ស្រា​ម្នាក់​ឈ្មោះ ទៀង វណ្ណា អាយុ ៧៥ ឆ្នាំ​ ត្រូវបាន​ឃាត់ខ្លួន ដើម្បី​យកទៅ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ខណៈ​ប្រភព​នៃ​ស្រា​នេះ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។

លោក​បញ្ជាក់ថា​៖ «​មន្ត្រី​ជំនាញ​កំពុង​បន្តការងារ​។ យើង​ក៏បាន​ប្រកាស​ឲ្យ​អ្នកភូមិ​ទាំង ៧ ភូមិ​នៅក្នុង​ឃុំ​ដែល​ទទួល​ចែកចាយ​ស្រា​ពី​បុគ្គល​នេះ ផ្អាក​ការចែកចាយ​អស់ហើយ​ដែរ ដើម្បី​កុំឲ្យ​មាន​អ្នកពុល​បន្ថែមទៀត​»​។

លោក​ អ៊ឹង គឹមលាង​អភិបាលរង​ខេត្តពោធិ៍សាត់​ដែល​ទទួល​បន្ទុក​កិច្ចការ​នេះ និង​លោក ថេត សុវត្ថិធី នាយប៉ុស្តិ៍​អន្សារចំបក់​នៅ​ថ្ងៃទី​ ២ ខែមិថុនា​ បាន​និយាយ​យ៉ាងខ្លី​ដូចគ្នា​ថា សមត្ថកិច្ច​ជំនាញ​កំពុង​បូកសរុប​របាយការណ៍​នេះហើយ​ចំណាត់​ការបន្ត​នឹង​ត្រូវ​ប្រកាស​ក្នុង​ពេល​ឆាប់ៗ​។

លោក ឡាញ់ ស៊ីធន អតីត​មេឃុំ​អន្សាចំបក់​ដែល​អ្នក​ពុលស្រា​ម្នាក់​បាន​ស្លាប់​នៅក្បែរ​ផ្ទះ​របស់​លោក​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី ២ ​មិថុនា​ថា ភាគច្រើន​អ្នក​ពុលស្រា​នេះ​គឺ​ពួកគាត់​បាន​ទិញ​ស្រា​ពី​តូប​លក់ដូរ​ដែល​នៅក្បែរៗ​ផ្ទះ ដើម្បី​យកមក​បរិភោគ​ជុំគ្នា​។

លោក​បន្តថា​៖ «​តាម​ព័ត៌មាន​ដែល​ខ្ញុំ​ដឹង គឺ​ពួកគាត់​ជួបជុំគ្នា​ផឹកស៊ី ២ ទៅ​ ៣ នាក់ ហើយ​អ្នកខ្លះ​ក៏​ទិញ​ផ្សេងៗ​គ្នា​ទៅ​ផឹក​ទៅ​ក៏​ពុល​ទៅ​។ ស្រា​ទាំងនេះ​ពួកគាត់​ទិញ​ពី​ក្នុងភូមិ​ហើយ​អ្នកភូមិ​ទិញ​បន្ត​ពី​អ្នកលក់​បន្តទៀត ហើយ​បើ​ខ្ញុំ​ដឹង គឺ​ស្រា​នេះ បិត​នៅក្នុង​ឃុំ​ហ្នឹងឯង តែ​ខ្ញុំ​មិន​បានដឹង​ទីតាំង​ច្បាស់​នោះទេ​»​។

លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២ មិថុនាថា អគ្គនាយកដ្ឋាន​បាន​ចាត់​មន្ត្រី​ឲ្យ​ចុះ​ទៅយក​គំរូ​សំណាក​ស្រា​នេះ ដើម្បី​យកមក​ធ្វើ​ពិសោធន៍​ហើយ​។

លោក​បន្តថា បន្ទាប់ពី​ចេញ​លទ្ធផល​ថា ស្រា​នេះ​មាន​សារធាតុ​ពុល នោះ​អ្នកពាក់ព័ន្ធ​នឹង​ត្រូវ​កសាង​សំណុំរឿងបញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​អំពាវនាវ​ច្រើន​ហើយ ឲ្យ​ពលរដ្ឋ​កុំ​បរិភោគ​ស្រាស​ ឬ​ស្រាថ្នាំ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ហើយ​អ្នក​ផលិត​ក៏ត្រូវ​ស្វែងរក​វត្ថុ​ធាតុដើម ដែល​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែរ​។ តែបើ​ករណីនេះ​នៅ​តែ​កើតមាន ដូច្នេះ​បើ​យើង​រកឃើញថា ស្រា​មាន​សារធាតុពុល​នោះ​យើង​នឹងមាន​ចំណាត់ការ​តាមច្បាប់​»​។

លោក ផាន អូន ក៏​នៅតែ​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ចំពោះ​អ្នក​ផលិត​ក៏​ត្រូវ​តែ​ផលិត​ស្រា ឲ្យ​ស្រប​តាម​លក្ខណៈ​ដែល​ក្រសួង​កំណត់ និង​អាច​ស្វែងរក​ការប្រឹក្សា​យោបល់​បាន​គ្រប់ពេល​ជាមួយ​មន្ត្រី បើ​មាន​ករណី​សង្ស័យ​ណាមួយ ដែល​កើតមាន​ឡើង​ចំពោះ​បញ្ហា​ស្រា​នេះ​។

ក្នុង​រយៈពេល​ចាប់ពី​ឆ្នាំ​ ២០១៦ ដល់​ឆ្នាំ​ ២០២០ មាន​កើតឡើង​ករណី​ពុល​ស្រាស​ជា​បន្តបន្ទាប់​ចំនួន ០៤ ​លើក​នៅ​ខេត្តពោធិ៍សាត់ ក្រចេះ បន្ទាយមានជ័យ និង​កំពង់ឆ្នាំង ដែល​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​ ២៨ ​នាក់​បាន​ស្លាប់ និង​មាន​ជនរងគ្រោះ​រាប់រយ​នាក់​។

បន្ថែម​ពីនេះ គ្រាន់តែ​ក្នុង​ខែឧសភា មាន​ករណី​ពុល​ស្រា​ចំនួន ២ ​ករណី​ផ្ទួនៗ​បាន​កើតឡើង​នៅ​ខេត្តកំពត និង​ខេត្តកណ្តាល​បាន​បណ្តាល​មនុស្ស ២២ នាក់ ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រងគ្រោះ​។

មូលហេតុ​នៃ​ការពុល​ស្រា​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​រកឃើញថា គឺ​ដោយសារ​តែមាន​លាយ​សារធាតុ​មេតាណុល​ច្រើន​ហួស​លើស​កម្រិត​៕

វីដេអូ៖