ភ្នំពេញ៖ កម្ពុជា​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​គម្រោង​ដក​ស្រង់​មេរៀន​បទពិសោធ​ពី​ប្រទេស​ចិន ដើម្បី​លើក​កម្ពស់​សមត្ថភាព​ឆ្លើយ​តប​នឹង​ជំងឺ​កូវីដ ១៩ នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ដោយ​កម្មវិធី​នេះ ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ជូន​រាជរដ្ឋាភិបាល។

ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​គម្រោង​ដក​ស្រង់​មេរៀន​បទពិសោធ​ពី​ប្រទេស​ចិន​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី ៤ ខែ មិថុនា តាមរយៈ​វីដេអូ​ដែល​មាន​ការ​ចូលរួម​ពី លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក តាំង មិនធៀន ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា និង​លោក Nick Beresford ប្រធាន​កម្មវិធី UNDP។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃទី ៤ មិថុនា បាន​ឱ្យ​ដឹង​ថា៖ «ប្រកាស​ដាក់​ឱ្យ​អនុវត្ត​គម្រោង​ដក​ស្រង់​មេរៀន​បទពិសោធ​ពី​ប្រទេស​ចិន ដើម្បី​លើក​កម្ពស់​សមត្ថភាព​ឆ្លើយ​តប​នឹង​ជំងឺ​កូវីដ ១៩ នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ស្តីពី​ការ​គ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ និង​ប្រគល់-ទទួល​​ឧបករណ៍​បរិក្ខារ​វេជ្ជសាស្ត្រ»។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​គូស​បញ្ជាក់​ថា ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា-ចិន មាន​ជំនួយ​ឥត​សំណង​ជាច្រើន ត្រូវ​បាន​ផ្តល់​ជូន​ក្រសួង​សុខាភិបាល ដើម្បី​ចូលរួម​ចំណែក​ពង្រឹង និង​ពង្រីក​វិស័យ​សុខាភិបាល​កម្ពុជា។

លោក​បាន​បន្ត​ថា​ តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​បាន​ផ្ដល់​នូវ​ឧបករណ៍​បរិក្ខារ​វេជ្ជសាស្ត្រ​សម្រាប់​ការ​គ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​ចំនួន ១២ មុខ ដើម្បី​ពង្រឹង​សមត្ថភាព​ការ​គ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​គម្រោង និង​ការ​ប្រគល់​នូវ​ឧបករណ៍​បរិក្ខារ​វេជ្ជសាស្ត្រ​នាពេល​នេះ ជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ បាន​ឆាប់​រហ័ស»។

លោក ម៉ម ប៊ុនហេង ក៏​សង្ឃឹម​ថា នឹង​មាន​គម្រោង​ថ្មីៗ​ជា​​បន្ត​ទៀត ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ដល់​កិច្ច​ការងារ​របស់​ថ្នាក់​ដឹកនាំ មន្ត្រី​រាជការ បុគ្គលិក​សុខាភិបាល​ទាំង​អស់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ក្នុង​ពេល​នេះ៕