The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គជប និង​ក្រសួង​មហាផ្ទៃ​ ណែនាំ​អាជ្ញាធរ​ពាក់ព័ន្ធ​អំពី​ការត្រៀម​ពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ




គជប និង​ក្រសួង​មហាផ្ទៃ​ ណែនាំ​អាជ្ញាធរ​ពាក់ព័ន្ធ​អំពី​ការត្រៀម​ពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ

Content image - Phnom Penh Post
លោក​ ស៊ិក ប៊ុនហុក (​កណ្តាល​) ចុះ​ពិនិត្យ​បន្ទប់​បោះឆ្នោត​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០១៨​។ ហេង ជីវ័ន

គជប និង​ក្រសួង​មហាផ្ទៃ​ ណែនាំ​អាជ្ញាធរ​ពាក់ព័ន្ធ​អំពី​ការត្រៀម​ពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) និង​ក្រសួង​មហាផ្ទៃ​ណែនាំ​ដល់​អភិបាល​រាជធានី-ខេត្ដ​ប្រធាន​លេខាធិការដ្ឋាន​រាជធានី-ខេត្ដ​រៀបចំ​ការបោះឆ្នោត និង​ក្រុមការងារ​ពាក់ព័ន្ធ​អំពី​ការរៀបចំ​ត្រៀម​បម្រើឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​។

តាមរយៈ​សេចក្ដី​ណែនាំ​រួម ចុះហត្ថលេខា​ដោយ​លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅ​ថ្ងៃទី​ ២៦ ខែឧសភា បាន​ណែនាំ​ដល់​អភិបាល​នៃ​គណៈអភិបាល​រាជធានី ខេត្ត ប្រធាន​លេខាធិការដ្ឋាន​រាជធានី-ខេត្ត​ រៀបចំ​ការបោះឆ្នោត និង​អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវ​ជួយ​គាំទ្រ​ដល់​ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន ឃុំ សង្កាត់ នាយ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ឃុំ សង្កាត់ និង​មេភូមិ​ក្នុង​ការរៀបចំ​ត្រៀម​បម្រើឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ជារៀងរាល់ឆ្នាំ និង​ត្រូវ​សហការ ឬ​ចាត់ចែង​អនុវត្ត​ការងារ​តាម​ឋានានុក្រម និង​ភារកិច្ច​រៀងៗ​ខ្លួន ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​ធានា​បាន​នូវ​ភាពពេញលេញ ត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព​។

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា សេចក្ដី​ណែនាំ​រួម​ថ្មី​នេះ គឺ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​សេចក្ដី​ណែនាំ​រួមចាស់​។ នៅក្នុង​សេចក្ដី​ណែនាំ​រួមចាស់ គឺ​បានប្រគល់​តួនាទី និង​ភារកិច្ច​ក្នុង​ការស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ក្នុង​ការចុះឈ្មោះ​បោះឆ្នោត​ទៅដល់​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ស្មៀនឃុំ សង្កាត់​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់​។

លោក​បន្តថា​៖ «​ប៉ុន្ដែ​សេចក្ដី​ណែនាំ​រួម​ថ្មី​នេះ​គឺ​យើង​រុញ​ការងារ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ក្នុង​ការចុះឈ្មោះ​បោះឆ្នោត​នេះ​ទៅ​ដល់​មេភូមិ ដែល​យើង​ចាត់ទុកថា គឺជា​ប្រតិបត្ដិករ​ដំបូង​បំផុត​នៅក្នុង​ការស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​របស់​ខ្លួន​»​។

លោក​ សោម សូរីដា បញ្ជាក់ថា​៖ «​អ្វីដែល គ.ជ.ប និង​ក្រសួងមហាផ្ទៃ​កំពុង​ធ្វើ​នេះ គឺ​បាន​កំណត់​មុខសញ្ញា​ដែល​ជា​ប្រតិបត្ដិករ មាន​សក្ដានុពល​ក្នុង​ការប្រមូល​ស្ថិតិ​ប្រជាពលរដ្ឋ​។ មេភូមិ​ស្គាល់​ប្រជាពលរដ្ឋ តាំងពី​ដើមភូមិ​រហូត​ដល់​ចុង​ភូមិ គឺ​ដឹង​ច្បាស់​ថា ពលរដ្ឋ​ទៅណា ស្លាប់​ឬ​រស់​យ៉ាងណា​។ ដូច្នេះ​មេភូមិ គឺជា​អ្នក​ដំបូង​បំផុត​ក្នុង​ការរៀបចំ​ការស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​សម្រាប់​ចុះឈ្មោះ​បោះឆ្នោត​»​។

ការស្រង់​ស្ថិតិ​នេះ គ.ជ.ប មាន​គោលដៅ​ចំនួន​ ២ គឺ​ទី​១ ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ ដើម្បី​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត រួមមាន​អ្នក​ដែល​បាន​ស្លាប់ អ្នក​ដែល​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ចេញ និង​អ្នក​ដែល​ត្រូវបាន​ដកហូត​សិទ្ធិ​បោះឆ្នោត​។ ទី​២ គឺ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ ដើម្បី​ចុះឈ្មោះ​​អ្នក​បោះឆ្នោត​ថ្មី​។

លោក​បន្ថែមថា ការស្រង់​ស្ថិតិ​ពលរដ្ឋ​ដើម្បី​លុបចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ គឺ​អនុលោម​តាម​មាត្រា​ ៥១ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ដែល​បាន​ចែងថា នៅពេល គ.ជ.ប បាន​ផ្ដល់​សុពលភាព​លើ​បញ្ជី​បោះឆ្នោត​ផ្លូវការ គឺ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ត្រូវ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​នៅ​រៀងរាល់​ ២ ​ខែម្ដង​។

លោក សូរីដា បញ្ជាក់ថា​៖ «​កិច្ចការងារ​នេះ ច្បាប់​បាន​កំណត់​ឱ្យធ្វើ​នៅ​រៀងរាល់​ ២ ​ខែម្ដង ដើម្បី​ស្នើ​តារាង​ស្រង់​ស្ថិតិ​នេះ​ទៅ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​»​។

ចំណែក​ការស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​ថ្មី គឺ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ដែល​គ្រប់​អាយុ​ ១៨ ​ឆ្នាំ​គិត​ត្រឹម​ថ្ងៃ​បោះឆ្នោត​ ឬ​ថ្ងៃ​ផ្ដល់​សុពលភាព​បញ្ជី​បោះឆ្នោត​ផ្លូវការ​។ អ្នក​ដែលមាន​អាយុ​លើសពី​ ១៨ ​ឆ្នាំ ដែល​មិនទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត​កន្លងមក និង​អ្នក​ដែល​ផ្លាស់​ទីលំនៅ​ចូលទៅ​ក្នុង​ឃុំ សង្កាត់​ថ្មី​។

លោក​បញ្ជាក់ថា មុខសញ្ញា​ទាំងនេះ គឺជា​អ្នក​ដែល​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ស្មៀនឃុំ សង្កាត់ ស្រង់​ស្ថិតិ​ដើម្បី​ជូន​មក​លេខាធិការដ្ឋាន​រាជធានី-ខេត្ដ​រៀបចំ​ការបោះឆ្នោត​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១ ខែ មីនា ឆ្នាំ​ ២០២១ ​បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ស្តីពី​ការប្រកាស​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ​ទី​៥ ដោយបាន​កំណត់​យក​ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ​ ២០២២៕

អត្ថបទគួរចាប់អារម្មណ៍