កំពង់​ស្ពឺៈ នគរបាល​ព្រហ្ម​ទណ្ឌ​ខេត្ត​កំពង់ស្ពឺ​ កំពុងបន្ត​​​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ ២ ​នាក់​​ ករណី​​ស្ត្រី​ម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃទី​ ១​ មិថុនា ​ក្រោយពី​​​ចោរ​ឆក់​យក​ទូរស័ព្ទ ហើយ​ដេញ​តាម​ចោរ​ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​សន្លប់ កាល​ពី​ថ្ងៃទី​ ៣០​ ឧសភា។

លោក​ សម​ សាក់​ ស្នងការ​ង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៣​ មិថុនា​ថា ជនរង​គ្រោះ​ជា​ស្ត្រី​មេម៉ាយ ឈ្មោះ​ អាត សុខ​ជិន​គាន អាយុ ២៥​ ឆ្នាំ មាន​កូនស្រី​ម្នាក់​​អាយុ​ ៥ ​ឆ្នាំ រស់​នៅ​ភូមិ​ចំការ​ដូង សង្កាត់-ក្រុងច្បា​រន​ម ខេត្ត​កំពង់​ស្ពឺ។

លោក​បន្តថា​ ក្រោយពី​កើតហេតុ​ កម្លាំង​សមត្ថកិច្ច​បាន​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជន​ល្មើស​យកមក​ផ្តន្ទា​ទោស​តាម​ច្បាប់​។

លោក​ថ្លែងថា៖ «រឿង​នេះ ​បើ​ចោរ​ស្លាប់​ទើបបាន​យើង​បិទ​ការស្រាវជ្រាវ​ស៊ើបអង្កេត។ ប៉ុន្តែ​ករណីនេះ ​ជនរងគ្រោះ​ស្លាប់​ ហេតុ​ដូច្នេះ​យើង​នៅតែ​បន្ត​ស្រាវ​ជ្រាវ​ទៀត​ រហូត​ទាល់តែ​ចាប់​ជន​ល្មើស​បាន»។

លោក សម សាក់ បាន​​រៀបរាប់​ដោយ​យោង​លើ​ការប្រមូល​ព័ត៌មាន​ពី​សាក្សី​ជុំវិញ​កន្លែង​កើត​ហេតុ​ និង​ពី​ក្រុម​គ្រួសារ​ជន​រងគ្រោះបញ្ជាក់​ថា​ នៅវេលា​ប្រហែល​ជាម៉ោង​៦​ល្ងាច​នៅ​ថ្ងៃទី​៣០​ឧសភា​ មុន​កើតហេតុ ​គឺ​ជនរង​គ្រោះ​ បាន​ជិះ​ម៉ូតូ ១​ គ្រឿង​ ចេញពី​លំនៅឋាន​ ​ក្នុងភូមិ​ចំការ​ដូង​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ឆ្ពោះ​មក​ផ្សារ​កំពង់​ស្ពឺ។

នៅ​ពេល​នោះ គេ​ក៏​បានឮ​សំឡេង​ជនរងគ្រោះ​ស្រែកថា ចោរៗហើយ​ដៃ​ម្ខាង​កាន់ចង្កូត​ម៉ូតូ ​និង​ដៃ​ម្ខាង​ទៀត​ចង្អុល​ទៅមុខ។ ពេលឮ​សូរសំឡេង​ស្រែក​នោះ អ្នក​លក់​ដូរ​នៅតាម​ផ្លូវ​បានឃើញ​បុរស ២ នាក់​ ជិះ​ម៉ូតូ​យ៉ាង​លឿន​ឌុប​គ្នា​នៅ​ពីមុខ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ហើយក៏​គេច​ខ្លួន​បាត់​ទៅ។

លោក​បន្ថែមថា​ ចំណែកឯ​ជនរង​គ្រោះ​ កំពុងតែ​ជិះ​ម៉ូតូ​ដេញតាម​ក្រុម​ជន​សង្ស័យ​នោះ ​ចៃដន្យ​ស្រាប់​តែមាន​រថយន្ត ​១ ​គ្រឿង​នៅ​ពីមុខ​ម៉ូតូ​របស់​ជនរងគ្រោះ​ ហើយ​ប្រហែលជា​ជនរ​ងគ្រោះ​គេច​រថយន្ត​នោះ​ ​ក៏​ធ្វើ​ឲ្យ​ម៉ូតូ​របស់​ជនរងគ្រោះ​រេ​ចង្កូត​ដួល​បោក​ទៅនឹង​ចិញ្ចើម​ថ្នល់​តែម្តង​។

