ភ្នំពេញៈ ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​ស្នើ​ទៅ​រដ្ឋាភិបាល​បន្ត​ពន្យារពេល​ដាក់ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ ដែល​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ និង​បាន​ស្នើឱ្យ​មាន​ការបន្ថែម​ធាតុ​ចូល​បន្ថែមទៀត ទៅលើ​អនុក្រឹត្យ​ស្តីពី​ប្រាក់​ឈ្នួល ឬ​ប្រាក់បៀវត្សរ៍​ជាប់​ភាគទាន​។

ការស្នើ​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ១ ខែមិថុនា របស់​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម តាមរយៈ​ប្រព័ន្ធ​អនឡាញ (Zoom) ដឹកនាំ​ដោយ​លោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មកពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​។

កាលពី​ឆ្នាំ​ ២០២០ រាជរដ្ឋាភិបាល​បានសម្រេច​ពន្យារពេល​ដាក់​ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​ដល់​ដំណាច់​ឆមាស​ទី​ ១ នៃ​ឆ្នាំ​ ២០២១ បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ត​កាលពី​ឆ្នាំ​ ២០១៩​។

ដើម្បី​បង្កើតបាន​នូវ​បទដ្ឋាន​គតិយុត្ត​គ្រប់គ្រាន់​ក្នុង​ការឈាន​ទៅ​ដាក់​ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន រដ្ឋាភិបាល​ក៏​បាន​រៀបចំ​បង្កើត​អនុក្រឹត្យ​ស្តីពី​ប្រាក់​ឈ្នួល​ ឬ​ប្រាក់​បៀវត្សរ៍​ជាប់​ភាគទាន ដែល​អនុក្រឹត្យ​នេះ​ត្រូវបាន​រៀបចំ និង​ស្នើឡើង​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ថា ដោយ​យោងតាម​ការបន្ត​ប្រឈម​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ជាពិសេស​ឥទ្ធិពល​លើ​ស្ថានភាព​សង្គម សេដ្ឋកិច្ច​នៃ​ព្រឹត្តិការណ៍ ២០ កុម្ភៈ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម បាន​សម្រេច​ថា នឹង​ស្នើសុំ​រាជរដ្ឋាភិបាល ដើម្បី​បន្ត​ពន្យារពេល​ការដាក់ឱ្យ​អនុវត្ត​គោលនយោបាយ​នេះ ដោយ​បន្ត​ការសិក្សា​វាយតម្លៃ​ស្ថានភាព​នៃ​ឥទ្ធិពល​របស់​ជំងឺ​កូវីដ​ ១៩ ​ជាប្រចាំ និង​ជា​បន្តបន្ទាប់​។

ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​បញ្ជាក់ថា​៖ «​កិច្ច​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​ទាំង​ក្នុង​ទិដ្ឋភាព​បច្ចេកទេស និង​ទិដ្ឋភាព​គោលនយោបាយ និង​បាន​ឯកភាពគ្នា​ថា ស្ថានភាព​បច្ចុប្បន្ន​នៅ​មិនទាន់មាន​ភាពអំណោយ​ផល សម្រាប់​ការដាក់ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​នេះ​នៅឡើយ​»​។

បន្ថែម​ពីនេះ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ក៏​បាន​សម្រេច​ផ្តល់​នូវ​ធាតុ​ចូល​បន្ថែម ដើម្បី​ឱ្យ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ប្រាក់​ឈ្នួល ឬ​ប្រាក់បៀវត្សរ៍​ជាប់​ភាគទាន កាន់តែ​មាន​ភាពពេញលេញ មុននឹង​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម អាច​យក​សេចក្ដី​គោរព​ស្នើសុំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល ដើម្បី​ដាក់ចេញ​ឱ្យ​អនុវត្ត​ផងដែរ​។

លោក​ មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹងថា សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ប្រាក់​ឈ្នួល ឬ​ប្រាក់បៀវត្សរ៍​ជាប់​ភាគទាន គឺ​បាន​រៀបចំ​តាក់តែងឡើង​ដោយ​ផ្លាស់ប្តូរ​យោបល់​ទាំង​ក្នុង​ទិដ្ឋភាព​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ក៏​ដូចជា​ទិដ្ឋភាព​បច្ចេកទេស​លើ​ការកំណត់​កម្រិត​ប្រាក់បៀវត្សរ៍ ឬ​ប្រាក់ឈ្នួល​ដែល​ត្រូវ​ជាប់​ភាគទាន សម្រាប់​របប​សន្តិសុខ​សង្គម ទាំង​សម្រាប់​ផ្នែក​សោធន ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​ហានិភ័យ​ការងារ​។

