សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ចប់​ការងារ​ជួសជុល​ប្រាសាទ​ផ្ទី​ដែល​ស្ថិតនៅ​កណ្ដាល​បារាយណ៍​នៃ​បណ្តុំ​ប្រាសាទបេង​មាលា និង​កំពុង​បន្ត​ជួសជុល​កែលម្អ​ប្រាសាទ​មួយ​ចំនួន​ជា​បន្តបន្ទាប់​ទៀត ដែលជា​ផ្នែក​មួយ​នៃ​ការអភិរក្ស​ប្រាសាទបុរាណ​។

លោក គឹម សុធិន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ថ្លែង​ថា ការជួសជុល​ប្រាសាទ​ផ្ទី​បាន​សម្រេច​រួចរាល់​ហើយ​នៅ​ចុងខែ​ឧសភា បន្ទាប់ពី​ចាប់ផ្តើម​ដំណើរការ​នៅ​ដើមខែ​មេសា​។ នៅ​ដើមខែ​មីនា ការធ្វើ​កំណាយ​ពិនិត្យ​រចនាសម្ព័ន្ធ​ប្រាសាទ​នេះ​បាន​ចាប់ផ្តើម និង​ឈានដល់​ការជួសជុល​លើក​តម្លៃ​ឡើងវិញ ក្រោម​ការចូលរួម​ពី​វិស័យ​ឯកជន គឺ​លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក្នុង​បំណង​ដើម្បី​ចូលរួម​អភិរក្ស​មរតក​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។

លោក​បាន​ថ្លែងថា​៖ «​ការជួសជុល​ប្រាសាទ​នេះ មាន​ការលំបាក​ខ្លះ​ដែរ ព្រោះ​ការដ្ឋាន​ស្ថិត​នៅ​កណ្ដាល​បារាយណ៍​ក្នុង​ព្រៃ ហើយ​ផ្លូវ​ធ្វើដំណើរ​មាន​ភាព​តូច​បន្ដិច ដែល​ពិបាក​ក្នុង​ការដឹកជញ្ជូន​ថ្ម​តាម​រថយន្ត​ធុន​ធ្ងន់​»​។

យ៉ាងណា​ក្តី លោក គឹម សុធិន បាន​សម្តែង​ការរីករាយ​ជាខ្លាំង​ជាមួយ​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​នេះ ពិសេស​ប្រាសាទ​ដែល​បាន​ដួលរលំ​ឃើញ​តែ​គំនរ​ដុំថ្ម ហើយ​ពេលនេះ​បាន​ខិតខំ​ផ្គុំ​ឱ្យមាន​រូបរាង​ឡើងវិញ​។

បើតាម​អាជ្ញាធរ​ជាតិ​អប្សរា ប្រាសាទ​ផ្ទី​ស្ថិត​នៅ​ចំ​កណ្តាល​បារាយណ៍​ប្រាសាទបេង​មាលា នៅ​ភូមិ​បេង​មាលា ឃុំ​បេងមាលា ស្រុក​ស្វាយលើ ខេត្តសៀមរាប​។ ប្រាសាទ​នេះ​មាន​លក្ខណៈ​ជា​សំណង់​ថ្មបាយក្រៀម រាង​ការ៉េ ប្រវែង​ ១៥ ​ម៉ែត្រ​ ៤ ​ជ្រុង​ និង​មាន​ជញ្ជាំង​ព័ទ្ធជុំវិញ​កម្ពស់​ ១ ​ម៉ែត្រ​។ នៅ​ចំកណ្តាល​មាន​តម្កល់​រូប​ព្រះពុទ្ធ​ប្រក់នាគ​សរុប​ទាំង​ខឿន​កម្ពស់ ៦,៥ ​ម៉ែត្រ ធ្វើ​អំពី​ថ្មភក់ ដែល​ទំនង​ជា​ត្រូវបាន​សាងសង់ឡើង​រវាង​ពាក់កណ្ដាល​សតវត្សរ៍​ទី​ ១២ ​ទៅ​ចុង​សតវត្សរ៍​ទី​ ១២​។

លោក​ ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរជាតិ​អប្សរា​ថ្លែង​ថា ក្រៅពី​ប្រាសាទ​ផ្ទី នៅមាន​ប្រាសាទ​ផ្សេងៗ​ទៀត​ជាច្រើន​ដែល​កម្លាំង​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងធ្វើការ​ជួសជុល​ឡើងវិញ ដើម្បី​ឱ្យមាន​សោភណភាព​ស្អាត​។

