ភ្នំពេញៈ សមត្ថកិច្ច​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ (​គ.ប.ផ.ក) ​នៃ​ក្រសួងមហាផ្ទៃ​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន​អ្នកពាក់ព័ន្ធ​នឹង​​អាល់កុល​ក្លែងក្លាយ​ ឬ​សារធាតុ​មេតាណុល​ជាង​ ៧៤ ០០០ ​លីត្រ ដើម្បី​យកមក​ផ្តន្ទាទោស បន្ទាប់ពី​សហការ​ចុះបង្ក្រាប​​ និង​រឹបអូស​បាន​នៅ​ទីតាំង​ឃ្លាំង​ចំនួន​ ៣ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ ២ ខណ្ឌ​មានជ័យ​កាលពី​ថ្ងៃទី​ ១ ខែ​មិថុនា​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ គ.ប.ផ.ក កាលពី​ថ្ងៃទី​ ២ ខែមិថុនា បានឱ្យដឹងថា ការចុះ​បង្ក្រាប​ទីតាំង​ឃ្លាំង​ស្តុក​អាល់កុល​ទាំង​ ៣ ​នេះ កម្លាំងចម្រុះ​របស់ គ.ប.ផ.ក បាន​រកឃើញ​វត្ថុតាង​អាល់កុល​​ចំនួន​ ១ ៥០៨ ​កាន និង​សារធាតុ​មេតាណុល​ចំនួន​ ១៣១ ​ធុង ស្មើនឹង​ចំនួន ៧៤ ០៦០ ​លីត្រ​។

អាល់កុល​ដែល​រឹបអូស​បាន​ទាំងនេះ ទី​ ១ ជា​អាល់កុល​ក្លែងក្លាយ ទី​ ២ ​គ្មាន​គុណប្រយោជន៍​អ្វី​ទាំងអស់ សម្រាប់​ប្រើប្រាស់​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​ ឬ​សម្រាប់​សម្លាប់​មេរោគ​ផ្សេងៗ​ជាពិសេស​មេរោគ​កូវីដ​ ១៩ និង​ទី​ ៣ ​ពុំមាន​ច្បាប់​អនុញ្ញាត​។

គ.ប.ផ.ក បញ្ជាក់ថា​៖ «​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ​ ២០២០ បាន​ប្រកាស​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​ក្រសួងមហាផ្ទៃ​សម្របសម្រួល​ដឹកនាំ​ការបង្ក្រាប​ផលិតផល​ឱសថ​សាស្ត្រ និង​វេជ្ជសាស្ត្រ បង្ការ​ទប់ស្កាត់ និង​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ក្លែងក្លាយ និង​គ្មាន​គុណភាព​។ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​តែងតែ​ដឹកនាំ​ចង្អុល​ទិស​ក្នុង​ការចុះអនុវត្ត​អនុសាសន៍​ខាងលើនេះ​ដែល​ស្តែងចេញ​ឡើង​នូវ​សកម្មភាព​បង្ក្រាប​នេះ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា ដោយ​ឃើញ​ទីតាំង​ខុសច្បាប់​នេះ​មិន​អនុលោម​តាមច្បាប់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឱ្យ​ គ.ប.ផ.ក បិទ​ទីតាំង​ទាំង​ ៣ ​នេះ និង​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​។ «​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​បន្ត​ស្វែងរក​ចាប់​ជនសង្ស័យ​ពាក់ព័ន្ធ​ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​»​។

បើតាម​ គ.ប.ផ.ក ការចុះ​បង្ក្រាប​ទីតាំង​ស្តុក​ទុក​ចែកចាយ អាល់កុល​ក្លែងក្លាយ​ដ៏ធំ និង​ច្រើន​សន្ធឹកសន្ធាប់​នេះ​គឺជា​ករណី​ពុំ​ធ្លាប់មាន​នាពេល​កន្លងមក​។ ​

គ.ប.ផ.ក បញ្ជាក់ថា​៖ «​យើង​សង្កេតឃើញថា មាន​ជនខិលខូច​មួយចំនួន​បាន​នាំចូល​ស្ដុក​ទុក និង​ចែកចាយ​អាល់កុល​ក្លែងក្លាយ​នៅលើ​ទីផ្សារ​កម្ពុជា​ស្របពេល​កំពុង​ជួប​វិបត្តិ​កូវីដ​ ១៩ ​ដែល​អ្នកប្រើប្រាស់​កំពុង​មាន​តម្រូវការ​ច្រើន​។ កត្ដា​នេះ​ជា​ហានិភ័យ​ងាយ​រង​ផលប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ផងដែរ​»​។

លោក មៀច សុផាន់ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ឱ្យដឹងពី​ម្សិលមិញ​ថា បច្ចុប្បន្ន​សមត្ថកិច្ច​មាន​សាវតារ​អ្នក​​ពាក់ព័ន្ធ​ករណី​លក់​អាល់កុល​ក្លែងក្លាយ​នេះ​រួចហើយ និង​កំពុង​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​មក​អនុវត្ដ​តាមច្បាប់​។

