ភ្នំពេញៈ លោក ម៉េង វិមានតារា អធិការនគរបាល​ខណ្ឌ​មានជ័យ​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​លើ​ករណី ការស្លាប់​យុវជន​ម្នាក់​នៅលើ​ផ្លូវជាតិ​លេខ​ ២ កាលពី​យប់​ថ្ងៃទី​ ១ ខែមិថុនា ដោយហេតុ​ដួល​ម៉ូតូ ដែល​ទំនង​បណ្ដាល​មកពី​ដេញតាម​គ្នា​ជម្លោះ​ដណ្ដើម​ស្រី​។

លោក វិមានតារា ថ្លែង​ថា​៖ «​យើង​មិនទាន់​កំណត់​ច្បាស់​ទេ​ថា ​តើ​ការស្លាប់​នេះ​ពាក់ព័ន្ធ​នឹង​អ្វី​ពិតប្រាកដ ព្រោះ​មន្ត្រី​នគរបាល​កំពុង​ព្យាយាម​ប្រមូល​ព័ត៌មាន ដើម្បី​កំណត់​មុខសញ្ញា​ជនល្មើស​»​។

លោក ជា រតនា នាយប៉ុស្តិ៍​នគរបាល​សង្កាត់​ចាក់អង្រែលើ​បាន​ថ្លែង​ឱ្យដឹង នៅ​ថ្ងៃទី​ ២ មិថុនា ថា ជនរងគ្រោះ​ឈ្មោះ គិន សុខឿន ភេទ​ប្រុស អាយុ ២១ ​ឆ្នាំ ជាជាង​ធ្វើ​មាស​រស់នៅ​ក្នុង​ភូមិ​សាមគ្គី សង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

លោក រតនា បញ្ជាក់​ដោយយោង​តាម​សម្តី​សាក្សី​នៅ​កន្លែងកើតហេតុ​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ជិត​ ៨ ​យប់​ថ្ងៃទី​ ១ ​ខែមិថុនា តាម​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​ ២ ដោយ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ម៉ាក ស៊ុយ ហ្ស៊ុយគី និង​មាន​ឌុប​នារី​ម្នាក់​នៅ​ពីក្រោយ​ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន ពេលនោះ​ដែរ គេ​បាន​ឃើញ​ម៉ូតូ​ ១ ​គ្រឿង​ទៀត​ជិះ​ឌុប​គ្នា​ ២ ​នាក់​ដែល​ទំនង​បើក​ដេញតាម​ពីក្រោយ​។

មន្ត្រី​នគរបាល​មួយរូប​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​បាន​ថ្លែង​ដោយ​លក្ខខណ្ឌ សុំ​មិន​បញ្ចេញ​ឈ្មោះថា ក្នុង​ហេតុការណ៍​នេះ​នៅពេល​ដែល​ជនរងគ្រោះ​បើក​ម៉ូតូ​ដល់​កន្លែង​កើតហេតុ​បាន​រេ​ចង្កូត​ឡើង​ខឿន​ថ្ម​ក្បែរ​ចិញ្ចើមផ្លូវ ហើយ​បាន​ទៅបុក​បង្គោល​ភ្លើង និង​បុក​រនាំងទ្វារ​ដែក​ ១ ​ផ្ទាំង​ទៀត​បណ្ដាល​ឱ្យ​មនុស្ស​បាន​ដួល​ដេក​នៅក្បែរ​បង្គោល​ភ្លើង​។ ​

ចំណែកឯ​នារី​ម្នាក់​ដែល​ជិះ​ជាមួយ​ក៏​ដួលសន្លប់​ដែរ​ដែល​ពេលនោះ​ក្រុម​ជនសង្ស័យ​ម្ខាង​ទៀត​បាន​ឈប់​ម៉ូតូ​ហើយ​ស្ទុះ​ទៅ​កាប់​យុវជន​រងគ្រោះ​បន្ថែមទៀត​ តែដោយសារ​ឃើញ​សភាព​ជនរងគ្រោះ​មាន​របួសធ្ងន់​ក៏នាំ​គ្នា​លើក​នារី​ម្នាក់​ដែល​សន្លប់​នោះ​ឡើងលើ​ម៉ូតូ​ជិះ​គេចខ្លួនបាត់​។

បន្ទាប់ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ និង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ចាក់អង្រែលើ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដោយ​ពិនិត្យឃើញថា នៅត្រង់​ចង្កេះ​របស់​ជនរងគ្រោះ​មាន​របួស​ដោយ​ស្នាម​កាប់​ ១ ​កន្លែង​។ ​ប៉ុន្តែ​មូលហេតុ​ដែល​ស្លាប់​គឺ​ដោយសារ​បុក​នឹង​បង្គោល​ភ្លើង​មិនមែន​ស្លាប់​ដោយ​កាប់​នឹង​កាំបិត​ទេ​។

មន្ត្រីនគរបាល​ថា​៖ «​ជនរងគ្រោះ​ស្លាប់​មិនមែន​ដោយ​គេ​កាប់​មែន ប៉ុន្តែ​បើ​កុំ​តែ​គេ​ដេញ​ក៏​គាត់​មិន​ស្លាប់​ដែរ រឿងនេះ​គឺជា​រឿង​ឃាតកម្ម​ហើយ អ៊ីចឹង​ហើយ​ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនល្មើស​»​។

លោក រតនា បាន​បញ្ជាក់ថា​ករណីនេះ​សង្ស័យ​ជា​ទំនាស់​ដណ្តើម​សង្សារ​គ្នា តែ​សមត្ថកិច្ច​មិនទាន់​កំណត់​ព័ត៌មាន​ឱ្យបាន​ច្បាស់​នៅឡើយ​ទេ​។ ក្នុងនោះ​សមត្ថកិច្ច​នឹង​ប្រមូល​ព័ត៌មាន​ពី​សាក្សី និង​ពី​ការឆែក​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​៕