ពោធិ៍សាត់៖ ក្រសួង​សុខាភិបាល​ទទូច​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​ពិសា​ស្រា ដែល​គ្មាន​ប្រភព​ច្បាស់​លាស់ ខណៈ​នៅ​ក្នុង​ត្រីមាស​ទី១ នៃ​ឆ្នាំ ២០២១ នេះ កើត​មាន​ករណី​ពុល​ស្រា ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ៣១ នាក់។

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ៣ ខែ​មិថុនា បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ហេតុការណ៍​ពុល​ស្រា​ជា​ថ្មី​ទៀត នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ដែល​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ចំនួន ៧ នាក់​បាន​ស្លាប់។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ក្នុង​លិខិត​របស់​ខ្លួន​ចុះថ្ងៃ​ទី ៣ មិថុនា​ថា រហូត​មក​ដល់​ថ្ងៃទី ៣ ខែ​មិថុនា ក្រុម​ស្រាវជ្រាវ​បាន​រក​ឃើញ​អ្នក​ប៉ះពាល់​សរុប ៩៦ នាក់ ក្នុង​ហេតុការណ៍​ពុល​ស្រា​នៅ​ខេត្ត​ពោធិ៍សាត់ បាន​បញ្ចូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក-ខេត្ត និង​មន្ទីរ​ពេទ្យ​រាជធានី​ភ្នំពេញ ដោយ​ផ្អែក​លើ​ស្ថានភាព​សុខភាព​របស់​គាត់​មួយ​ចំនួន​បាន​ជា​សះស្បើយ និង​មួយ​ចំនួន​ទៀត បាន​និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ។

គិត​ត្រឹម​ត្រីមាស​ទី១ នៃ​ឆ្នាំ ២០២១ ករណី​ស្លាប់​ដោយសារ​តែ​ការ​ពិសា​ស្រា មាន​សារធាតុ​មេតាណុល​ខ្ពស់​នោះ នៅ​តែ​បន្ត​កើត​មាន​ឡើង​ជា​ដដែលៗ ដោយ​សរុប​ចំនួន ៣ ករណី ដែល​បាន​កើត​ឡើង​នៅ​ខេត្ត​កំពត ពោធិ៍សាត់ និង​ខេត្ត​កណ្តាល​នោះ គឺ​មាន​អ្នក​ស្លាប់ ៣១ នាក់ និង​រងគ្រោះ​រាប់​រយ​នាក់។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល។

ក្រសួង​បាន​បញ្ជាក់​ថា៖ «ករណី (ពុល​ស្រា) ទាំង​អស់ ចាប់​ផ្ដើម​ឡើង​ដោយ​មាន​រោគសញ្ញា​ដូចជា ស្រវាំង​ភ្នែក ព្រឹល​ភ្នែក ណែន​ដើម​ទ្រូង ចុក​ទ្រូង ថប់​ដង្ហើម ត្រជាក់​ដៃជើង វិល​មុខ ក្អួត ឈឺ​ក្បាល ធីងធោង អស់​កម្លាំង ទន់ដៃទន់ជើង និង​សន្លប់»។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បាន​ក្រើន​រំឭក និង​អំពាវនាវ​ដោយ​ទទូច​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​នៅ​ទូទាំង​ប្រទេស​ឱ្យ​អនុវត្ត​វិធានការ​មួយ​ចំនួន ដើម្បី​ការពារ​ការ​ពុល​ស្រា ដែល​បិត​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​រក្សា​ជីវិត​របស់​ខ្លួន។

លោក​បាន​បញ្ជាក់​ថា៖ «ចូលរួម​កុំ​ពិសា​ស្រា​ដែល​បិត ឬ​លាយ​គ្មាន​បច្ចេកទេស​ត្រឹម​ត្រូវ និង​គ្មាន​ការ​ត្រួត​ពិនិត្យ​ជា​ពិសេស​គឺ ពិសា​ស្រា​ស​ ឬ​ស្រា​ថ្នាំ​ ដែល​យក​មេ​តាណុល​មក​លាយ​នេះ​តែ​ម្ដង។ ចំពោះ​អ្នក​ប្រកប​អាជីវកម្ម​ហាម​ដាច់​ខាត កុំ​យក​សារធាតុ​មេតាណុល​មក​លាយ​ធ្វើ​ស្រា​ស ដែល​បង្ក​ឱ្យ​ពុល និង​ស្លាប់​បាត់បង់​ជីវិត»។

លោក ម៉ម ប៊ុនហេង ក៏​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ចាត់​តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល និង​ទប់ស្កាត់​ការ​លក់​ស្រា ឬ​លាយ​ស្រា​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ និង​ណែនាំ​ប្រជាពលរដ្ឋ ចៀស​វាង​យក​សារធាតុ មេណុល​លាយ​ធ្វើ​ស្រា​ដែល​បង្ក​ឱ្យ​ពុល​ និង​ស្លាប់​បាត់​បង់​ជីវិត។

បន្ថែម​ពី​នេះ លោក​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ ប្រសិន​បើ​មាន​បញ្ហា​សុខភាព ឬ​មាន​រោគសញ្ញា​នៃ​ការ​ពុល​ស្រា​ដូច​ជា​ឈឺ​ក្បាល ក្អួត ឈឺ​ពោះ វិល​មុខ ស្រវាំង​ភ្នែក សន្លប់ ប្រកាច់ ពិបាក​ដក​ដង្ហើម ឬ​សង្ស័យ​ថា មាន​ការ​ឆ្លង​ជំងឺ​ដទៃ​ទៀត សូម​ប្រញាប់​ទៅ​ស្វែងរក​ការ​ពិនិត្យ ពិគ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោក​អ្នក។

សូម​ជម្រាប​ថា ស្រា​ស និង​ស្រា​ថ្នាំ ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ពុល​ស្លាប់ និង​រងគ្រោះ​ជា​ច្រើន​ករណី​នេះ គឺ​ត្រូវ​បាន​រក​ឃើញ​ថា មាន​សារធាតុ​មេតាណុល លើស​កម្រិត​ខ្ពស់​ចម្លោះ​ពី ៧ ភាគរយ ដល់ ១៥ ភាគរយ ខណៈ​កម្រិត​មេតាណុល​មិន​ពុល​ក្នុង​ស្រា​នោះ គឺ​មិន​ត្រូវ​លើស​ពី​ ០,១% ឡើយ។ នេះ​បើ​តាម​លទ្ធផល​ពី​មជ្ឈមណ្ឌល​ជាតិ​មន្ទីរ​ពិសោធន៍​សុខាភិបាល៕