កោះកុង/កំពតៈ រដ្ឋបាល​ខេត្តកោះកុង​បានសម្រេច​បិទខ្ទប់​ផ្ទះ​ចំនួន​ ១៤ ​ខ្នង ​ក្នុង​រយៈពេល​ ១៤ ​ថ្ងៃ ដែល​ស្ថិតនៅ​ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខណៈ​ខេត្តកំពត សម្រេច​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ទាំងមូល​រយៈពេល​ ១ ​សប្តាហ៍​​ទៀត​ ដើម្បី​គ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ ​ឱ្យមាន​ប្រសិទ្ធភាព​។

សេចក្តី​ជូនដំណឹង​ចុះ​ហត្ថលេខា​ដោយ​អភិបាលខេត្ត​កោះកុង​លោកស្រី មិថុនា ភូថង ចុះ​ថ្ងៃទី​ ១ ខែមិថុនា បាន​សម្រេច​​បិទខ្ទប់​ផ្ទះ​ចំនួន​ ១៤ ​ខ្នង​ នៅ​ភូមិ​សាលាម្ខាង ឃុំ​បឹងព្រាវ ស្រុក​​ស្រែអំបិល​រយៈពេល ១៤ ​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​ ២ រហូត​​ដល់​ថ្ងៃទី​ ១៦ ខែ មិថុនា ឆ្នាំ ២០២១​។

រដ្ឋបាលខេត្ត​បាន​គូសបញ្ជាក់​​ថា ក្នុងអំឡុងពេល​នៃ​ការបិទខ្ទប់​នេះ​វិធានការ​រដ្ឋបាល​ដែល​ត្រូវអនុវត្ត​រួមមាន ហាមឃាត់​ការធ្វើដំណើរ​ចេញ-ចូល ចំពោះ​ផ្ទះ​ទាំងនោះ លើកលែង​តែ​ក្នុងករណី​ចាំបាច់ និង​ហាមឃាត់​ការធ្វើ​អាជីវកម្ម​លក់ដូរ​ប្រចាំថ្ងៃ​ផងដែរ​។

ក្រៅពីនេះ​រដ្ឋបាលខេត្ត​កោះកុង​ក៏បាន​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល​ទៅ​ទីតាំង​ផ្សេងទៀត​ដោយ​ត្រូវ​រឹតត្បិត​ការធ្វើ​ដំណើរ​ចេញ​-​ចូល ភូមិ​សាលា​ម្ខាង ភូមិ​ផ្លោង ក្នុង​ឃុំ​បឹងព្រាវ ភូមិ​វាលជើង ក្នុង​ឃុំ​ស្រែអំបិល ភូមិ​បាន​ទៀត ក្នុង​ឃុំ​ដងពែង និង​ភូមិ​សារាយ ក្នុង​ឃុំ​ជ្រោយស្វាយ​នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង ។ «​ចំពោះ​ពលរដ្ឋ​​ដែល​រស់នៅ​ទីតាំង​ទាំងនេះ​ត្រូវ​ហាមឃាត់​ការធ្វើដំណើរ​នានា​របស់​ប្រជាជន សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម ដែល​មិនមែន​ជា​តម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ ការជួបជុំ ផ្សារ និង​ទីតាំង​ណា​ដែល​មិន​រៀបរយ និង​មាន​ហានិភ័យ​ខ្ពស់​»​។

បន្ថែម​ពីនេះ ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​វិធានការ​រដ្ឋបាល​លើ​ការធ្វើដំណើរ​ចេញ-ចូល ការប្រកប​មុខរបរ ការបំពេញ​ការងារ​ក្នុង​ភូមិ​តានី ភូមិ​ត្រពាំង​កណ្ដោល ភូមិ​ជីខ​នៃ​ឃុំ​ជីខលើ ភូមិ​តាធង ភូមិ​ដងពែង ភូមិ​ក្រាំង​នៃ​ឃុំ​ដងពែង ភូមិ​បឹងព្រាវ ភូមិ​ជ្រោយ ភូមិ​អូរជ្រៅ នៃ​ឃុំ​បឹងព្រាវ ស្រុក​​ស្រែអំបិល ខេត្ត​កោះកុង​។

