ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ណែនាំ​ដល់​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី-ខេត្ត​ទូទាំង​ប្រទេស ត្រូវ​ធ្វើ​ការ​បែងបែក​ការងារ​ឲ្យ​បាន​ច្បាស់លាស់ ទាក់ទង​នឹង​ការ​ផ្តល់​សេវា​សាធារណៈ​លើ​មុខងារ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវ​គោក។

ការ​ណែនាំ​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ស្តីពី​ការ​ផ្តល់​សេវាសាធារណៈ លើ​មុខងារ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៅ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ កាល​ពី​រសៀល​ថ្ងៃទី ៣ ខែ​មិថុនា។

កិច្ច​ប្រជុំ​នេះ មាន​ការ​ចូលរួម​ពី​សំណាក់​អគ្គនាយក​រង​ ប្រធា​នាយកដ្ឋាន អនុ​ប្រធាន​នាយកដ្ឋាន តំណាង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូនរាជធានី-ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប។

លោក ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ៤ មិថុនា​ថា កិច្ច​ប្រជុំ គឺ​មាន​គោល​បំណង​ណែនាំ​ទៅ​ដល់​មន្ត្រី​នៃ​មន្ទីរសាធារណការ និង​ដឹក​ជញ្ចូន​ទូទាំង​ប្រទេស ឲ្យ​ធ្វើ​ការ​បែងចែក​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​សាធារណៈ​លើ​មុខងារ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវ​គោក​ឲ្យ​បាន​ប្រសើរ។

លោក​បញ្ជាក់​ថា៖ «យើង​ត្រូវ​ណែនាំ​ឲ្យ​ពួក​គាត់​បែងចែក​ការងារ​ពាក់ព័ន្ធ​នឹង​ប្រតិភូកម្ម​អំណាច​មួយ​ចំនួន​ទៅ​ថ្នាក់​ក្រោម​ជាតិ ព្រោះ​ការងារ​មួយ​ចំនួន មន្ទីរ​នៅ​តែ​ត្រូវ​អនុវត្ត​ក្រោម​រដ្ឋបាល​កណ្តាល​របស់​ក្រសួង»។

នៅ​ពេល​នេះ គ្រប់​មន្ទីរ​លោក គឺ​ជា​សេនាធិការ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ផង និង​រដ្ឋបាល​កណ្តាល​របស់​ក្រសួង​ផង។ ដូច្នេះ​ទើប​មាន​កិច្ច​ប្រជុំ​ណែនាំ ដើម្បី​បែងចែក​ភារកិច្ច​ការងារ​ខ្លះ។

បើ​តាម​លោក ឈួន វ៉ន់ ការ​បែងចែក​ការងារ​ទាក់ទង​នឹង​ការ​ផ្តល់​សេវា​សាធារណៈ លើ​មុខងារ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវ​គោក​នេះ គឺ​មាន​ដូចជា ការ​ចុះ​បញ្ជី​ឡាន ការ​ធ្វើ​ឆៀក ការងារ​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម ការ​ចេញ​លិខិត​បញ្ជាក់​បណ្ណ​បើកបរ និង​ការ​ប្រឡង​យក​បណ្ណ​បើកបរ​ជាដើម៕