
រថយន្តដឹកលើសទម្ងន់ដែលឃាត់បានពីខែឧសភា។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ រថយន្តដឹកលើសទម្ងន់ចំនួន ១៧២ គ្រឿងត្រូវបានចាប់ និងពិន័យជាថវិកាបានជាង ២៤២ លានរៀលក្នុងខែឧសភាឆ្នាំនេះ ដោយចំនួនដឹកល្មើសបានកើនឡើងប្រមាណ ៦ ភាគរយ បើធៀបនឹងខែមេសា ឆ្នាំ ២០២១ កន្លងទៅ ដែលមានចំនួន ១៦១ គ្រឿង។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនចេញផ្សាយកាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំនេះ។
ក្រសួងបញ្ជាក់ថា ផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។
លោក ឈួន វន់ អ្នកនាំពាក្យ និងជាអគ្គនាយកដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីម្សិលមិញថា ករណីដឹកជញ្ជូនលើសទម្ងន់ភាគច្រើនបណ្តាលមកពីម្ចាស់បានកែច្នៃរថយន្តឱ្យអាចផ្ទុកទំនិញបានច្រើន។
លោកបានបន្តថា មួយវិញទៀត ម្ចាស់អាជីវកម្មក៏ដូចជាអ្នកបើកបរមិនបានគោរពច្បាប់ឱ្យបានត្រឹមត្រូវ ហើយតែងតែដាក់ទំនិញលើសទម្ងន់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតពីការខូចខាតផ្លូវថ្នល់ និងគ្រោះថ្នាក់ចរាចរណ៍នោះទេ។
លោក ឈួន វន់ បញ្ជាក់ថា៖ «មានកត្តាមួយចំនួនដែលនាំឱ្យមានគ្រោះថ្នាក់ចរចរណ៍ដូចជា កត្តាបច្ចេកទេសយានយន្តដោយមានការកែច្នៃខុសបច្ចេកទេស ដឹកលើសទម្ងន់ អ្នកបើកបរមិនមានបណ្ណបើកបរ រថយន្តអត់បានមកឆៀកត្រឹមត្រូវ និងលិខិតអនុញ្ញាតអាជីវកម្មជាដើម»។
លោកស្រី លឹម សុខជា ទីប្រឹក្សាជាន់ខ្ពស់អង្គការសម្ព័ន្ធ ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក (CRY) បានថ្លែថា តាមការកត់សម្គាល់ រថយន្តដឹកលើសទម្ងន់នៅតែបន្តកើនឡើងនៅតាមដងផ្លូវនៅក្នុងខែឧសភាកន្លងមកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបើកចរាចរណ៍ឡើងវិញ រួមជាមួយនឹងការយល់ដឹងពីការអនុវត្តច្បាប់របស់អ្នកបើកបរ និងម្ចាស់អាជីវកម្មខ្លះនៅមានកម្រិត។
លោកស្រីបានបន្តថា ម្យ៉ាងទៀតការរឹតបន្តឹងការអនុវត្តច្បាប់របស់សមត្ថកិច្ច ក៏ដូចក្រសួង ស្ថាប័នពាក់ព័ន្ធនៅមានកម្រិតដែលអាចមានហានិភ័យខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ និងខូចខាតទ្រព្យសម្បត្តិផ្សេងៗ។
លោកស្រី លឹម សុខជា ថ្លែងថា៖ «ការកើនឡើងនៃការដឹកលើសទម្ងន់នៅតែបន្តកើតមាន ជាពិសេសក្នុងខែឧសភា ដោយសារការអនុវត្តច្បាប់នៅលើដងផ្លូវនៅមានកម្រិត និងការចូលរួមពីអ្នកបើកបរផងដែរ»។
យ៉ាងណាក្ដី លោកស្រីបានបញ្ជាក់ថា ការកើនឡើងនេះក៏ដោយសារកន្លងមកនេះ សមត្ថកិច្ចមិនសូវបានចុះទៅអនុវត្តច្បាប់ ដោយសាររវល់ចូលរួមការការពារនៃការឆ្លងជំងឺកូវីដ ១៩ ដូចជាការចុះបិទខ្ទប់តំបន់ក្រហមជាដើម។
ចំណែកលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា (AIP) ថ្លែងថា មិនថានៅតែកម្ពុជានោះទេ តែនៅប្រទេសនានាក៏មានករណីដឹកលើសទម្ងន់នេះដែរ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឬបក្ខពួក។
បើតាម លោក គឹម បញ្ញា ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជាបានមានវិធាការគួរឱ្យកត់សម្គាល់ ប៉ុន្តែនៅពេលកំពុងមមាញឹកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ឈ្មួញនានាបានឆ្លៀតយកឱកាសនេះ ដើម្បីបំពានច្បាប់ ជាពិសេសក្នុងខែមេសា និងឧសភាកន្លងមកនេះ គឺមានកើនឡើង។
លោកបានបញ្ជាក់ដែរថា ការដឹកលើសទម្ងន់នេះ វាបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយប្រសិនបើប៉ះពាល់ដល់មនុស្សនឹងបណ្តាលឱ្យស្លាប់ រីឯរថយន្តវិញគឺខ្ទេចខ្ទីហើយថែមទាំងធ្វើឱ្យខូចខាតថ្នល់ទៀតផង។
លោក គឹម បញ្ញា បានថ្លែងថា៖ «ដើម្បីទប់ស្កាត់កុំឱ្យមានរថយន្តដឹកលើសទម្ងន់ទៀត ស្ថាប័នរដ្ឋាភិបាល គួរដំឡើងកម្រិតនៃការផាកពិន័យឱ្យធ្ងន់ធ្ងរជាងមុន និងតម្រូវឱ្យក្រុមហ៊ុនបំពាក់ GPS ឬឧបករណ៍ណាមួយដែលអាចដឹងពីទម្ងន់របស់ខ្លួនឯងគឺម្ចាស់ហ្នឹងមិនអាចប្រកែកបាននោះទេ»៕