ភ្នំពេញៈ កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ (UNDP) បាន​រៀបចំ​កម្មវិធី​ពិភាក្សា​ចែករំលែក​ស្តីពី​វិធានការ​គាំពារ​សង្គម ក្នុង​អំឡុងពេល​ផ្ទុះឡើង​នូវ​ជំងឺ​កូវីដ​ ១៩ នៅ​ប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ជនក្រីក្រ និង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ជូន​ដល់​ស្ថាប័ន និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​នៅក្នុង​តំបន់​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ UNDP នៅ​ថ្ងៃទី​ ៣ ខែ​មិថុនា ឱ្យដឹងថា ចាប់តាំងពី​ខែកក្កដា ឆ្នាំ​ ២០២០ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយចំនួន ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ចសង្គម នៅពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

វិធានការ​នោះ​រួមទាំង​ការបូកបញ្ចូល​ពី​ការផ្តល់ប្រាក់​ដល់​ជន​ងាយរងគ្រោះ និង​ជនក្រីក្រ​ប្រមាណ​ ៧០០ ០០០ ​នាក់ ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំង​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គម​កិចុ្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ថ្លែងថា នេះ​គឺជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ប្រទេស​កម្ពុជា​បាន​អនុវត្ត​គម្រោង​គាំពារ​សង្គម​ក្នុង​ទំហំ​ធំ​បែបនេះ​។ គម្រោង​នេះ ផ្តោតលើ​គោលការណ៍​សមធម៌ សមភាព និង​ប្រសិទ្ធភាព​។

លោក​ សំហេង បុរស បន្ថែម​ថា ការធ្វើការ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព​នូវ​ថវិកា​សន្សំ​របស់​ខ្លួន​ក្នុង​ការជួយ​ដល់​អ្នកមាន​តម្រូវការ​បាន​ទាន់ពេលវេលា ជាពិសេស​ជន​ងាយ​រងគ្រោះ និង​ជនក្រីក្រ​។ វិធានការ​គាំពារ​សង្គម​ផ្សេងទៀត​ក៏​បាន​ផ្តល់ទៅឱ្យ​ពលរដ្ឋ​ដែល​ស្ថិតក្នុង​តំបន់​ដែលមាន​ការបិទខ្ទប់​។

លោក Kanni Wignararaja នាយក​ប្រចាំ​តំបន់ UNDP នៃ​ការិយាល័យ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​ថ្លែងថា គម្រោង​គាំពារ​សង្គម​គឺជា​ការវិនិយោគ​ដ៏សំខាន់​បំផុត​សម្រាប់​ប្រជាជន​។

លោក Kanni Wignararaja ថ្លែងថា​៖ «​នៅពេល​ដែល​យើង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩​ថ្មី យើង​ត្រូវតែ​ស្វែងរក​មធ្យោបាយ​កំណត់​ការឆ្លង និង​វិធានការ​គាំពារ​ឱ្យបាន​កាន់តែ​ប្រសើរ ចំពោះ​ជន​ងាយ​រងគ្រោះ​បំផុត​»​។

បើតាម​លោក Kannin Wignararaja គម្រោង​គាំពារ​សង្គម គឺ​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការធានា​សុខុមាលភាព​របស់​ជន​ដែល​ប្រឈម​ទៅនឹង​ហានិភ័យ រួម​នឹង​ការជួយ​កម្ពុជា​ឱ្យ​ទទួល​បាន​ជោគជ័យ​នូវ​ការផ្លាស់ប្តូរ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។

ដូច្នេះ​ UNDP ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ចការ​នេះ ដោយ​ធ្វើការ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​កសាង​ប្រព័ន្ធ​គាំពារ​សង្គម​មួយ​ដ៏ខ្លាំង សម្រាប់​ប្រទេស​។

