កំពង់ឆ្នាំងៈ ​អភិបាលខេត្ត​កំពង់ឆ្នាំង​បានសម្រេច​អនុញ្ញាតឱ្យ​បើក​ដំណើរការ​រោងចក្រ​ហឺរ៉ាយហ្សិន អៅដរ ខេមបូឌា (HORIZON OUTDOOR CAMBODIA) CO.,LTD ​ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​ផ្សារក្រោម ឃុំ​កំពង់លែង ស្រុក​កំពង់ត្រឡាច ឡើងវិញ ចាប់ពី​ថ្ងៃទី​ ៥ មិថុនា​នេះ​តទៅ​។

ការសម្រេច​នេះ​បាន​ធ្វើឡើង​តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​ ៤ ​ខែមិថុនា​របស់​អភិបាលខេត្ត លោក ឈួរ ច័ន្ទឌឿន ដោយ​ផ្អែកលើ​កំណត់ហេតុ​ចុះ​ថ្ងៃទី​ ៣ មិថុនា របស់​ក្រុមបច្ចេកទេស​ចម្រុះ​ថ្នាក់​ខេត្ត​សម្រាប់​វិនិច្ឆ័យ​ក្នុង​ការផ្អាក​ និង​បើក​ឡើងវិញ​នូវ​សកម្មភាព​អាជីវកម្ម ផលិតកម្ម ដោយ​វិធានការ​រដ្ឋបាល​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

យ៉ាងណាក្ដី ការសម្រេច​ឱ្យ​បើក​ដំណើរការ​រោងចក្រ​ឡើងវិញ​នេះ​រដ្ឋបាលខេត្ត​បាន​តម្រូវ​ឱ្យ​ម្ចាស់​រោងចក្រ​សហការ​អនុវត្ត​នូវ​វិធានការ​នានា​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

នៅក្នុង​សេចក្ដី​សម្រេច​នេះ​បាន​បញ្ជាក់ថា​ «​សូមឱ្យ​ម្ចាស់​រោងចក្រ កម្មករ កម្មការិនី​ទាំងអស់​បន្ត​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ផ្សព្វផ្សាយ​ និង​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​គឺ​ ៣ការពារ​ ៣កុំ​ឱ្យបាន​ខ្ជាប់ខ្ជួន​»​។​

ជាមួយ​គ្នា​នេះ​រដ្ឋបាលខេត្ត​ក៏បាន​និរាករណ៍​នូវ​លិខិត​លេខ​ ១៨៣/២១ ​ស.ស.រ ​ចុះ​ថ្ងៃទី​ ២២​ ឧសភា​ដែល​ផ្ទុយ​នឹង​សេចក្ដីសម្រេច​នេះ​ផងដែរ​ហើយ​បាន​តម្រូវឱ្យ​នាយក​រដ្ឋបាលខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក និង​ឃុំ ចៅសង្កាត់ ពាក់ព័ន្ធ​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​សេចក្ដី​សម្រេច​នេះ​៕