
ម៉ាស៊ីនអារឈើនិងកាំភ្លើងកែឆ្នៃដែលសមត្ថកិច្ចរឹបអូសបាន ក្នុងការបង្ក្រាបការទន្ទ្រានយកដីដោយខុសច្បាប់ក្នុងស្រុកវាលវែង ខេត្តពោធិសាត់។ រូបថត មន្ទីរបរិស្ថាន
ពោធិ៍សាត់ៈ អាជ្ញាធរខេត្តពោធិសាត់ចុះទៅទប់ស្តាត់ និងបង្ក្រាបការកាប់ទន្ទ្រានយកដី និងភ្នំធ្វើកម្មសិទ្ទដោយខុសច្បាប់ នៅថ្ងៃទី ៣ ខែមិថុនានេះរឹបអូសបានកាំភ្លើងកែច្នៃ ៨ ដើម ម៉ាស៊ីនអាឈើ ២ គ្រឿង និងកំពុងស្វែងរកមេខ្លោងនៅពីក្រោយខ្នងការញុះញង់ឲ្យពលរដ្ឋចូលកាប់រានទន្ទ្រានតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ក្នុងឃុំក្រពើពីរ ស្រុវាលវែង។
លោក កូយ រីដា អភិបាលរងខេត្តពោធិសាត់ ដែលបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្តចុះទៅពិនិត្យផ្ទាល់ នៅថ្ងៃទី ៣ ខែមិថុនា ថ្លែងថា កម្លាំងចម្រុះមានគ្នា ១០០ នាក់ត្រូវបានបែងចែកទៅតាមគោលដៅ ដែលមានការកាប់រានទន្ទ្រាននៅតំបន់ល្អាង ១២ ក្នុងឃុំក្រពើពីរ បានរកឃើញកាំភ្លើងកែច្នៃចំនួន ៨ ដើម និងម៉ាស៊ីនអាឈើចំនួន ២ ផងដែរ។
លោក ខូយ រីដា ថ្លែងថា មានប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តជាច្រើននាំគ្នាចូលមកកាប់ទន្ទ្រានដីតំបន់ការពារ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល។ តាមការពិនិត្យឃើញជាក់ស្តែង ភ្នំខ្ពស់ៗនៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល បើមើលពីចំហៀងឃើញនៅមានព្រៃជុំជិតល្អ ប៉ុន្តែនៅពេល ឡើងទៅដល់កំពូលភ្នំជាក់ស្តែង គឺមានការកាប់រានទន្ទ្រានហិនហោចជាខ្លាំង។
លោក រីដា បញ្ជាក់ថា កន្លងមកអាជ្ញាធរធ្លាប់បាន ធ្វើការអប់រំមកហើយ ប៉ុន្តែនៅតែមានការផ្គើនក្នុងការកាប់ទន្ទ្រាន។ ដូចច្នេះ ការចុះប្រតិបត្តិការនេះអាជ្ញាធរស្វែងរកបុគ្គលជាមេខ្លោងទៅដោះស្រាយតាមច្បាប់ដោយមិនលើកលែងឡើយ។
លោកថ្លែងថា៖ «លើកនេះយើងចុះមកដើម្បីអនុវត្តច្បាប់ អីចឹងយើងស្វែងរកមេខ្លោងធំៗ សំខាន់ៗ ប៉ុន្តែពេលកម្លាំងយើងចុះមកពួកគេបានរត់គេចខ្លួនអស់ ហើយខ្លះមានកាំភ្លើងបាញ់តទាល់ជាមួយសមត្ថកិច្ចទៀតផង ប៉ុន្តែមិនមានអ្នកណារងរបួសទេ ដោយសារនៅក្នុងព្រៃហើយការបាញ់មានចម្ងាយឆ្ងាយ។ ក្រៅពីស្វែងរកមេខ្លោង យើងអប់រំអ្នកនៅតាមជំរុំខ្ទមដែលពួកគាត់បានចុះមកបោះដើម្បីកាប់ទន្ទ្រានដីព្រៃហ្នឹង