ភ្នំពេញ៖ រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់​បញ្ចូល​សាលា​អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍ (សាលា​កុមារ​អូទីសិម) ជា​គ្រឹះស្ថាន​សាធារណៈ​របស់់​រដ្ឋ ដោយ​រួម​បញ្ចូល​ទាំង​គ្រូ និង​បុគ្គលិក​អប់រំ​ក្នុង​សាលា​នេះ​ទាំង​អស់​ឱ្យ​ក្លាយ​ជា​បុគ្គលិក​រដ្ឋ​ដោយ​ស្វ័យប្រវត្តិ។

ការ​សម្រេច​ដាក់​បញ្ចូល​សាលា​នេះ​ជា​សាលា​រដ្ឋ​បាន​ធ្វើ​ឡើង តាម​សំណើ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បំពេញ​តម្រូវការ​ចាំបាច់​របស់​ខ្លួន ក្នុង​ការ​បង្កើន​ការ​បណ្តុះបណ្តាល និង​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​បាន​ធ្វើ​ការ​សិក្សា​វាយ​តម្លៃ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

យោង​តាម​លិខិត​មួយ​ច្បាប់ ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​យល់​ព្រម​ជា​គោលការណ៍ ដោយ​បញ្ចូល​សាលា​អង្គការ​ជំនួយ​នៃ​ក្ដី​សង្ឃឹម​សម្រាប់​សហគមន៍​ជា​គ្រឹះស្ថាន​សិក្សា​សាធារណៈ ចាប់​ពី​ឆ្នាំ​សិក្សា ២០២០-២០២១ តទៅ។

បន្ថែម​ពី​នេះ រដ្ឋាភិបាល​ក៏​នឹង​ផ្តល់​ការ​ឧបត្ថម្ភ​ថវិកា​លើ​ដំណើរ​ការ​សាលារៀន ព្រម​ទាំង​បញ្ចូល​គ្រូ​បង្រៀន និង​បុគ្គលិក​អប់រំ​នៅ​សល់​ចំនួន​ ២៦ នាក់ ទៅ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ ដោយ​បាន​ណែនាំ​ឱ្យ​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ទទួល​បាន​ការ​ឧបត្ថម្ភ​បន្ថែម​សម្រាប់​ដំណើរការ​សាលា​រៀន។

ជាមួយ​នឹង​ការ​ប្រកាស​ដាក់​សាលា​កុមារ​អូទីសិម​នេះ ចូល​ជា​គ្រឹះស្ថាន​សាធារណៈ​របស់់​រដ្ឋ​ជា​ផ្លូវ​ការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ចុះ​ថ្ងៃទី ៣ មិថុនា​ថា ក្រសួង​បាន​សម្រេច​ប្រែ​ក្លាយ​សាលា​អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍ ទៅ​ជា​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ចាប់​ពី​ឆ្នាំ​សិក្សា ២០២០-២០២១ តទៅ។

បន្ថែម​ពី​នេះ ក្រសួង​បាន​បន្ត​ថា សម្រាប់​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ​នេះ​ ត្រូវ​ដឹកនាំ​ដោយ​នាយក​មួយ​រូប និង​នាយក​រង​មួយ​រូប ឬ​ច្រើន​រូប​ជា​ជំនួយ​ការ​តាម​ការ​ចាំបាច់ ព្រម​ទាំង​បុគ្គលិក​ផ្សេង​ទៀត ស្រប​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​ប្រើប្រាស់​ក្របខ័ណ្ឌ​បុគ្គលិក​សម្រាប់​អប់រំ​ពិសេស។

កុមាររៀននៅក្នុងសាលាអូទីសិម នាពេលកន្លងទៅ។ រូបថត Hands of Hope Community

នាយក នាយក​រង មាន​សិទ្ធិ​ទទួល​ប្រាក់​បំណាច់​មុខងារ​តាម​គោលការណ៍​កំណត់​របស់​រដ្ឋ។

លោក ចាន់ សារិន នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ៤ មិថុនា ដោយ​បង្ហាញ​ក្តី​ត្រេកអរ​ ដែល​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​សាលា​នេះ ជា​គ្រឹះស្ថាន​សាធារណៈរដ្ឋ ខណៈ​ដែល​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ សាលា​បាន​ប្រឈម​នូវ​ការ​ខ្វះខាត​ជំនួយ​ជាច្រើន។

លោក​បញ្ជាក់​ថា៖ «ដោយសារ​តែ​ឆ្នាំ ២០២០ កន្លង​មក​នេះ សាលា​បាន​ជួប​បញ្ហា​គ្មាន​ម្ចាស់​ជំនួយ ដែល​រដ្ឋាភិបាល​បាន​ស្តាប់​ពី​ការ​លំបាក​របស់​យើង ក៏​បាន​ទទួល​ស្គាល់​យើង​សម្រាប់​ផ្តល់​ក្តី​សង្ឃឹម​ដល់​កុមារ​មាន​បញ្ហា​ស្មារតី​នៅ​ក្នុង​សាលា​យើង»។

បើ​តាម​លោក ចាន សារិន សាលា​អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍​មាន​សាខា​ចំនួន ៥ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ដែល​មាន​កុមារ​មាន​បញ្ហា​ស្មារតី កំពុង​សិក្សា​ក្នុង​សាខា​ទាំង ៥ នេះ ចំនួន ២០៥ នាក់ និង​មាន​គ្រូបង្រៀន​ពេញ​សិទ្ធិ​ចំនួន ៤០ នាក់ និង​អ្នក​ស្ម័គ្រចិត្ត​មាន​ជិត ១០ នាក់។

លោក​បាន​បញ្ជាក់​ថា៖ «នៅ​ពេល​យើង​ទទួល​បាន​ការ​សម្រេច​អនុញ្ញាត​នេះ​ហើយ យើង​នឹង​បញ្ចូន​សាលា​សាខា​ទាំង ៥ មក​ជា​សាលា​តែ​មួយ ដើម្បី​បង្កើត​ជា​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ​នេះ ដោយ​មាន​ការ​គ្រប​ដណ្តប់​ចាប់​ពី​ថ្នាក់​មតេយ្យ ដល់​ថ្នាក់ទី ១២ ដោយ​ធ្វើ​ការ​គ្រប​ដណ្តប់​ចំពោះ​តំបន់​ដែល​មាន​ក្នុង​ពេល​បច្ចុប្បន្ន មាន​នៅ​ស្រុក​ស្អាង ឬ​ស្រុក​កណ្តាល​ស្ទឹង»៕