
រថយន្ត ១ គ្រឿងដែលប្រើស្លាកលេខផ្ទាល់ខ្លួនពិសេសកំពុងបើកបរតាមផ្លូវ។ ហ៊ាន រង្សី
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងពាណិជ្ជកម្មបាននិងកំពុងរៀបចំយន្តការបច្ចេកវិទ្យារួមគ្នា ដែលមានលក្ខណៈស្វ័យប្រវត្តិ ដើម្បីធានាគ្រប់គ្រង ផ្ទៀងផ្ទាត់រាល់ការទិញស្លាកលេខចុះបញ្ជីយានយន្តផ្ទាល់ខ្លួនពិសេស ពាក់ព័ន្ធនឹងឈ្មោះម៉ាកពាណិជ្ជកម្ម ដើម្បីផ្តល់ជាប្រយោជន៍ ជូនប្រជាពលរដ្ឋ និងជំរុញការប្រមូលចំណូលមិនមែនសារពើពន្ធ។
លោក ឈួន វន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូនប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២១ ឱ្យដឹងថា ការសហការគ្នារវាងក្រសួងទាំង ២ នេះ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការចេញស្លាកលេខពិសេសផ្ទាល់ខ្លួនទៅឱ្យអតិថិជន វាមានផលប៉ះពាល់ដល់កម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន ដែលមានការចុះបញ្ជីបានត្រឹមត្រូវ។
លោក ឈួន វន់ បញ្ជាក់ទៀតថា ក្រសួងកាលពីកន្លងមកក៏ធ្លាប់បានផ្តល់ស្លាកលេខពិសេសឱ្យទៅអតិថិជនយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ដែលជាហេតុធ្វើឱ្យមានការតវ៉ា។ ប៉ុន្តែបច្ចុប្បន្ននេះក្រសួងស្នើសុំសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីទទួលបានម៉ាកពាណិជ្ជកម្មទាំងអស់ ដើម្បីការពារជូនដល់ក្រុមហ៊ុនទាំងនោះ។
លោក ឈួន វន់ ថ្លែងថា៖ «ប្រសិនបើអ្នកណាមួយស្នើសុំឈ្មោះដែលបានចុះបញ្ជីរួចហើយគឺយើងមិនអនុញ្ញាតនោះទេ យើងត្រូវការពារ និងផ្តល់អាទិភាពទុកជូនក្រុមហ៊ុនរបស់គេមុន។ ម្យ៉ាងទៀត ម៉ាកពាណិជ្ជកម្មរាប់ម៉ឺនម៉ាកដែលត្រូវបានចុះបញ្ជីជាមួយនឹងក្រសួងពាណិជ្ជកម្មដែលយើងមិនដែលស្គាល់ ប្រសិនបើយើងផ្តល់ជូន វានឹងធ្វើឱ្យប៉ះពាល់»។
ទោះជាយ៉ាងណាលោក ឈួន វន់ បញ្ជាក់ទៀតថា ជាជំហានដំបូងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូននឹងជ្រើសរើសយកតែម៉ាកពាណិជ្ជកម្មល្បីៗជាមុនសិន ដើម្បីតភ្ជាប់ប្រព័ន្ធអនឡាញជាមួយនឹងក្រសួងពាណិជ្ជកម្ម។ ប៉ុន្តែក្រសួងពាណិជ្ជកម្ម ស្នើសុំរយៈពេលយ៉ាងហោចណាស់ ១ ខែ ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងមុននឹងឈានដល់ការសម្រេច។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា ក្រុមការងាររបស់ក្រសួងទាំង ២ កំពុងធ្វើការជាមួយគ្នា ដើម្បីពិនិត្យ និងសម្របសម្រួលពីបញ្ហាបច្ចេកទេស ទិដ្ឋភាពច្បាប់ដែលមានជាធរមាន និងបញ្ហាពាក់ព័ន្ធផ្សេងទៀតក្នុងគោលបំណងការពារឱ្យមានប្រសិទ្ធភាពនូវភាពជាម្ចាស់នៃកម្មសិទ្ធិបញ្ញាចំពោះករណីនេះ ដោយអនុលោមតាមខ្លឹមសារមាត្រានានានៃច្បាប់ម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់ ក៏ដូចជាបញ្ញត្តិពាក់ព័ន្ធដទៃទៀតស្តីពីការចុះបញ្ជីម៉ាក។
លោក ប៉ែន សុវិជាតិ បន្តថា កិច្ចសហការនេះចាំបាច់ត្រូវអនុវត្តទៅតាមច្បាប់កម្មសិទ្ធិបញ្ញា និងបញ្ញត្តិពាក់ព័ន្ធជាធរមាននឹងជួយការពារប្រកបដោយប្រសិទ្ធភាពនូវភាពជាម្ចាស់កម្មសិទ្ធិនូវស្លាកសញ្ញានានា ដែលបានចុះបញ្ជីរួចហើយក្នុងបញ្ជីម៉ាក និងតាមខ្លឹមសារដែលមានចែងក្នុងច្បាប់។
លោកបញ្ជាក់ថា៖ «ដូច្នេះទាមទារឱ្យមានការចុះបញ្ជីម៉ាក និង ការបង្ការ និងបញ្ចៀសទុកជាមុននូវការរំលោភបំពាននានាចំពោះម៉ាកដែលបានចុះបញ្ជីរួច និងកម្មសិទ្ធិនានាដែលបានទទួលសិទ្ធិតាមច្បាប់»។
បើតាម លោក ប៉ែន សុវិជាតិ មកទល់នឹងបច្ចុប្បន្ននេះម៉ាកដែលបានចុះបញ្ជីរួចមានចំនួនជាង ១១ ម៉ឺនម៉ាក ដែលទទួលកិច្ចការពារភាពជាកម្មសិទ្ធិរបស់ម្ចាស់ម៉ាកស្របតាមច្បាប់។
បើតាមលោក ឈួន វន់ ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីកន្លងមកក៏បានធ្វើកិច្ចសហការជាមួយនឹងក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍រួចហើយក្នុងការផ្តល់ឈ្មោះទីតាំង ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានទេសចរណ៍ផ្សេងៗ។
ក្រសួងមិនផ្តល់ការអនុញ្ញាតចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនដែលមានឈ្មោះទីតាំងប្រវត្តិសាស្ត្រ និងរមណីយដ្ឋានទេសចរណ៍ទៅឱ្យអតិថិជននោះទេ។ ប៉ុន្តែ ពលរដ្ឋធម្មតាក៏អាចស្នើសុំចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនជាឈ្មោះរបស់ហាងរបស់ខ្លួនបានដែរ ក្រៅពីក្រុមហ៊ុនល្បីៗ និងឈ្មោះទីតាំងប្រវត្តិសាស្ត្រ និងរមណីយដ្ឋាននៅទូទាំងប្រទេស៕