ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ប្រកាស​ពី​ការ​រក​ឃើញ​វីរុស​បម្លែង​ថ្មី​ប្រភេទ B.1.617 ដែល​ជា​ប្រភេទ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទៅ​លើ​អ្នក​ជំងឺ​ចំនួន ៣ នាក់។

សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ល្ងាច​នេះ បាន​ឲ្យ​ដឹង​ថា វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ធ្វើ​តេស្ត Sequencing រក​ឃើញ​មាន​អ្នក​ផ្ទុក​មេរោគ​កូវីដ ១៩ ដែល​ជា​ប្រភេទ​វីរុស​បម្លែងថ្មី B.1.617 លើ​អ្នក​ជំងឺ​ចំនួន ៣ រូប ដែល​ជា​ពលករ​កម្ពុជា​ត្រឡប់​មក​ពី​ប្រទេស​ថៃ តាម​ច្រក​អូស្មាច់។

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល អ្នក​ទាំង ៣ គឺ​ម្នាក់​មាន​អាយុ ២៧ ឆ្នាំ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ឧត្តរមានជ័យ ចំណែក​ម្នាក់​ទៀត មាន​អាយុ ៤៦ ឆ្នាំ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកភ្នំ ខេត្ត​បាត់ដំបង និង​ចុង​ក្រោយ​មាន​អាយុ ៤៣ ឆ្នាំ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មោងឫស្សី ខេត្ត​បាត់ដំបង។

សូម​ជម្រាប​ថា រហូត​មក​ដល់​ពេល​នេះ វីរុស​បម្លែង​ថ្មី​ប្រភេទ B. 1.617 ដែល​ពិភព​លោក​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង ត្រូវ​បាន​គេ​រក​ឃើញ​នៅ​បណ្តា​ប្រទេស​ចំនួន ៧ ហើយ នៅ​ក្នុង​តំបន់​​អាស៊ាន (ប្រទេស​ឥណ្ឌូនេស៊ី ប្រទេស​ម៉ាឡេស៊ី ប្រទេស​ហ្វីលីពីន ប្រទេស​សិង្ហបុរី ប្រទេស​ថៃ ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា) និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​លើ​ពិភព​លោក។

ជាមួយ​នឹង​ការ​រក​ឃើញ​វីរុស​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​នេះ ក្រសួង​សុខាភិបាល​បាន​ណែ​នាំ​ភ្លាមៗ ទៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ដែល​ពាក់ព័ន្ធ ក៏​ដូចជា​ទៅ​គ្រប់​មន្ទីរ​សុខាភិបាល​ទាំង​អស់​ឱ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​បច្ចេកទេស​ការពារ​ការ​ចម្លង​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ ដោយ​ដាក់​អ្នក​ជំងឺ​ឱ្យ​នៅ​ដោយ​ឡែក​ពី​គ្នា និង​បន្ត​ការ​ស្រាវជ្រាវ​ដោយ​ហ្មត់ចត់ ​លើ​ករណី​ដែល​សង្ស័យ ឬ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចម្លង​បន្ត​គ្នា​ផ្សេងៗ​ទៀត​នៅ​តាម​ទីតាំង ដែល​មាន​ការ​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូវីដ ១៩។

ក្រសួង​សុខាភិបាល ក៏​បាន​អំពាវនាវ និង​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ ៣ ការពារ និង ៣ កុំ និង​វិធានការ​ផ្សេងៗ​ទៀត ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួង​សុខាភិបាល ជាពិសេស​ការ​ដាក់​ចេញ​នូវ​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​បញ្ចៀស​បាន​នូវ​ការ​ចម្លង​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍៕