ភ្នំពេញៈ មន្ត្រី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន​ជាមួយ​នឹង​ការឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន​កូកាកូឡា ផ្សាយ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​អេឡិចត្រូនិក ខណៈ​អ្នកប្រឹក្សា​ផ្នែក​សន្តិសុខ​ឌីជីថល​អះអាងថា ការផ្ញើ​សារ​ឈ្នះ​រង្វាន់​នោះ ជាការ​បោកប្រាស់​។

លោក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ថ្លែងថា ក្នុង​រយៈពេល​ថ្មីៗ​នេះ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សង្កេតឃើញ​មានការ​កើនឡើង​នូវ​ការទទួល​បាន​សារ​ទាក់ទង​នឹង​ការឈ្នះរង្វាន់​ពី​មូលនិធិ​សុខុមាលភាព​កូកាកូឡា​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម Telegram និង​ហ្វេសប៊ុក​ដែល​មាន​ខ្លឹមសារ​ថា «​ចុច​ដើម្បី​ចូលរួម​ស្ទង់​មតិ មានឱកាស​ឈ្នះ ២០ ​ម៉ឺន​រៀល​»​។

លោក ជា ពៅ ថ្លែងថា​៖ «​សូមឱ្យ​អ្នកប្រើប្រាស់​ទាំងអស់ កុំ​ជឿ​លើ​ការឈ្នះ​រង្វាន់ ដែល​ផ្សព្វផ្សាយ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ណាមួយ​នោះ ព្រោះ​ភាគច្រើន វា​គឺជា​ការបោក​បញ្ឆោត​។ សូមកុំ​ចុច​នៅលើ​តំណភ្ជាប់ ឬ​ធ្វើការ​ចែកចាយ​បន្ត ដែល​នាំឱ្យ​ខាតបង់​ពេលវេលា ឬ​ប្រាក់កាស​របស់លោក​អ្នក​តែប៉ុណ្ណោះ​»​។

តាម​ការស្រាវជ្រាវ​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សារ​ទាំងអស់​នោះ​គឺជា​សារ​បោកបញ្ឆោត​ហើយ​អាចជា​ល្បិច​របស់​ពួកក្រុម​ជនខិលខូច​ ដើម្បី​ចែកចាយ​កម្មវិធី​មេរោគ លួច​ប្រមូលយក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ ឬ​ដើម្បី​ស្វែងរក​ទីតាំង​របស់​អ្នកប្រើប្រាស់​។

លោក​ថ្លែងថា​៖ «​នៅពេល​ខ្លះ ពួកគេ​អាច​ប្រើល្បិច​ទាមទារ​ឱ្យ​អ្នកប្រើប្រាស់​ធ្វើការ​បង់ប្រាក់​បន្តិចបន្តួច​ ដើម្បី​ឱ្យ​លោកអ្នក​មាន​ការជឿជាក់ ប៉ុន្តែ​នេះ​ជា​ល្បិច​ដើម្បី​បោក​បញ្ឆោត​យកប្រាក់កាស ឬ​ដើម្បី​លួច​យក​លេខ​បណ្ណ​ឥណទាន​របស់​លោកអ្នក​»​។

លោក ង៉ែត ម៉ូសេ អ្នក​ប្រឹក្សា​ផ្នែក​សន្តិសុខ​ឌីជីថល​ថ្លែងថា លោក​បាន​សាកល្បង​ធ្វើ​តេស្តផ្ទាល់​តាម​អ្វីដែល​អ្នកបោក​ប្រាស់​បាន​ផ្ញើ​សារ​មក​តាម​បណ្តាញសង្គម​។ ជា​លទ្ធផល​បង្ហាញថា នៅក្នុង​សារ​នោះ​គឺជា​ការបោកប្រាស់ ដែល​នាំឱ្យ​មាន​ការខាតបង់​ប្រយោជន៍​សម្រាប់​អ្នក​ប្រើប្រាស់​មួយចំនួន ដែល​ខ្វះ​ការយល់ដឹង​។ ជន​បោកប្រាស់​បាន​យកឈ្មោះ កូកាកូឡា ទៅ​ដាក់​នៅលើ​ផ្ទាំង​ផ្សាយ ហើយ​ផ្ញើ​សារ​តាមរយៈ​បណ្តាញ​សង្គម​អេឡិចត្រូនិក​។ «​បុគ្គល​ទុច្ចរិត​លាក់​មុខ បង្កើត​ការបោកប្រាស់​បែប​ហ្នឹង គឺមាន​ចេតនា​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​លំដាប់​ពិភពលោក ព្រោះ​ប្រទេស​ណា ដែល​បើក​សារ​នោះ វា​នឹង​ចេញ​ជា​ភាសា​របស់​ប្រទេស​ហ្នឹង​អ៊ីចឹង​អ្នក​រងគ្រោះ​អាចមាន​នៅក្នុង​ប្រទេស​យើង​ផង ឬ​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ​»​។

អ្នក​ប្រឹក្សា​ផ្នែក​សន្តិសុខ​ឌីជីថល រូបនេះ​ថា ការស្រាវជ្រាវ​រក​ជនល្មើស​បច្ចេកវិទ្យា​ដែល​បង្កើត​សារ​បោកប្រាស់​នេះ​មិនមែន​ជា​ការងាយ​ទេ​។ «​ខ្ញុំ​មើលទៅ ខ្ញុំ​អត់​ដឹងថា ឧក្រិដ្ឋជន​នៅ​ទីតាំង​ណា​ទេ ប៉ុន្តែ​តំណភ្ជាប់​ដែល​ខ្ញុំ​ចូលទៅ​មើល​ហ្នឹង គឺ​ឃើញថា ជា អាយភី ដែលសឺវ័រ ​វា​ហោះ​នៅ​អាមេរិក ប៉ុន្តែ​មិនមែន​មាន​ន័យថា ពួកក្រុម​ឧក្រិដ្ឋជន​នៅ​អាមេរិក​នោះទេ​»៕

វីដេអូ៖