លោក​ថ្លែងថា​៖ «​ឥឡូវ​កម្លាំង​សមត្ថកិច្ច​​យើង​កំពុងតែបន្ត​ស្រាវជ្រាវ​រក​ម្ចាស់​អាល់កុល​ក្លែងក្លាយ​នេះ​មក​ទទួល​ខុសត្រូវ​តាមច្បាប់​។ នៅពេល​ដែល​សមត្ថកិច្ច​យើង​ចូលទៅ​បង្ក្រាប​នោះ គឺ​មានតែ​កម្មករ ប៉ុន្ដែ​ទោះបីជា​យ៉ាងណា​ក៏​យើង​មាន​ភ័ស្ថុតាង និង​ស្គាល់​សាវតារ អត្ដសញ្ញាណ​ជនសង្ស័យ​ហើយ​។ ករណី​​នេះ​យើង​នឹងមិន​អនុញ្ញាតឱ្យ​ជនល្មើស​រួច​​ខ្លួន​ទេ គឺ​ត្រូវតែ​អនុវត្ដ​តាមច្បាប់​ហើយ​»​។

លោក​បាន​ឱ្យដឹងទៀតថា ពេលនេះ​​លោក​កំពុង​បញ្ជា​សមត្ថកិច្ច​ឱ្យ​ចុះ​ស្រាវជ្រាវ​រឹបអូស​អាល់កុល​ក្លែងក្លាយ​ដែល​ជនខិលខូច​បាន​ចែកចាយ​បន្ត​លើ​ទីផ្សារ​​មកវិញ​តាមរយៈ​វិក្កយបត្រ​ទិញ-លក់ ដែល​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ​។

ចាប់តាំងពី​មាន​ករណី​ផ្ទុះ​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ព្រឹត្ដិការណ៍​ ២០ កុម្ភៈ រហូតមក មន្ដ្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប) នៃ​ក្រសួង​ពាណិជ្ជកម្ម​សាខា​រាជធានី-ភ្នំពេញ​បាន​បង្ក្រាប និង​រឹបអូស​អាល់កុល​ក្លែងក្លាយ​បាន​ជាង​ ៤០ ​តោន និង​បាន​​យកទៅ​បំផ្លាញចោល​ជា​បន្តបន្ទាប់​។

លោក ហេង មាលី ប្រធាន​សាខា​ ក.ប.ប រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​កាលពី​ម្សិលមិញ​ដែរ​ថា មន្ដ្រី​ ក.ប.ប រាជធានី​ភ្នំពេញ​តែង​ចុះ​ត្រួតពិនិត្យ​នៅតាម​កន្លែង​លក់ដូរ​ជាប្រចាំ​ ដើម្បី​ពិនិត្យ​លើ​គុណភាព​ទំនិញ និង​អាល់កុល​ក្លែងក្លាយ កុំ​ឱ្យមាន​ការលក់​បន្លំ​។

លោក​បាន​បន្តថា​៖ «​ចំពោះ​អ្នក​ពាក់ព័ន្ធ​ក្នុង​ការលក់​អាល់កុល​ក្លែងក្លាយ​​នេះ​យើង​ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​តុលាការ​ ដើម្បី​ទុកឱ្យ​តុលាការ​ចាត់វិធានការ​តាមច្បាប់​ជាច្រើន​ករណី​ដែរ​»​។

បើតាម​អគ្គនាយកដ្ឋាន ក.ប.ប អាល់កុល​ ឬ​អេតាណុល​គឺជា​សារធាតុ​ដែល​គេ​យកមកប្រើ​សម្រាប់​សម្លាប់​មេរោគ​ពិសេស​ក្នុងដំណាក់កាល​ជំងឺ​កូវីដ​ ១៩ ​កំពុង​រីករាលដាល​ខ្លាំង​ធ្វើឱ្យមាន​តម្រូវការ​ខ្ពស់​។ ហេតុនេះ​នាំឱ្យមាន​បុគ្គល​ខ្លះ​ឆ្លៀតឱកាស​បន្លំ​យក​សារធាតុ​មេតាណុល​មក​លក់​ជូន​ពលរដ្ឋ​ដើម្បី​យកទៅ​សម្លាប់​មេរោគ ឬ​ធ្វើជា​សារធាតុ​ផ្សំ​សម្រាប់​ផលិត​ជា​ជែល​សម្លាប់​មេរោគ​។

ប៉ុន្ដែ​សារធាតុ​មេតាណុល​ គឺជា​សារធាតុ​ពុល​ដែល​គេ​ច្រើន​ប្រើ​ធ្វើជា​សារធាតុ​​សម្រាប់​រំលាយ​។ ការប្រើ​មេតាណុល​ធ្វើជា​សារធាតុ​សម្លាប់​មេរោគ​មិន​ត្រឹមតែ​គ្មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​​ប្រើ​ទៀតផង ដូចជា ធ្វើឱ្យ​រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់​ស្មារតី ក្អួតចង្អោរ រំខាន​ដល់​ការរំលាយ​អាហារ​ ឬ​បណ្តាល​ឱ្យស្លាប់​បាន បើ​យកទៅ​លាយ​ជាមួយ​ស្រា​ហើយ​បរិភោគ​លើស​កម្រិត​៕