សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបកាលពីម្សិលមិញបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៥ នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងក្នុងខេត្តនេះកើនដល់ ១៣៦ នាក់ ខណៈអ្នកជាសះស្បើយថ្មីមាន ១២ នាក់។

យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តនេះចុះថ្ងៃទី ៤ មិថុនាឆ្នាំ ២០២១ បានឱ្យដឹងថាអ្នកទើបឆ្លងថ្មី ៥ នាក់នោះមាន ៣ នាក់រស់នៅក្នុងស្រុកសូទ្រនិគមនិង ២នាក់រស់នៅក្រុងសៀមរាប។

ចំពោះដំណើរការនៃការឆ្លងនេះគឺ ៣ ករណីនៅស្រុកសូទ្រនិគមមានទំនាក់ទំនងគ្នាហើយក្រុមការងារជំនាញខេត្តកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត។

រីឯ ២ ករណីនៅក្រុងសៀមរាបគឺជាអ្នកធ្វើដំណើរពីរាជធានីភ្នំពេញតាមរថយន្តឈ្នួលកាលពីថ្ងៃ ៣ មិថុនា ខណៈមនុស្សចំនួន ៧ នាក់ទៀតដែលរួមដំណើរជាមួយគ្នាកំពុងត្រូវបានក្រុមការងារឱ្យធ្វើចត្តាឡីស័ក។

ក្រៅពីការប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដចំនួន ៥ នាក់បន្ថែមនេះនៅថ្ងៃដដែលនោះរដ្ឋបាលខេត្តក៏បានរកឃើញអ្នកជាសះស្បើយចំនួន ១២ នាក់ផងដែរ។ ក្នុងនោះមាន ៨ នាក់រស់នៅក្រុងសៀមរាប ២ នាក់រស់នៅក្នុងស្រុកពួក និង ១ នាក់រស់នៅស្រុកសូទ្រនិគម ក៏ប៉ុន្តែមានម្នាក់ទៀតក្នុងចំណោមនោះមានអាសយដ្ឋានរស់នៅស្រុកស្ទោង ខេត្តកំពង់ធំ។

គិតមកទល់ថ្ងៃម្សិលមិញខេត្តសៀមរាបបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៣៦ នាក់ អ្នកជាសះស្បើយមាន ៨០ នាក់ អ្នកកំពុងព្យាបាល ៥៤ នាក់ និងអ្នកទទួលមរណភាពមាន ២ នាក់៕