ភ្នំពេញៈ កម្ពុជា និងវៀតណាមប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសទាំង ២ នៅ ក្រោយវិបត្តិកូវីដ ១៩។ ការប្តេជ្ញាដូច្នេះធ្វើឡើងក្នុងកិច្ចប្រជុំរវាងលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក វឿង ឌីញហ្វេ ប្រធាន រដ្ឋសភាវៀតណាម នៅថ្ងៃទី ៣ ខែមិថុនា តាមប្រព័ន្ធវីដេអូ។
យោងតាមហ្វេសប៊ុក លោក ហេង សំរិន នៅថ្ងៃទី ៣ ខែមិថុនា បានឱ្យដឹងថា លោក ហេង សំរិន បានអបអរសាទរ លោក វឿង ឌីញហ្វេ ដែលត្រូវបានជាប់ឆ្នោតជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិឆ្នាំ ២០២១-២០២៦។ លោកបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក វឿង ឌីញហ្វេ នឹងធ្វើឱ្យទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិកាន់តែមានលក្ខណៈជិតស្និទ្ធ និងស្អិតល្មួតថែមទៀត។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «ឯកឧត្តម វឿង ឌីញ ហ្វេ បានសន្យាថា នៅក្នុងអាណត្តិជាប្រធានរដ្ឋសភាដែលទើបទទួលបានការគាំទ្រពីបក្ស និងរដ្ឋវៀតណាមនឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាពនៃប្រទេសទាំង ២ ឱ្យកាន់តែរឹងមាំ និងប្រសើរឡើងថែមទៀត សំដៅស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសទាំង ២ ឱ្យកាន់តែរីកចម្រើនឡើង នៅក្រោយពីវិបត្តិកូវីដ ១៩ បានបញ្ចប់ទៅ»។
បើតាមហ៊េ្វសប៊ុកលោក ហេង សំរិន រដ្ឋសភាប្រទេសទាំង ២ បានរក្សា និងអនុវត្តនូវស្មារតីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាឱ្យបានយ៉ាងល្អប្រសើរ និងបានធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ សំដៅឱ្យកិច្ចសហប្រតិបត្តិការវិស័យការទូតសភា ឆ្លើយតបទៅនឹងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមស្របតាមបរិបទសកលថែមទៀត។
ប្រភពដដែលបានបញ្ជាក់ថា ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំង ២ សន្យារួមគ្នា បន្តជំរុញឱ្យសម្រេចបាននូវគ្រប់ចំណុចអាទិភាពនៅក្នុងកិច្ចព្រមព្រៀងដែលរដ្ឋសភាប្រទេសទាំង ២ បានចុះហត្ថលេខាកាលពីឆ្នាំ ២០១៩ ក្នុងនោះមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក នៅគ្រប់កម្រិត ពិសេសជំរុញសកម្មភាពក្រុមមិត្តភាពសមាជិកសភាវ័យក្មេង និងសមាជិកសភាជាស្ត្រី ឱ្យមានសកម្មភាពឡើងវិញ។ ភាគីទាំង ២ សន្យាបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភាទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។
ជាមួយគ្នានេះ លោក ហេង សំរិន និងលោក វឿង ឌីញហ្វេ បានអបអរសាទរចំពោះលទ្ធផលនៃការបោះបង្គោលព្រំដែនប្រទេសទាំង ២ ដោយសម្រេចបាន ៨៤ ភាគរយ ហើយសង្ឃឹមថា រដ្ឋាភិបាលទាំង ២ នឹងបញ្ចប់ការងារដែលនៅសេសសល់ប្រមាណ ១៦ ភាគរយទៀតក្នុងពេលឆាប់ៗ ដើម្បីប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីភាពសុខសាន្ត និងវឌ្ឍនភាពរបស់ប្រជាជននៃប្រទេសទាំង ២។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាកម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣ ខែមិថុនា ថា ភាគីទាំង ២ នឹងបន្តកិច្ចសហប្រតិបត្តិការរវាងសភាទាំង ២ នៅក្នុងកិច្ចព្រមព្រៀងមិត្តភាពកិច្ចសហប្រតិបត្តិការដែលចុះហត្ថលេខាកាលពីឆ្នាំ ២០១៩។
លោកបានថ្លែងថា៖ «សភាទាំង ២ សុំឱ្យជំរុញកិច្ចព្រមព្រៀងដែលប្រទេសទាំង ២ បានចុះហត្ថលេខាជាមួយគ្នា ឧទាហរណ៍ ដូចជា កិច្ចព្រមព្រៀងព្រំដែនហ្នឹង យើងធ្វើបាន ៨៤ ភាគរយ វានៅសល់ ១៦ ភាគរយទៀត សុំឱ្យជំរុញភាគីទាំង ២ ដោះស្រាយបញ្ហាព្រំដែនឱ្យបាន ១០០ ភាគរយក្នុងស្មារតីមិត្តភាព»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣ ខែមិថុនា ថាទំនាក់ទំនងកម្ពុជា និងវៀតណាមជាទំនាក់ទំនងជាប្រពៃណី។ ជាទូទៅ រាល់ពេលជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំង ២ គឺតែងតែមានការប្តេជ្ញាចិត្តពីការពង្រឹងមិត្តភាព និងកិច្ចសហប្រត្តិការ។
លោកថ្លែងថា ទំនាក់ទំនងរវាងប្រទេសទាំង ២ ក៏មិនមានសញ្ញាណាមួយថា ធ្លាក់ចុះនោះទេ។ វាជាទំនាក់ទំនងដែលល្អ និងមានការយល់គ្នា។
លោក ភា បន្តថា៖ «ជារួម កម្ពុជា និងវៀតណាមនេះ ទំនាក់ទំនងហ្នឹង វាជាទំនាក់ទំនងមួយដែលមានភាពចាំបាច់។ ទី១ គឺប្រទេសទាំង ២ នៅព្រំដែនភូមិផងរបងជាមួយ។ ទោះជាមានបញ្ហាអី ក៏មិនអាចចាកចេញពីគ្នាបានដែរ។ ទី២ គឺបើយើងនិយាយពីមរតកនៃទំនាក់ទំនងកម្ពុជា វៀតណាម ជាពិសេសរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាហ្នឹងគឺទំនាក់ទំនងរវាងបក្ស និងបក្សហ្នឹងវាមានលក្ខណៈស៊ីជម្រៅខ្លាំង»៕