ភ្នំពេញៈ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បានចេញ​សេចក្ដី​ជូនដំណឹង​ដល់​អ្នក​ដែល​កំពុង​រស់នៅ​លើ​ផ្ទៃ​ទន្លេ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ដោយ​ខុសច្បាប់ ត្រូវ​រុះរើ​ឬ​ចល័ត​ចេញ ក្នុង​រយៈពេល​ ១ ​សប្ដាហ៍ ដោយហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ផ្លូវ​នាវាចរ​។

លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ឱសានវាទ​រយៈពេល ១ ​សប្តាហ៍ ដល់​ម្ចាស់ផ្ទះ​បណ្តែត​ទឹក ម្ចាស់​បែ​ចិញ្ចឹម​ត្រី និង​ម្ចាស់​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ត្រូវ​រុះរើ ឬ​ចល័ត​ចេញ​ជាបន្ទាន់​ចាប់ពី​ថ្ងៃទី​ ២ ខែ មិថុនា ឆ្នាំ​ ២០២១​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​លោក ឃួង ស្រេង កាលពី​ថ្ងៃទី ២ ខែ មិថុនា បាន​ឱ្យ​ដឹងថា ជន​ឱកាសនិយម​មួយចំនួន​បាន​លបលួច​ធ្វើ​បែ​ចិញ្ចឹម​ត្រី សង់ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូចៗ និង​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​ទន្លេ កន្លែង​ខ្លះ បាន​ប្រែ​ក្លាយជា​កន្លែង​ស្នាក់នៅ​ដោយ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​។

លោក ឃួង ស្រេង បាន​ថ្លែង​នៅក្នុង​សេចក្ដី​ជូនដំណឹង​ថា​៖ «(​ការរស់នៅ​លើទឹក​ដោយ​ខុសច្បាប់​) បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ចរន្ត​ទឹក​ហូរ គោករាក់ ពិសេស​ការប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី ការបញ្ចេញ​កាកសំណល់ ការបន្ទោបង់​ពាសវាល​ពាសកាល​ក្នុង​ទន្លេ ធ្វើឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុល​បរិស្ថាន និង​ប៉ះពាល់​ដល់​សោភណភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​នៃ​ប្រជាពលរដ្ឋ ដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផងដែរ​»​។

លោក ឃួង ស្រេង បាន​អះអាង​ថា ដើម្បី​រក្សា​បរិស្ថាន ជីវចម្រុះ គុណភាព​ទឹក និង​លុបបំបាត់​បាតុភាព​អសកម្ម​ទាំងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​តម្រូវ​ឱ្យ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូចៗ និង​ម្ចាស់​សំណង់​មិន រៀបរយ​នៅលើ​ផ្ទៃ​ទន្លេ​ទាំងអស់​ត្រូវ​រុះរើ ឬ​ចល័ត​ចេញ​​ជាបន្ទាន់​ក្នុង​រយៈពេល ០១ សប្ដាហ៍​។

លោក ឃួង ស្រេង ថ្លែងថា​៖ «​ផុត​រយៈ​ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់​វិធានការ​រដ្ឋបាល​ដោយ​ពុំ​ទទួល​​ខុសត្រូវ​រាល់​ការខូចខាត ឬ​ការបាត់បង់​ណាមួយ​ឡើយ ហើយ​ក្នុង​ករណី​រឹងរូស អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាមផ្លូវ​ច្បាប់​»​។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌ​ច្បាប់​អំពៅ​បាន​ឱ្យ​ដឹងថា មន្ត្រី​ជំនាញ​បាន​កំពុងបើក​កិច្ចប្រជុំ ដើម្បី​បើក​យុទ្ធនាការ​អនុវត្ត​នូវ​សេចក្ដី​ជូនដំណឹង​របស់​អភិបាល​រាជធានី​ភ្នំពេញ​។

លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​បាន​ថ្លែងថា វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​រឿង​ល្អ​មួយ ដើម្បី​បរិស្ថាន និង​អនាម័យ​។

