នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ១ ថ្ងៃ​នៃ​ថ្ងៃទី ៣ មិថុនា សមត្ថកិច្ច បាន​ផាក​យានជំនិះ​ល្មើសច្បាប់​ជាង ៧០០ គ្រឿង ខណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស ៥ នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន ១៣ នាក់​។

តាម​របាយការណ៍​ស្តីពី​ការរឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​ ០៣ ខែមិថុនា ឆ្នាំ​ ២០២១ បាន​ឲ្យ​ដឹងថា ចំនួន​យានយន្ត​ដែល​ត្រូវបាន​ឃាត់​ផាកពិន័យ​នេះ គឺ​នៅ​ចំណុច​គោលដៅ​សរុប ១៨៩ ​គោលដៅ​ទូទាំង​ប្រទេស​។

របាយការណ៍​ដដែល​បាន​បន្តថា​ «​ក្នុងនោះ​មាន​យានយន្ត​ចូល​គោលដៅ​ចំនួន ៥ ១៣១ ​គ្រឿង ម៉ូតូ ២ ៧៤៣ ​គ្រឿង ហើយ​រកឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន ៤២២ ​គ្រឿង មាន​ម៉ូតូ​ចំនួន ២៨៨ ​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​ ៣៩. ​អនក្រ.បក នៅ​ទូទាំង​ប្រទេស​»​។

ដោយឡែក​ក្នុង​រយៈពេល​ ០៣ ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​ ០១ ​ដល់ ថ្ងៃទី ០៣ ខែ​មិថុនា ការរឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​មាន​យានយន្ត​ចូល​គោលដៅ​មាន​ចំនួន ១៦៩,៧១២ ​គ្រឿង​ក្នុង​នោះ​រកឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន ១ ១៦៣ ​គ្រឿង មាន​ម៉ូតូ​ចំនួន ៧៨៧ ​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ ៣៩ អនក្រ.បក នៅ​ទូទាំង​ប្រទេស ។

នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​វាយតម្លៃ​ក្នុង​រយៈពេល​ ០៣ ​ថ្ងៃ​នៃ​ខែមិថុនា​នេះ​ឃើញ​ថា ការអនុវត្តតាម​អនុក្រឹត្យ​ថ្មី​ក្នុង​ការផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួល​បាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អប្រសើរ​។

ជាមួយ​នឹង​ការផាកពិន័យ​នេះ យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​ ០៣ ខែមិថុនា​នេះ គឺ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ០៥ ​នាក់ របួសធ្ងន់ ០៧ ​នាក់ (​ស្រី ០៣ ​នាក់​) របួសស្រាល ០៦ ​នាក់ (​ស្រី ០៣ ​នាក់​) ។

យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បញ្ជាក់ថា​៖ «​នៅ​ថ្ងៃទី​ ០៣ ខែមិថុនា បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ចំនួន ១៨ ​នាក់ គឺ​កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា ចំនួន ០៩ ​លើក​»៕