ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​ខ្នាតតូច​ចំនួន ១៩៩ ​គម្រោង ស្ថិតនៅ​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​នៅ​ទូទាំង​ប្រទេស កំពុង​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន ខណៈ​គម្រោង​ទេសចរណ៍​ខ្នាតតូច​ទាំងនេះ​បាន​ចូលរួម​អភិរក្ស​ធនធាន​ធម្មជាតិ និង​បង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន​ដល់​ប្រជាសហគមន៍​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​នៅ​ថ្ងៃទី​ ២ ខែ​មិថុនា​ថា បច្ចុប្បន្ន​ក្រសួង​បរិស្ថាន​បាននិង​កំពុង​គ្រប់គ្រង​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​ខ្នាតតូច​ (​ទំហំ​ដី​មិន​លើសពី​ ១០ ​ហិកតា ​ក្នុង​ ១ ​គម្រោង​) ចំនួន ១៩៩ ​គម្រោង ដែល​ស្ថិតនៅក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​នៅ​ទូទាំង​ប្រទេស​។

គម្រោង​ទាំងនោះ មាន​នៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ឧទ្យាន​ជាតិ​កែប ដែន​ជម្រក​សត្វព្រៃ​ឱរ៉ាល់ ឧទ្យាន​ជាតិ ព្រះសុរាម្រឹត​កុសុមៈ គិរីរម្យ ឧទ្យាន​ជាតិ​ក្រវាញ​កណ្តាល ដែន​ជម្រក​សត្វព្រៃ​កែវសីមា ដែនជម្រក​សត្វព្រៃ​តាតៃ និង​ពាម​ក្រសោប​ជាដើម​។

លោក​ថ្លែងថា​៖ «​ក្រសួងបរិស្ថាន​ជឿជាក់ថា ជាមួយ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍​ខ្នាតតូច​នេះ​នឹង​ចូលរួម​ក្នុង​ការអភិរក្ស​ធនធានធម្មជាតិ និង​បង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន​សម្រាប់​ប្រជាសហគមន៍​»​។

លោក ភក្ត្រា ឱ្យ​ដឹងថា គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​ទាំងនោះ មាន​សក្តានុពល​ទេសចរណ៍​ដូចជា ទឹកធ្លាក់ ទេសភាព និង​ព្រៃឈើ និង​សត្វព្រៃ​។ គម្រោង​មួយចំនួន​បាននិង​កំពុង​ដំណើរការ និង​មួយចំនួន​ទៀត​បាននិង​កំពុង​រៀបចំ​នីតិវិធី​នៃ​ការធ្វើ​កិច្ចសន្យា​ការពារ​បរិស្ថាន ការរៀបចំ​ប្លង់មេ និង​កម្មវិធី​អភិវឌ្ឍន៍​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ការបង្កើត​តំបន់​ទេសចរណ៍​ថ្មី​បន្ថែម​លើ​អ្វី​ដែលមាន​ស្រាប់​គ្រប់គ្រង​ដោយ​សហគមន៍​។ បច្ចុប្បន្ន​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ចំនួន ២៦ បាននិង​កំពុង​តែ​គ្រប់គ្រង​ដោយ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​»​។

បើតាម​លោក ភក្ត្រា ការជំរុញ​លើ​ការអភិវឌ្ឍ​ទេសចរណ៍​ធម្មជាតិ គឺ​ដើម្បី​ជំរុញ​ការចូលរួម​ក្នុង​កិច្ចការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ពី​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​សហគមន៍​មូលដ្ឋាន​។ សហគមន៍​ដើរតួនាទី​សំខាន់​ក្នុង​ការចូលរួម​ទទួលខុស​ត្រូវការពារ​អភិរក្ស​ធនធាន​ធម្មជាតិ​ឱ្យបាន​គង់វង្ស និង​កសាង​ជា​របង​ការពារ​តំបន់​ការពារ​ធម្មជាតិ​តាមរយៈ​ការបង្កើត​មុខរបរ​ថ្មី​ផ្តល់​ជម្រើស​ថ្មី និង​បង្កើន​ចំណូល​ប្រចាំថ្ងៃ បង្កើន​ជីវភាព​ដល់​ពលរដ្ឋ​។

បើតាម​លោក​ ភក្ត្រា កាលពី​ឆ្នាំ​ ២០២០ ​សហគមន៍​ទេសចរណ៍​ធម្មជាតិ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​បានទទួល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ធ្វើដំណើរ​ទស្សនា​កម្សាន្ត​ជាង​ ៦៤ ​ម៉ឺន​នាក់​។ ថវិកា​យ៉ាងហោចណាស់​ជាង​ ៣០ ​លាន​ដុល្លារ​ត្រូវបាន​ចាក់​ចូលក្នុង​សេដ្ឋកិច្ច​មូលដ្ឋាន កាលពី​ឆ្នាំ​ ២០២០ ​តាមរយៈ​ទេសចរណ៍​ធម្មជាតិ​។