UNDP បាន​ព្យាករ​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច -៤,១% ហើយ​ស្ថានភាព​ក្រីក្រ អាច​កើនឡើង​ទ្វេដង​ដល់​ ១៧,៦% ក្នុង​ឆ្នាំ​ ២០២០ ប្រសិនបើ​មិនមាន​ការអន្តរាគមន៍​ទាន់ពេលវេលា​។ ផលប៉ះពាល់​លើ​ភាពក្រីក្រ​ត្រូវ​បាន​ប៉ាន់​ស្មានថា មិនសូវមាន​ភាពធ្ងន់ធ្ងរ ហើយ​កំណើន​សេដ្ឋកិច្ច​នឹង​កើនឡើង​ក្នុង​រង្វង់​ ៤ % នៅ​ឆ្នាំ​ ២០២១​។

បញ្ហា​ប្រឈម​ធំ​ជាច្រើន​បាន​កើតឡើង​ក្នុង​ការឆ្លើយតប​ទៅនឹង​រលក​នៃ​ជំងឺ​កូវីដ-១៩ ដែល​បាន​ផ្ទុះឡើង​នៅ​ចុងខែ​មករា​។ ការបិទខ្ទប់​ទីក្រុង​យ៉ាង​តឹងរ៉ឹង និង​ការបង្កើតឡើង​តំបន់​ក្រហម​ត្រូវ​បាន​អនុវត្ត ដែល​ជា​វិធានការ ដើម្បី​កាត់ផ្តាច់​ការចម្លង​នៃ​ជំងឺ​កូវីដ​ ១៩ ​ដែល​បង្កឱ្យ​មាន​បញ្ហា​ប្រឈម​ដល់​ក្រុម​ជន​ងាយ​រងគ្រោះ​មួយចំនួន​។

បើតាម UNDP តម្រូវការ​នាពេលនេះ គឺ​ដើម្បី​ធានាថា បាន​ដោះស្រាយ​បញ្ហា​បាន​ភ្លាមៗ និង​ធានាថា ការរឹតបន្តឹង​នៅពេល​អនាគត​លើ​ការរួមបញ្ចូល​ចលនា ការពារ​ទៅលើ​សិទ្ធិ និង​សុខុមាលភាព​នៃ​អ្នករងគ្រោះ ធ្ងន់ធ្ងរ​បំផុត​ជាមួយ​វិធានការ​ដ៏មាន​ប្រសិទ្ធភាព​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ UNDP និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត កំពុង​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការរក​ដំណោះស្រាយ​។

លោក​ Luke Arnold ឯកអគ្គរាជទូត​រង​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ថ្លែងថា រដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ថវិកា​ប្រមាណ ៣០០ ​លាន​ដុល្លារ​អាមេរិក​ជួយ​ដល់​គ្រួសារ​ក្រីក្រ​បំផុត​ចំនួន​ ៧០០ ០០០ ​គ្រួសារ ដើម្បី​ឆ្លើយតប​នឹង​ផលប៉ះពាល់​ខាង​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​រាតត្បាត​នេះ​។

ការគាំទ្រ​របស់​អូស្ត្រាលី​តាមរយៈ​ដៃគូ​ដូចជា GIZ Cambodia និង UNDP Cambodia បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការបង្កើត​ប្រព័ន្ធ​ផ្ទេរប្រាក់​បន្ទាន់​នេះ​។

បើតាម​លោក Luke Arnold ដោយ​មើលឃើញ​ពី​អត្ថប្រយោជន៍​សេដ្ឋកិច្ច​សង្គម និង​នយោបាយ​នៃ​កម្មវិធី​គាំពារ​សង្គម​បែបនេះ សម្រាប់​ទាំង​ប្រទេស​កម្ពុជា និង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក អូស្ត្រាលី​នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​និរន្តរភាព​នៅ​ប្រទេស​កម្ពុជា ទាំង​ក្នុងអំឡុង និង​ក្រោយពេល​នៃ​ជំងឺ​រាតត្បាត​កូវីដ​នេះ​៕