កុំឲ្យចាញ់បោកជនខិលខូចញុះញង់ មកពីទីណាឲ្យពួកគាត់ ត្រឡប់ទៅទីហ្នឹងវិញ »។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីចងក្រងសហគមន៍ នៃសមាគមអាដហុកថ្លែងថា រឿងរ៉ាវពាក់ព័ន្ធក្នុងបញ្ហាកាប់រានទន្ទ្រានដីរដ្ឋ កើតឡើងដដែលៗ ស្ទើរតែគ្រប់ខេត្តក្រោមរូបភាព ប្រជាពលរដ្ឋចូលទៅកាប់រានទន្ទ្រានអាស្រ័យផល ហើយលក់ទៅឲ្យអ្នកមានលុយមានអំណាច ដែលមានការគប់គិត ពីអាជ្ញាធរមួយចំនួនបានចេញលិខិតទិញលក់។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋនៅតែទៅកាប់ រានទន្ទ្រានដីព្រៃ អស់ពីកន្លែងមួយទៅកន្លែងមួយទៀតគ្រប់ខេត្តទាំងអស់។ អ៊ីចឹងយើងឃើញថា វិធានការរបស់អាជ្ញាធរអត់មានពិតប្រាកដ ហើយដោយសារអំពើពុករលួយជាប្រព័ន្ធផង ធ្វើឲ្យអ្នកមានលុយមានអំណាច ប្រើប្រាស់រូបភាពដដែលៗបានជោគជ័យ បើសិនជាបណ្តោយយើងអាចនិយាយបានថា ទាល់តែអស់ដីតែម្តងបានវាចប់»។
យ៉ាងណាក៏ដោយ លោក ខូយ រីដា អះអាងថា មិនមែនអាជ្ញាធរមិនខិតខំប្រឹងប្រែងធ្វើការថែរក្សានោះទេ ប៉ុន្តែអាជ្ញាធរត្រូវធ្វើការស្រាវជ្រាវឲ្យច្បាស់មុនចេញវិធានការណាមួយ ដើម្បីកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួនដែលចាញ់បោកជនខិលខូច។
លោកថ្លែងថា៖ «ដីរដ្ឋគឺយើងដកហូតវិញបើមានការកាប់ទន្ទ្រាន ហើយដាក់បន្ទុកទៅតុលាការទៀត។ ការងារយើងចុះធ្វើជាក់ស្តែង មិនមានជាការងាយស្រួលទេ ចូលព្រៃឆ្លងភ្នំដឹកនាំកម្លាំង បើអត់មានការលះបង់ធ្វើមិនកើតទេ។ ហើយយើងមិនមែនចេះតែ ចាប់ធ្វើបាបប្រជាពលរដ្ឋផ្តេសផ្តាសបានទេ ត្រូវសង្កេតពិនិត្យស្រាវជ្រាវឲ្យបានច្បាស់»។
បើតាមលោក ខូយ រីដា អ្នកដែលចូលមកកាប់ទន្ទ្រានដីព្រៃតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលនេះ មកពីខេត្តព្រះវិហារ សៀមរាប បាត់ដំបង ប៉ៃលិន កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កំពត តាកែវ និងខេត្តព្រៃវែង ដែលចាញ់បោកការញុះញង់របស់ជនខិលខូច។
លោកថ្លែងថា៖ «មានថ្ងៃមួយក្រុមអ្នកខិលខូចបានបង្កើតវិដេអូដោយ ឲ្យក្មេង ចាស់ ប្រុសស្រី ស្រែករញ៉េរញ៉ៃ ស្រែកយំអីអីចឹង តែនៅពេលខ្ញុំបានចុះទៅត្រួតពិនិត្យសួរនាំគាត់ទៅ បានដឹងថា គេហៅគាត់មកឲ្យធ្វើតាមអ៊ីចឹង។ ជនខិលខូចហ្នឹងវាយកប្រជាជន ធ្វើខែលសម្តែងដូចមែនទែនចឹង» ៕