លោក​បាន​ថ្លែងថា​៖ «​ទីក្រុង​​ត្រូវមាន​សោភណភាព ទាំង​បរិស្ថាន និង​អនាម័យ ដូចជា​ទឹក ដែល​ពលរដ្ឋ​ប្រើប្រាស់​ត្រូវការ​ចាំបាច់​ណាស់​អនាម័យ​»​។

ទោះជា​យ៉ាងណាក៏ដោយ លោក សំអាត ថ្លែងថា សាលា​រាជធានី​ភ្នំពេញ​ក៏​គួរ​មាន​ដំណោះស្រាយ​តាមរយៈ​ការចរចា​ដោយ​សន្តិវិធី​ជាមួយ​អ្នក​ពាក់ព័ន្ធ ដើម្បី​ជា​ប្រយោជន៍​រួម​។

លោក​ថ្លែងថា​៖ «​អាជ្ញាធរ​ត្រូវមាន​ដំណោះស្រាយ​កុំឱ្យ​មាន​វិវាទ ឬ​បាតុភាព​កើតឡើង ពីព្រោះ​យើង​ត្រូវ​គិត​ទាំង​សងខាង បើ​គិត​ទៅលើ​បរិស្ថាន​អនាម័យ ក៏ត្រូវ​គិតការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែរ​។ ប្រសិនបើ​គាត់​ត្រូវ​ចាកចេញ តែ​គាត់​គ្មាន​កន្លែង​រស់នៅ ត្រង់នេះ​ស្របពេល​មាន​បញ្ហា​កូវីដ ១៩ ទាំងនេះ​ក៏​យើង​ត្រូវ​គិតពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ជាធំ​ផងដែរ ដូច្នេះ​សាលា​រាជធានីភ្នំពេញ​ ត្រូវតែ​ត្រិះរិះ​ពិចារណា​រក​មធ្យោបាយ​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ ធ្វើ​ម៉េច​ឱ្យបាន​សមរម្យ​ផងដែរ​»​។

លោក ទីន សាឡេះ អតីត​តំណាង​សហគមន៍​អាជីវកម្ម​បែ​ត្រី សង្កាត់​ច្រាំង​ចំរេះ ​១-២ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​ក៏បាន​ជូនដំណឹង​បន្តទៅ​បងប្អូន និង​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ដើម្បី​ឱ្យ​ត្រៀម​រុះរើ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​បាន​ជូនដំណឹង​ទៅ​គ្នា​ខ្ញុំ​ហើយ ធ្វើ​ម៉េច​បើ​ច្បាប់​ដាក់​ផែនការ​មក​អ៊ីចឹង​ហើយ មាន​តែ​រើ​បែ​ចិញ្ចឹម​ត្រី​សិន​ហើយ ពួកយើង​ចិញ្ចឹម​ត្រី​នៅតាម​មាត់ទឹក​តាំងពី​យូរហើយ​។ យើង​ដាក់​ឡូត៍​នៅ​មាត់ទឹក បាន​ត្រី​ពូជ​អីហ្នឹង ចេះតែ​ទម្លាក់​ចូល​ឡូត៍​ឥឡូវ​ដល់ពេល​រដ្ឋ​ឱ្យ​រុះរើ​អីចឹង យើង​មិន​តវ៉ា​អី​ទេ​»​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​ស្នើ​បងប្អូន​ប្រជាពលរដ្ឋ​ប្ដូរ​ទម្លាប់​ពី​ការចិញ្ចឹម​ត្រី​តាម​បែ​លើ​ផ្ទៃ​ទន្លេ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មក​ចិញ្ចឹម​ត្រី​តាម​ស្រះ​វិញ ហើយ​សង្ឃឹមថា សាធារណជន ម្ចាស់​បែ​ចិញ្ចឹម​ត្រី ម្ចាស់ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូចៗ និង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​ទនេ្ល ទាំងអស់​នឹងចូលរួម​អនុវត្តតាម​សេចក្ដី​ជូនដំណឹង​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​ផលប្រយោជន៍​រួម​៕