ពេលនោះ​ជនរង​គ្រោះ​បាន​សន្លប់​ដេក​ស្តូកស្តឹង​ ​ហើយ​ពលរដ្ឋ​បាន​រាយ​ការណ៍​ប្រាប់​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ច្បា​រ​មន។

បន្ទាប់​ពី​សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើត​ហេតុ​ បាន​ស្រាវជ្រាវ​រក​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ ទៅ​សាច់ញាតិ​ជនរង​គ្រោះ​ ហើយ​ត្រូវបាន​ក្រុម​គ្រួសារ​ និង​នគរបាល​ចាត់ចែង​ដឹក​ជនរង​គ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ព្រះកុ​សុមៈ (មន្ទីរ​ពេទ្យ​លោក​សង្ឃ)។

លោក​បន្ត​តាម​សម្តី​សាច់ញាតិ​ជនរងគ្រោះ​ទៀតថា​ គោលបំណង​របស់​ជនរ​ង​គ្រោះ​ គឺ​ចេញពី​ភូមិ​ចំការ​ដូង​ ហើយ​យកនំ​ទៅឱ្យ​សង្សារ​គាត់​ម្នាក់​បើក​រថ​យន្ត​ដឹក​ដី។

តាម​ការសន្និដ្ឋាន​ជាបឋម​របស់​សមត្ថកិច្ច​ ​ជនរង​គ្រោះ​អាច​ត្រូវបាន​ចោរឆក់​ទូរស័ព្ទដៃ​របស់គាត់​ ប៉ុន្តែ​សកម្មភាព​ឆក់​នៅ​កន្លែង​ផ្សេង​ហើយ​ជន​រង​គ្រោះ​ដេញ​តាម​ចោរ​ មក​ដួល​នៅ​កន្លែង​កើត​ហេតុ។

បង​ស្រី​នារី​រងគ្រោះ គឺ​អ្នក​ស្រី អាត សុខ​ចាន់​រ័ត្ន​មុន្នី បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី៣មិថុនា​ដែរ​ថា ​ចាប់តាំងពី​ប្អូនស្រី​របស់​អ្នក​ស្រី​​បែកបាក់​ប្តី​មក​គឺ​នាង​ធ្វើជា​កម្មករ​រោងចក្រ​កាត់ដេរ និង​មាន​កូនស្រី​ម្នាក់​អាយុ ៥ ឆ្នាំ ​រស់នៅ​ជាមួយ​​អ្នក​ស្រី ​ក្នុងភូមិ​ចំការ​ដូង សង្កាត់-ក្រុង​ច្បារមន។ ​ប្អូនស្រី​គាត់​ត្រូវ​ចោរ​ឆក់យក​ទូរស័ព្ទ ១ គ្រឿង ​ម៉ា​កវី​វូ ហើយ​ទូរស័ព្ទ​នោះ​ ក្រោយ​មាន​កើត​ហេតុ​ការណ៍​ គឺ​អ្នក​ស្រី​​ហៅ​មិន​ចូល​ទេ។

ស្ត្រី​រូបនេះ​បន្តថា៖ «រឿង​នេះ​ខ្ញុំ​បានធ្វើ​ពាក្យបណ្តឹង​ទៅ​នគរបាល​មូលដ្ឋាន​ហើយ ​ដើម្បី​សូមឱ្យ​សមត្ថកិច្ច​ជួយ​អន្តរា​គមន៍​ចាប់​ជន​ល្មើស »។

លោក ហ៊ួ​យ បូរី នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​រកា​ធំ ក្រុង​ច្បារមន​ ឱ្យដឹង​នៅ​ថ្ងៃទី ៣ ​មិថុនា​ថា ចាប់​តាំង​ពី​ថ្ងៃទី ៣០ ឧសភា​​ ដែលជា​ថ្ងៃ​កើតហេតុ ​រហូតមកដល់​ពេលនេះ​ គឺ​សមត្ថកិច្ច​ នៅ​តែ​បន្ត​ស្រាវជ្រាវ​ ដោយ​ឆែក​មើល​តាម​កាមេរ៉ា​សុវត្ថិ​ភាព​ ដែល​បំពាក់​នៅមុខ​គ្រឹះស្ថាន​មេក្រូ​ហិរញ្ញវត្ថុ​អម្រឹត​ផង (កន្លែង​កើត​ហេតុ) និង​សាកសួរ​សាក្សី​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ផង​ ដើម្បី​ជា​តម្រុយ​ក្នុងការ​ស្រាវ​ជ្រាវ។

លោក​ថា៖ «ការងារ​នេះ​សមត្ថកិច្ច​យើង​មិន​បោះ​បង់ចោល​ទេ ហើយ​យើង​កំពុង​ធ្វើ​យ៉ាងសកម្ម​បំផុត​ទៀត​ផង»៕