តាម​របាយការណ៍​សហគមន៍​ទេសចរណ៍​ធម្មជាតិ​កាលពី​ឆ្នាំ​ ២០២០ ក្នុង​ ១ ​ឆ្នាំៗ​សហគមន៍​ទទួលបាន​ចំណូល​ចន្លោះ​ពី ៥​ ម៉ឺន​ទៅ ១៨ ​ម៉ឺន​ដុល្លារ​ក្នុង ១ ​សហគមន៍​។ ចំណូល​នេះ បានមកពី​សេវាកម្ម​លក់​សំបុត្រ ជួល​ទូក​ជិះ​កម្សាន្ត សេវាកម្ម​ជូន​ភ្ញៀវ ដឹកជញ្ជូន ការស្នាក់នៅ ការទិញ​វត្ថុ​អនុស្សាវរីយ៍​។ នេះ​មិន​គិតពី​ការចំណាយ​លើ​អាហារ និង​សម្ភារ​ផ្សេងទៀត​ដែល​ភ្ញៀវទេសចរ​បាន​ចំណាយ ដូចជា​ការទិញ​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារ​ប្រើប្រាស់​ផ្សេងទៀត​សម្រាប់​ដំណើរ​កម្សាន្ត និង​ការស្នាក់​នៅក្នុង​ព្រៃ​។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា​៖ «​នេះ​គឺជា​យន្តការ​ដែលមាន​ប្រសិទ្ធភាព និង​មាន​និរន្តរភាព​សម្រាប់​កិច្ចការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​បន្ថែម​ពី​ការប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​ច្បាប់ និង​ការបណ្តុះ​ស្មារតី​ស្រឡាញ់​ធម្មជាតិ​។ បច្ចុប្បន្ននេះ​និន្នាការ​របស់​ប្រជាពលរដ្ឋ​ចាប់​ផ្តើមធ្វើ​ទេសចរណ៍​បែប​ផ្សងព្រេង​នៅក្នុង​ព្រៃព្រឹក្សា​។ ពីមុន​ពេលដែល​គេ​និយាយ​ពី​ការចូល​ព្រៃ​ដើម្បី​តស៊ូ ប៉ុន្តែ​នៅ​សម័យ​តេជោ​សន្តិភាព​ចូល​ព្រៃ​គឺជា​ដំណើរ​កម្សាន្ត​បែប​ធម្មជាតិ ស្វែងយល់​ពី​ធម្មជាតិ​ និង​ដោយ​ចិត្ត​ស្រឡាញ់​ធម្មជាតិ​»​។

កាលពី​ថ្ងៃទី​ ១ ខែមិថុនា ក្រុម​ការងារ​របស់​ក្រសួងបរិស្ថាន​បាន​ដឹកនាំ​កិច្ចប្រជុំ​សិក្សា​កំណត់​តំបន់​បោះបង្គោល​ព្រំប្រទល់​ដី​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​ខ្នាតតូច​ (​ទំហំ​ដី​មិន​លើសពី​ ១០ ​ហិកតា​) ៨ ​គម្រោង​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី ក្នុង​របៀង​អភិរក្ស​ជីវចម្រុះ​ឦសាន​។

លោក សុខ ជា ប្រធាន​សហគមន៍​នេសាទ​ចង្ហោន​ស្ថិតនៅក្នុង​ភូមិចង្ហោន ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្ដ​កំពត បានឱ្យដឹងថា ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​នេសាទ​ចង្ហោន​បាន​ប្រមូល​ផ្ដុំគ្នា​កសាង​ជា​សហគមន៍​ទេសចរណ៍​ហើយ​បាន​កែច្នៃ​ផល​នេសាទ សម្រាប់​លក់​ឱ្យ​ភ្ញៀវទេសចរ​។

លោក​បាន​ប្រាប់ថា​៖ «​ពលរដ្ឋ​នៅក្នុង​សហគមន៍​យើង បាន​បង្កបង្កើន​ផលិតផល​ទេសចរណ៍​ពី​ផលនេសាទ​ដូចជា​ការផលិត បង្គា​ក្រៀម និង​ត្រី​ (​ត្រីងៀត ត្រីប្រឡាក់​) ដែល​រកបាន​ពី​ផលនេសាទ​។ ផលិតផល​នេសាទ​យើង​លក់ដាច់​ច្រើន ដោយសារ​មាន​អ្នកទេសចរ​ស្គាល់​បន្តៗ​គ្នា ក្រោយ​ពេល​ពួកគេ​មកលេង​នៅតាម​សហគមន៍​»៕