ភ្នំពេញៈ ប្រឡាយ​ទួលពង្រ​ ២ ​ប្រវែង​ជាង​ ៦ ​គីឡូម៉ែត្រ ត្រូវបាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​ស្តារឡើងវិញ ចាប់ពី​ដើមខែ​មិថុនា​នេះ ដើម្បី​បញ្ចៀស និង​រំដោះ​ទឹក​ចេញពី​លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​តំបន់​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ទីក្រុង​មួយ​នេះ ដែល​រង​នូវ​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​។

ប្រឡាយ​ទួលពង្រ​ ២ ​នេះ​មាន​បណ្ដោយ​ប្រវែង ៦ ១០០ ​ម៉ែត្រ​ចាប់ផ្តើម​ចេញពី​ផ្លូវជាតិ​លេខ​ ៣ ឆ្លងកាត់​សង្កាត់​ចោមចៅ​ទី​១ សង្កាត់​ចោមចៅ​ទី​២ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ និង​ឆ្លងទៅ​សង្កាត់​ព្រៃស​ទម្លាក់​ទៅ​ស្ពាន​ព្រែកហា​។

លោក​ ដួង ចាន់សារ៉ាត់ ប្រធាន​អង្គភាព លូទឹក-បូមទឹក​នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២ ខែមិថុនា ថា ដំណើរការ​ស្តារ​ប្រឡាយ​ទួលពង្រ​ ២ ​នេះ​ នឹង​ចំណាយពេល​ចំនួន​ ២ ​ខែ គិត​ចាប់ពី​ដើមខែ​មិថុនា​នេះ រហូត​ដល់​ខែសីហា ដែល​នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ​។

លោក​ប្រាប់ថា​៖ «​ទោះបីជា​រាជធានី​ភ្នំពេញ​យើង​បាន​កំពុងតែ​មាន​ការមមាញឹក​ក្នុង​ការទប់ស្កាត់​នូវ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​យ៉ាងណា​ក៏ដោយ ក៏​ការងារ​ស្ដារ​ប្រឡាយ​នេះ​នៅ​តែ​ធ្វើ​បន្ត​រហូត ដើម្បី​ការពារ និង​បញ្ចៀស​នូវ​ទឹកជំនន់​ដែល​បណ្តាល​មកពី​ទឹកភ្លៀង ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។ នៅពេល​ដែល​ប្រឡាយ​ទួលពង្រ​ ២ ​នេះ​ស្តារ​រួចរាល់​ហើយ​នឹង​ជួយ​ប្រជាពលរដ្ឋ​យើង​នៅ​តំបន់​នេះ​បាន​ច្រើន​»​។

លោក​ ចាន់សារ៉ាត់ បានឱ្យដឹង​ទៀតថា បន្ទាប់ពី​បញ្ចប់​ការស្តាយ​ប្រឡាយ​ទួលពង្រ​ ២ ​នេះ អង្គភាព​លូទឹក-បូមទឹក នឹង​បន្តធ្វើ​ការស្តារ​ប្រឡាយ និង​ដាក់លូ​នៅ​ម្តុំលូ៥ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលមាន​ប្រមាណ​ជា​ ២ ​គីឡូម៉ែត្រ​។

សកម្មភាព​គ្រឿងចក្រ​ស្តារ​ប្រឡាយ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ពីថ្ងៃ​ទី​ ១៨ មីនា​។ហេង ជីវ័ន

លោក​បញ្ជាក់ថា​៖ «​យើង​មិនអាច​ទាន់​កំណត់​បាន​នៅឡើយ​ថា តើ​រាជធានី​ភ្នំពេញ​យើង អាច​នឹង​លែង​ជួប​នូវ​ជំនន់​ទឹកភ្លៀង​ពេលណា​ ឬ​ឆ្នាំ​ណា​នោះទេ​។ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ បាននិង​កំពុង​តែ​ធ្វើការ​ដោះស្រាយ​នូវ​បញ្ហា​នេះ​ជា​បណ្តើរៗ ស្រប​ពេលដែល​ទីក្រុង​ភ្នំពេញ​យើង​ក៏​កំពុងតែ​មានការ​អភិវឌ្ឍ​ច្រើន​ផងដែរ​»​។

បើតាម​លោក​ ដួង ចាន់សារ៉ាត់ ប្រឡាយ​ទួលពង្រ​ ២ ​នេះ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការរំដោះ​ទឹក កាត់បន្ថយ​ការលិចលង់ លំនៅឋាន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍សែនជ័យ និង​ផ្នែក​ខ្លះ​នៃ​ខណ្ឌដង្កោ​។ តំបន់​ទាំងនេះ​បាន​ទទួល​រង​នូវ​ការលិចលង់​ដោយ​ទឹកជំនន់​ទឹកភ្លៀង​យ៉ាងធ្ងន់ធ្ងរ កាលពី​ឆ្នាំ​ ២០២០ ​កន្លងមក​។

កាលពី​ខែកុម្ភៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សិក្សា​កែលម្អ​ប្រព័ន្ធ​លូ ប្រឡាយ​បង្ហូរទឹក​កខ្វក់ និង​ទឹកភ្លៀង​ក្នុង​ភូមិសាស្ត្រ​នៃ​បណ្ដា​ខណ្ឌ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បញ្ចៀស​ទឹកជំនន់ ដែល​អាច​កើតឡើង​នៅ​រដូវវស្សា ហើយក៏​នឹង​មាន​ការបន្ថែម​ស្ថានីយ​បូមទឹក​ថ្មី​ ១ ​កន្លែង នៅ​ភូមិ​ទួលពង្រ សង្កាត់​ចោមចៅ​ ២ ខណ្ឌ​ពោធិ៍សែនជ័យ ផងដែរ​។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ បានថ្លែង​នាពេលនោះ​ថា ស្ថានីយ​បូមទឹក​ថ្មី​ ១ កន្លែង​ទៀត​នឹង​ត្រូវ​សាងសង់​នៅ​ភូមិ​ទួលពង្រ សង្កាត់​ចោមចៅ​ទី​ ២ ខណ្ឌ​ពោធិ៍សែនជ័យ ដែលមាន​ឈ្មោះថា «​ស្ថានីយ​បូមទឹក​ទួលពង្រ​»​។ មន្ត្រី​ជំនាញ​ក៏​នឹង​ជីក​ស្តារ​ប្រឡាយ​បង្ហូរទឹក ដាក់​លូ​ជ្រុង​ឱ្យមាន​ទំហំ​ទទឹង ៨ ​ម៉ែត្រ នៅ​ទីតាំង​ចាំបាច់​ផងដែរ ដើម្បី​សម្រួល​ចរន្តទឹក​ឱ្យ​ហូរ​បាន​ប្រសើរ​ជាង​មុន​។

លោក​បញ្ជាក់ថា​៖ «​ស្ថានីយ​បូមទឹក​ទួល​ពង្រ​នេះ​មាន​ម៉ាស៊ីន​បូមទឹក​ចំនួន​ ៣ ​គ្រឿង ​ដែល​អាច​រំដោះ​ទឹកបាន​នៅ​តំបន់​ទួលពង្រ ត្រពាំង​ថ្លឹង និង​តំបន់​ជុំវិញ​។ គម្រោង​នេះ​អាច​នឹង​បើក​ការដ្ឋាន​នៅ​ចុងខែ​កុម្ភៈ​នេះ ហើយ​គ្រោង​បញ្ចប់​នៅក្នុង​ខែ​សីហា ឆ្នាំ​ ២០២១ បើសិន​យើង​មាន​ថវិកា​គ្រប់គ្រាន់​»៕