ចំពោះ​ការអនុវត្ត​វិធានការ​រដ្ឋបាល​ក្នុងអំឡុង​ពេលនេះ សមត្ថកិច្ច​ត្រូវ​ហាមឃាត់​ការបើក​​ដំណើរការ​សាលារៀន​ (​ទាំង​សាលា​រដ្ឋ និង​ឯកជន​) ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ អាជីវកម្ម ម៉ាស្សា ហាង​លក់​គ្រឿង​ស្រវឹង ខារ៉ាអូខេ រមណីយដ្ឋាន និង​​ការជួបជុំ​ដែល​មាន​មនុស្ស​​កកកុញ​ ឬ​ការជួបជុំ​លើសពី​ ១០ ​នាក់​។ ប៉ុន្តែ​អនុញ្ញាត​ឱ្យធ្វើ​​ចរាចរណ៍​នៅក្នុង​តំបន់​លឿង សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​នានា ការជួបជុំ​ក្នុង​គ្រួសារ និង​ការជួបជុំ​សុំ​រៀបចំ​បុណ្យសព​ប៉ុណ្ណោះ​។

ដោយឡែក​នៅ​ខេត្តកំពត​​ឯណោះ​វិញ លោក ជាវ តាយ អភិបាលខេត្ត​នេះ បាន​សម្រេច​អនុវត្ត​វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​រយៈពេល​ ១ ​សប្តាហ៍​ទៀត​គិត​ចាប់ពី​ថ្ងៃ​ទី​ ២ ខែមិថុនា​តទៅ ដើម្បី​​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​។

តាម​សេចក្តី​ជូនដំណឹង​រដ្ឋបាល​ខេត្តកំពត​បានឱ្យដឹងថា​ «​គ្រប់​ផ្សារ​រដ្ឋ ផ្សារ​ឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ អាជីវកម្មដ្ឋាន​ផ្នែក​អាហារភេសជ្ជៈ អាជីវករ អ្នកលក់ដូរ អ្នក​ចែកចាយ​គ្រឿងស្រវឹង​គ្រប់​ប្រភេទ ត្រូវ​ផ្អាក​រាល់​​ការបម្រើ និង​លក់​គ្រឿង​ស្រវឹង​ជូន​ភ្ញៀវ​រយៈពេល​ ១ ​សប្តាហ៍​​គិត​ចាប់ពី​ថ្ងៃទី​ ២ ដល់​ថ្ងៃទី​ ៩ ​ខែ​មិថុនា ឆ្នាំ​ ២០២១ ក្នុងភូមិសាស្ត្រ​ខេត្តកំពត​»​។

ជាមួយ​គ្នា​នេះដែរ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សកម្មភាព​អាជីវកម្ម​ចំពោះ អាហារដ្ឋាន ភោជនីយដ្ឋាន ហាង​កាហ្វេ​ហាង​ភេសជ្ជៈ និង​ភោជនីយដ្ឋាន​នៅតាម​សណ្ឋាគារ​នៅ​ចន្លោះ​ម៉ោង​ ២០ ដល់​ម៉ោង​ ៥ ​ជា​កំហិត ប៉ុន្តែ​អាច​លក់​អាហារ​វេចខ្ចប់​បាន​។

ចំណែកឯ​នៅ​ខេត្ត​តាកែវ​វិញ លោក​អភិបាលខេត្ត អ៊ូច ភា ចេញ​សេចក្តី​ជូនដំណឹង​ចុះថ្ងៃទី​ ២ ខែមិថុនា ដោយបាន​​សម្រេច​បញ្ចប់​ការបិទខ្ទប់ និង​បើក​ឱ្យ​ដំណើរការ​ផ្សារ​សំរោងយ៉ោង​ឡើងវិញ ព្រមទាំង​ភូមិ​ចំនួន ៤ ស្ថិតនៅ​ឃុំ​ត្រពាំងសាប ស្រុក​បាទី ចាប់ពី​ថ្ងៃទី​ ២ ​មិថុនា នេះ​តទៅ​។

បើតាម​សេចក្តី​ជូនដំណឹង​នេះ ភូមិ​ដែល​ត្រូវបាន​បញ្ចប់​ការបិទខ្ទប់ និង​បើក​ឡើងវិញ រួមមាន ភូមិ​ស្មៅខ្ញី ភូមិ​ចក ភូមិ​ពូនភ្នំ និង​ភូមិ​រលាំងគ្រើល ក្នុង​ឃុំ​ត្រពាំង​សាប ស្រុក​បាទី​៕