កណ្តាលៈ រថយន្ត​ដឹកដី ​និង​ទំនិញ​ចំនួន​ ១៩ គ្រឿង​ត្រូវបាន​នគរបាល​ចរាចរណ៍​ខេត្ត​កណ្តាល​ឃាត់​ទុក​ ដោយ​តម្រូវឲ្យ​អ្នក​បើកបរ​ធ្វើ​កិច្ច​សន្យា​ក្នុងនោះ​មាន​រថយន្ត​ចំនួន​​ ៧ គ្រឿង​ ត្រូវបាន​ផាក​ពិន័យ​ បន្ទាប់ពី​មាន​ការរិះគន់​ពី​ពលរដ្ឋ​នៅ​ផ្សារ​ស្អាង​ភ្នំ ​ឃុំ​ស្អាងភ្នំ​ ស្រុក​ស្អាង ​កាលពី​សប្តាហ៍​មុន​ ដោយសារ​មាន​ការំខាន​ពី​រថយន្ត​ទាំងនោះ​ និង​រិះគន់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ចូល​ផេក​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។

លោក​ ឆេង សំអឿន ​នាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ៣ ​មិថុនា​ថា ​រយៈពេល​ ២ ថ្ងៃ​ ពី​ថ្ងៃទី ១ ​ដល់​ថ្ងៃទី ២ ​មិថុនា ​គឺ​នគរបាល​ចរាចរណ៍​ខេត្ត​បានចាប់​ឃាត់​រថយន្ត​ដឹក​ដី​ និង​ដឹក​ទំនិញ​បាន​ចំនួន​ ១៩ គ្រឿង។ ការឃាត់​រថយន្ត​ទាំងនោះ ​គឺ​យោង​តាម​សំណូពរ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បញ្ចេញ​យោបល់​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ចូល​ផេក​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។

លោក​ថា ​ក្រោយពី​ទទួលបាន​បទបញ្ជា​ពី​លោក​ ឈឿន សុចិត្ត ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​មក ​គឺ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​បានចុះ​អនុវត្ត​ភ្លាមៗ​ក្រោយ​ទទួល​បទ​បញ្ជា។ ចំពោះ​រថយន្ត​ដែល​សមត្ថកិច្ច​ឃាត់​មួយ​រយៈពេល​ខ្លី​នោះ​គឺ​ខ្លះ​ជារថយន្ត​ដឹកដី ​និង​ខ្លះ​ជារថយន្ត​ដឹក​ទំនិញ។

ការឃាត់​រថយន្ត​នេះ​ក្នុង​គោល​បំណង​បញ្ឈប់​ការរំខាន​ដល់​ពលរដ្ឋ​ ដែល​បង្កពី​ការដឹក​ដី ​និង​ពង្រឹង​សណ្តាប់​ធ្នាប់​នៃ​ការធ្វើ​ចរាច ​លើ​ដង​ផ្លូវ​និង​ចូលរួម​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​ដើម្បី​ចៀស​វាង​ការគ្រោះ​ថ្នាក់​ចរាចរណ៍​តែ​ប៉ុណ្ណោះ។

លោក​ថ្លែងថា​៖ «រថយន្ត​ទាំងនោះ​គឺ​យើង​អត់ឃាត់​ទេ​គ្រាន់តែ​តម្រូវឱ្យ​អ្នក​បើកបរ​ធ្វើ​កិច្ចសន្យា​ឈប់​បង្កការ​រំខាន​ដល់​ពលរដ្ឋ​ទៀត។ យើង​អនុវត្ត​ទៅតាម​ជំនាញ ​និង​តាម​ច្បាប់​តែ​ប៉ុណ្ណោះ។ យើង​អនុវត្ត​ដូចជា​ភ្លៀង​រលឹម​អ៊ីចឹង»។

លោក​បន្ត​ថា ​ការអនុវត្ត​សណ្តាប់​ធ្នាប់​ចរាចរណ៍នេះ​ គឺ​សមត្ថកិច្ច​ជំនាញ​នៅតែ​បន្ត​ធ្វើ​កិច្ចការ​របស់​ខ្លួន​រហូត។ បើ​នៅ​តំបន់​ស្រុកណា​ដែល​សមត្ថកិច្ច​មិនទាន់​ចុះ​ទៅ​ដល់ ​គឺ​សមត្ថកិច្ច​លោក​នឹង​បន្ថែម​ការងារ​រហូត​ទៅដល់​តំបន់​នោះ ​ដើម្បី​រួមគ្នា​ពង្រឹង​ និង​អនុវត្ត​ច្បាប់​ឱ​កាន់តែ​ប្រសើរ។

ការអនុវត្ត​ច្បាប់​រយៈពេល ​២ ថ្ងៃ​កន្លង​មកនេះ ​សមត្ថកិច្ច​​ឃាត់​រថយន្ត​បាន​ចំនួន​ ១៩ ​គ្រឿង​។ ក្នុង​នោះ​សមត្ថកិច្ច​បាន​ដកហូត​ស៊ី​ផ្លេ​ខ្យល់​ពី​រថយន្ត​ដឹកដី​បាន​ចំនួន ៩ ​ដើម​ នៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ ​២១​ និង​ផ្លូវ​លេខ​ ១២១០​ ​នៅឃុំ​ស្អាង​ភ្នំ​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​។​ បន្ទាប់ពី​តម្រូវឱ្យ​ដោះ​ស៊ីផ្លេ​ចេញពី​រថយន្ត​ហើយ​សមត្ថកិច្ច​ឱ្យ​អ្នក​បើកបរ​រថយន្ត​ធ្វើ​កិច្ចសន្យា​ដោយ​បញ្ឈប់​មិនឱ្យ​ប្រើ​ស៊ីផ្លេ​ខ្យល់​ត​ទៅ​ទៀត។

លោក​ សំអឿន ​បញ្ចាក់ថា ​ក្រៅពី​ដកហូត​ស៊ីផ្លេ​ខ្យល់​ពី​រថយន្ត​ហើយ​នោះ​ សមត្ថកិច្ច​លោក​បានអនុវត្ត​តាម​អនុក្រឹត្យ​លេខ ​៣៩​ ដែល​រាជរដ្ឋាភិបាល​បាន​កំណត់ ​ដោយ​កម្លាំង​សមត្ថកិច្ច​របស់​លោក ​ត្រូវតែ​ចាប់​ផាក​ពិន័យ​អន្តរកាល។ ការងារ​ទាំងនេះ​គឺ​សមត្ថកិច្ច​ជំនាញ​គ្មាន​ធ្វើ​អ្វី​ខុសច្បាប់​ទេ ​មានតែ​ការយោគយល់​ទៅ​វិញ​ទេ។

ចំពោះ​រថយន្ត​ដែលបាន​ផាក​ពិន័យ​មាន​ទាំង​អស់​ចំនួន​ ៧ គ្រឿង ​ក្នុង​នោះ​មាន​រថយន្ត​ដឹក​អីវ៉ាន់​សំពីង​សំពោង ​១ គ្រឿង ​និង​អ្នក​បើក​រថយន្ត​ដែល​មិន​ពាក់​ខ្សែក្រវាត់​ការពារ​ចំនួន​ ៦​ គ្រឿង​​ សរុប​ទឹក​ប្រាក់​ចំនួន​ ១ ២០០ ០០០​រៀល៕

វីដេអូ៖