ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​ចំណេះដឹង​ទូទៅ ឯកជន ដែល​ជា​សមាជិកសមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា រៀបចំ​ការប្រឡង​បញ្ចប់​បឋមសិក្សា​ថ្នាក់​ទី​ ៦ និង​មធ្យមសិក្សា​បឋមភូមិ​ថ្នាក់​ទី​ ៩ សម្រាប់​ឆ្នាំ​សិក្សា ២០២០-២០២១ ទៅតាម​ប្រតិទិន​ប្រឡង​រៀងៗ​ខ្លួន​។

ការប្រកាស​ឲ្យ​មាន​ការរៀបចំ​ការប្រឡង​តាម​ប្រតិទិន​ប្រឡង​រៀងៗ​ខ្លួន​នេះ ស្រប​ពេលដែល​សាលារៀន នៅ​ទូទាំង​ប្រទេស​មិន​ទាន់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរៀន​វិញ​នោះទេ ហើយ​ការរៀន​ទាំងអស់ គឺ​ត្រូវ​ធ្វើ​ឡើង​តាមរយៈ​អនឡាញ​។

យោងតាម​សេចក្ដី​ជូនដំណឹង​ចុះហត្ថលេខា​ដោយ​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃទី ៣ មិថុនា​បាន​ឱ្យ​ដឹងថា ក្រសួង​អប់រំ​បាន​យល់ព្រម​តាម​សំណើ​របស់​សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា ដោយ​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ឯកជន ដែល​ជា​សមាជិក​របស់​សមាគម​អាច​រៀបចំ​ការប្រឡង​បញ្ចប់​បាន​។

ក្រសួង​បាន​បញ្ជាក់ថា ចំពោះ​ការប្រឡង​បញ្ចប់​គឺ​ធ្វើ​ឡើង​ចំពោះ​សាលាបឋមសិក្សា​ថ្នាក់​ទី​ ៦ និង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (​ថ្នាក់​ទី ​៩) ឆ្នាំ​សិក្សា​ ២០២០-២០២១ ដោយ​គ្រឹះស្ថានសិក្សា​សាមី​ជា​អ្នក​ទទួលខុសត្រូវ ទៅតាម​ប្រតិទិន​ប្រឡង​រៀងៗ​ខ្លួន​។

ជាមួយ​គ្នា​នេះ ក្រសួង​អប់រំ​ក៏​បាន​ប្រកាស​ផ្តល់​ការទទួលស្គាល់ ចំពោះ​លទ្ធផល​នៃ​ការប្រឡង​នេះ និង​ធ្វើ​អធិការកិច្ច ប្រសិន​បើ​មាន​ករណី​ចាំបាច់​ផងដែរ​៕

វីដេអូ៖