គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បង្ហាញ​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​សម្រេច​អនុម័ត​បញ្ចូន​សេចក្តី​ព្រាង​ច្បាប់​មួយចំនួន​ទៅ​គណៈកម្មការ​សាមី​ធ្វើការ​ពិនិត្យ​បន្ត ខណៈ​អនុម័ត​បញ្ចូល​សេចក្តី​ព្រាង​ច្បាប់​មួយចំនួន​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​ ៦ នីតិកាល​ទី​ ៦ នាពេល​ខាងមុខ​។

លិខិត​របស់​រដ្ឋសភា ស្តីពី​លទ្ធផល​កិច្ចប្រជុំ​ចុះ​ថ្ងៃទី ៤ មិថុនា បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​បើក​កិច្ចប្រជុំ​នៅថ្ងៃនេះ​តាម​ប្រព័ន្ធ​វីដេអូ ដោយ​ដឹកនាំ​ដោយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​។

រដ្ឋសភា​បាន​ឲ្យ​ដឹង​បន្តថា អង្គប្រជុំ​បាន​ធ្វើការ​ពិភាក្សា និង​អនុម័ត​តាមរបៀប​វារៈ ដោយ​បាន​អនុម័ត​ប្រគល់​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ជូន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ដោយ​សហការ​ជាមួយ​គណៈកម្មការ​ពាក់ព័ន្ធ​ពិនិត្យ ដោយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។

បន្ថែម​ពីនេះ អង្គប្រជុំ​ក៏​បាន​អនុម័ត​ប្រគល់​សេចក្តី​ព្រាង​ច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​ ១៤ ​ថ្មី​នៃ​ច្បាប់​ស្ដីពី វិសោធនកម្ម​មាត្រា​ ១៨ នៃ​ច្បាប់​ស្ដីពី​សវនកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា​ធ្វើការ​ពិនិត្យ សិក្សា ដោយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​វិញ​។

អង្គប្រជុំ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ន​រដ្ឋសភា ថែម​ទាំង​បាន​អនុម័ត​យល់ព្រម​នូវ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ស្តីពី​ការកំណត់​បែបបទ និង នីតិវិធី​នៃ​ការជ្រើសរើស​បេក្ខជន ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ប្រគល់​ភារកិច្ច ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ធ្វើ​សេចក្តី​ជូន​ដំណឹង​ជ្រើសរើស​បេក្ខជន ហើយ​ធ្វើ​របាយការណ៍​ជូន គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​ផងដែរ​។

ជាមួយ​នឹង​ការបញ្ចូល​សេចក្តី​ព្រាង​ច្បាប់​ទាំងនេះ ទៅ​គណៈកម្មការ​សាមី​ពិនិត្យ អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ន​រដ្ឋសភា បានអនុម័ត​យល់ព្រម​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​ ៦ នីតិកាល​ទី​ ៦ នាពេល​ខាង​មុខ​ដោយ​សេចក្តី​ព្រាង​ច្បាប់​មួយចំនួន​។

តាម​សេចក្តីប្រកាស​របស់​រដ្ឋសភា សេចក្តី​ព្រាងច្បាប់​ទាំងនេះ​រួមមាន​សេចក្តី​ព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ស្មើថោក ខូអិលធីឌី សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្សែបណ្តាញ បញ្ជូន​អគ្គិសនី តង់ស្យុង ៥០០ ​គីឡូវ៉ុល ពី​ខេត្តបាត់ដំបង ទៅកាន់​ព្រំដែន​កម្ពុជា-ថៃ​។

សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ស្មើចេក ខូ អិលធឺឌី សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្សែបណ្តាញ បញ្ជូន​អគ្គិសនី​តង់ស្យុង ៥០០ ​គីឡូវ៉ុល ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ព្រំដែន​កម្ពុជា-ឡាវ​។

សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្រាប់​ធានា​លើ​ការទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​វៀតណាម​។ ព្រមទាំង​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​ក្រុមហ៊ុន ឆាយណា ណេសិនណល យោវី ម៉ាស៊ីនណរី ខបភើរេសិន សម្រាប់​គម្រោង​អភិវឌ្ឍ​វារីអគ្គិសនី​ស្ទឹង​តាតៃលើ អានុភាព ១៥០ ​មេហ្គាវ៉ាត់ ខេត្ត​កោះកុង​។ នេះ​បើតាម​សេចក្តី​ប្រកាស​ដដែល​៕