ជាមួយ​គ្នា​នោះ អាជ្ញាធរ​ក៏បាន​ធ្វើការ​រៀបចំ​កែលម្អ​ទិដ្ឋភាព និង​ទេសភាព​ជុំវិញ​តំបន់​ប្រាសាទ​អង្គរ និង​ពង្រឹង​កិច្ចការងារ​អភិរក្ស លើកកម្ពស់​សេវាកម្ម​ទេសចរណ៍ ផ្តល់​ទំនុកចិត្ត​ដល់​ភ្ញៀវទេសចរ​ក្នុង​ការមក​ទស្សនា​កម្សាន្ត​នៅ​តំបន់​សៀមរាប​អង្គរ​ផងដែរ​។

លោក កុសល ថ្លែងថា៖ «​បើ​និយាយ​ពី​ការជួសជុល​គឺមាន​ច្រើន​ក្នុង​នោះ​យើង​កំពុង​ធ្វើ​កិច្ចការងារ​ជួសជុល​លើក​តម្លៃ​ប្រាសាទបាយក្អែក​នៅមុខ​ប្រាសាទ​អង្គរវត្ត ជួសជុល​ប្រាសាទ​មេបុណ្យ​ខាងលិច យើង​ធ្វើការ​ជួសជុល​ព្រលាន​ជល់ដំរី ស្ពាន​ហាល​នៅ​អង្គរវត្ត និង​ធ្វើការ​ជួសជុល​ស្រះ​ទឹក​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត ស្ទើរ​គ្រប់​ទីកន្លែង​ហ្នឹង បើ​និយាយ​ទៅ​»​។

ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទទួល​វត្ថុ​បុរាណ​ចំនួន​ ៥ ពី​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​ ៤ ​ក្នុង​ឱកាស​ដាំ​កូនឈើ​ប្រណីត​ចំនួន​ ១ ​ម៉ឺន​ដើម​នៅ​បញ្ជាការដ្ឋាន យោធភូមិភាគ​ទី​ ៤ កាលពី​ថ្ងៃទី​ ១ ខែ​មិថុនា ដើម្បី​យកទៅ​ថែរក្សា និង​អភិរក្ស​។

លោក ឡុង កុសល ថ្លែង​ថា កម្លាំង​យោធភូមិភាគ​ទី​ ៤ បាន​ប្រទះឃើញ​វត្ថុបុរាណ​ទាំងនោះ នៅពេល​ធ្វើ​កិច្ចការងារ​ផ្សេងៗ​ក្នុងពេល​កន្លងមក ហើយ​បាន​រក្សាទុក រង់ចាំ​ពេលវេលា​សមស្រប​ទើប​ផ្តល់ជូន​មក​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក​បាន​បញ្ជាក់ថា​៖ «​កន្លងមក​គាត់​បានឃើញ​អ៊ីចឹងទៅ​គាត់​ប្រមូល​ទុក​នៅ​កន្លែង​នេះ កន្លែង​នោះ​អ៊ីចឹង​សិន​ទៅ​។ តែ​ឥឡូវ​គាត់​បាន​យកមក​ផ្តុំ​ទុក​ ១ ​កន្លែង​ហើយ​ប្រគល់​ជូន​មក​អាជ្ញាធរ​ជាតិ​អប្សរា​។ អ៊ីចឹង​ពេលនេះ យើង​បាន​យកទៅ​រក្សាទុក​នៅ​ឃ្លាំង​អភិរក្ស ដើម្បី​ធ្វើការ​ជួសជុល ហើយ​ទើប​សិក្សា​មើលថា តើ​ត្រូវ​យក​ទៅ​ដាក់​នៅទីណា​» ។

វត្ថុបុរាណ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានទទួល​នោះ រួមមាន ១- សសរពេជ្រ​ ១ ​កំណាត់​តូច ២- ​កំពូល​ប្រាសាទ​តាម​ជ្រុង​នៃ​ប្រាសាទធំ ៣- ​ឆ្នាំង​ថ្នាំ​មួយ ៤- ​ដុំ​ហោ​ជាង​ផ្នែក​ខាងលើ មាន​កំណាត់​ព្រះសិររូប​ព្រះ​ ១ ​ផ្នែក និង​៥- ​បង្គោល​ព្រះទិស​ ១ ​ដុំ​៕