លោក​បន្ថែមថា អនុក្រឹត្យ​នេះ​ក៏​គិតគូរ​ថ្លឹងថ្លែង​នូវ​បន្ទុក​នានា​ដែល​និយោជិត និង​និយោជក​ត្រូវ​បង់ និង​អត្ថប្រយោជន៍​ដែល​កម្មករ និយោជិត និង​បុគ្គល​ក្នុង​វិស័យ​សាធារណៈ​ត្រូវ​ទទួល​បាន​ជា​ការគាំពារ​ក្រោម​ក្របខ័ណ្ឌ គោលនយោបាយ​ជាតិ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ស្ថាប័ន ដែល​ជាប់​ពាក់ព័ន្ធ​ដល់​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​នេះ គួរ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​មុននឹង​ដាក់ឱ្យ​អនុវត្ត ដើម្បី​ជាការ​បង្កើន​ចំណេះដឹង ទាំង​ទៅលើ​គោលការណ៍ និង​ជាពិសេស​ទៅលើ​អត្ថប្រយោជន៍​ដែលជា​ការផ្ដល់​ការ​គាំពារ​ដល់​កម្មករ-និយោជិត ដោយ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​»​។

តាមរយៈ​គោលនយោបាយ​ការគាំពារ​សង្គម ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ គិត​ចាប់ពី​ថ្ងៃទី​ ២៥ មិថុនា ឆ្នាំ​ ២០២០ រហូតដល់​ថ្ងៃទី​ ២៤ ខែឧសភា ឆ្នាំ​ ២០២១ មានគ្រួសារ​ក្រីក្រ និង​ងាយរងគ្រោះ​ដែល​បានមក​ផ្ទៀងផ្ទាត់​ឈ្មោះ និង​ទទួល​ប្រាក់ឧបត្ថម្ភ​ជិត​ ៧ ​សែន​គ្រួសារ ឬ​ស្មើនឹង​សមាជិក​ជាង​ ២ ​លាន ៧ ​សែន​នាក់​។

ក្នុងនោះ​កុមារ​អាយុ​ក្រោម ៥ ​ឆ្នាំ ជន​មាន​ពិការភាព ចាស់ជរា​អាយុ​ចាប់ពី ៦០​ ឆ្នាំ​ឡើង និង​គ្រួសារ​ដែលមាន​សមាជិក​ផ្ទុកមេរោគ​អេដស៍ បានទទួល​ការឧបត្ថម្ភ​ក្រោម​កម្មវិធី​ជំនួយ​សង្គម​ពិសេស​នេះ ដោយ​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ៣២២,៨១ លាន​ដុល្លារ​អាមេរិក​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​លើកឡើង​នៅ​ថ្ងៃទី​ ២ មិថុនា​ថា គោលនយោបាយ​ការគាំពារ​សង្គម​នេះ គឺជា​គោលនយោបាយ​ដែល​ល្អ​មួយ ដែល​អាចជួយ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ឱ្យ​មាន​ភាពល្អប្រសើរ ស្រប​ពេលដែល​មនុស្ស​ចាស់​នៅក្នុង​ប្រទេស​កម្ពុជា កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ខ្វះខាត​ផ្នែក​ជីវភាព​។

ទោះជា​យ៉ាងណា លោក​មើលឃើញ​ថា កិច្ច​គាំពារ​នេះ​ហាក់ដូច​មាន​ភាពយឺត​យ៉ាវ និង​ពន្យារពេល​ក្នុង​ការអនុវត្ត​បន្តបន្ទាប់ បើ​ប្រៀបធៀប​នឹង​គោលនយោបាយ ឬ​ច្បាប់​ផ្សេងៗ​។ លោក​ជំរុញ​ដល់​រដ្ឋាភិបាល គួរ​ពន្លឿន​ការអនុវត្ត​ច្បាប់​នេះ ដើម្បី​បានផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ជាពិសេស​មនុស្ស​ចាស់ ដែល​ភាគច្រើន​ពួកគាត់ គ្មាន​ទីពឹង និង​តែង​ជួប​ការលំបាក​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​ពន្យារពេល​ការអនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​នឹង​កាន់តែ​ធ្វើឱ្យ​ប្រជាពលរដ្ឋ បាត់បង់​ប្រយោជន៍​បន្ត ហើយ​ការទទួល​បាន​អត្ថប្រយោជន៍ ក្នុង​ពេល​ចូលនិវត្តន៍​នេះ គួរតែ​ពន្លឿន​សម្រាប់​ជីវិត​ពួកគាត់​នៅពេល​អនាគត​»៕