ភ្នំពេញៈ ​ខណៈ​ថ្ងៃ​ទិវា​បរិស្ថាន​ជាតិ​ និង​បរិស្ថាន​ពិភពលោក​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​ ៥ ​មិថុនា​នេះ​ក្រសួង​បរិស្ថាន​បានប្រកាស​ពី​ការរកឃើញ​សត្វកម្រ​នៅក្នុង​ព្រៃ​នៃ​ខេត្ត​មួយចំនួន​របស់​កម្ពុជា​ តាមរយៈ​ការបំពាក់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ដែលជា​ការចូលរួម​អបអរសាទរ​ទិវា​បរិស្ថាន​សម្រាប់​ឆ្នាំនេះ​។

មួយថ្ងៃ​មុន​ការប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​ និង​បរិស្ថាន​ពិភពលោក​ ៥ ​មិថុនា​នេះ​ក្រោម​ប្រធានបទ ​«​ជីវចម្រុះ​ និង​សុខភាព​មនុស្ស​» ​កាលពី​ម្សិលមិញ​ក្រសួង​បរិស្ថាន​​បានប្រកាស​ពី​ការថត​តាមរយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ឃើញ​នូវ​សត្វ​កម្រ​ជាច្រើន​ប្រភេទ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​។

បើតាម​ការថ្លែង​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ប្រភេទ​សត្វកម្រ​ទាំងនោះ រួមមាន ដំរីព្រៃ​អាស៊ី កែះ ខ្លា​ពពក ខ្លាឃ្មុំ​ធំ ខ្ទីង​ និង​ប្រើស​ជាដើម​ដែល​បង្ហាញ​វត្តមាន​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នៅ​កម្ពុជា​។

លោក​បានឱ្យ​ដឹងថា ការចុះ​ប្រតិបត្តិការ​របស់​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន ​ប្រមូល​ទិន្នន័យ​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ទទួល​បាន​រូបភាព​ និង​វីដេអូ​សត្វព្រៃ​នេះ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២៩ ​ខែ​ឧសភា​ដល់​ថ្ងៃទី​ ៤ ខែមិថុនា ឆ្នាំ​ ២០២១ នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ បន្ទាប់ពី​បាន​ដាក់​ជាច្រើន​ខែ​រួចមក​។ ​ក្រៅពី​សត្វ​ទាំងនេះ​តំបន់​នេះ​ក៏មាន​ប្រភេទ​សត្វ​មាន​ដោយ​កម្រ​ជិត​ផុតពូជ ទទួលរង​គ្រោះថ្នាក់ និង​គំរាមកំហែង​ផ្សេងទៀត​ផងដែរ​ដូចជា ទន្សោង ស្វាព្រាម ទោច​មកុដ ខ្លារខិន ខ្លា​លឿង​មាស ជ្រូកពោន កំប្រុក​ធំ ក្ងោក កេងកង​តូច សេកសោម​ជាដើម​។

លោក​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​រូបនេះ​បាន​លើកឡើង​ថា រូបភាព​សត្វព្រៃ​​ជិត​ផុត​ពូជ​ដែល​រង​ការគំរាមកំហែង​ និង​មាន​ដោយ​កម្រ​មួយចំនួន ដូចជា សត្វ​ដំរី​អាស៊ី ខ្លា​ពពក ខ្លាំ​ឃ្មុំ​តូច ខ្ទីង ប្រើស​ដែល​ថត​បាន ភាគច្រើន​ដើរ​ជា​ហ្វូង និង​មាន​កូនតូចៗ​ជាច្រើន ពិសេស​សត្វ​ដំរីព្រៃ​ក្នុង​ ១ ​ហ្វូង​មាន​កូន​តូច ដំរី​ជំទង់ និង​ពេញវ័យ​ក្នុង​ ១ ​ក្រុមៗ​មាន​ដំរីព្រៃ​ចន្លោះ​ពី​ ១០ ​ទៅ​ ២០ ​ក្បាល​។

ជាមួយ​នឹង​ការបង្ហាញ​ពី​សត្វកម្រ​នេះ​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា​ក្រសួង​​បរិស្ថាន​សូម​អរគុណ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​នាយកដ្ឋាន​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​ដីគោក​ខាងត្បូង​បឹង​ទន្លេសាប មន្ទីរ​បរិស្ថាន មន្ត្រី​​ឧទ្យានុរក្ស​ និង​សហគមន៍​មូលដ្ឋាន​នៃ​ខេត្ត​ទាំងនេះ​ក៏ដូចជា​ការសម្របសម្រួល​ពី​ក្រុមការងារ​អនុសមាសភាគ​ ១.២ ​នៃ​គម្រោង​និរន្តរភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា​នៃ​ក្រសួង​បរិស្ថាន​ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក​ដែល​បាន​ដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ប្រមូល​ទិន្នន័យ​ដ៏មាន​សារៈសំខាន់​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការ​ប្រមូលបាន​ទិន្នន័យ​នៃ​ប្រភេទ​សត្វព្រៃ​កម្រ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​នៅពេលនេះ​គឺជា​ដំណឹង​ដ៏ល្អ​បំផុត​មួយថ្ងៃ​មុនពេល​កម្ពុជា​ ​និង​ពិភពលោក​ទាំងមូល​ត្រៀម​ប្រារព្ធ​ទិវា​បរិស្ថាន​ដែល​ក្នុងឆ្នាំនេះ​ផ្តោត​សំខាន់​លើ​ការស្តារ​ឡើងវិញ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ហើយ​កម្ពុជា​បាន​ផ្តោត​ជាសំខាន់​លើ​ប្រធានបទ​ «​ជីវចម្រុះ​ និង​សុខភាព​មនុស្ស​»​។

លោក​បាន​បន្តថា ក្នុង​ការសិក្សា​ស្រាវជ្រាវ​នេះ​ក្រុមមន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន​បានដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ចំនួន​ ៨៥ ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ ក្នុង​គោលបំណង​ដើម្បី ១) បង្កើន​ចំណេះដឹង​ពី​វិធីសាស្ត្រ​សិក្សា និង​ប្រមូល​ទិន្នន័យ​ជីវចម្រុះ ២) ​ស្វែងរក​វត្តមាន​ និង​អវត្តមាន​ប្រភេទ​សត្វ​មាន​ដោយ​កម្រ ជិត​ផុត​ពូជ ទទួលរង​គ្រោះថ្នាក់ និង​គំរាមកំហែង ៣) ​វាយតម្លៃ​ស្ថានភាព និង​របាយ​សត្វព្រៃ​សំខាន់ៗ​។

លោក​រដ្ឋលេខាធិការ​បាន​ពន្យល់​ពី​វិធីសាស្ត្រ​នៃ​ការស្រាវជ្រាវ​នេះ​ថា ការដាក់​ម៉ាស៊ីន​ថត​ដោយ​ស្វ័យប្រវត្តិ​នៅក្នុង​ការកំណត់​វត្តមាន​ប្រភេទ​សត្វ​ដែលមាន​ដោយ​កម្រ ជិត​ផុត​ពូជ ងាយ​រងគ្រោះថ្នាក់ និង​គំរាមកំហែង​នេះ​ដោយ​រៀបចំ ជា​ប្រព័ន្ធ​ដែល​មាន​ចម្ងាយ​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ ១ ​ទៅ​ ១ ​ទៀត​ ២ ​គីឡូម៉ែត្រ​។ ​ការដាក់​ម៉ាស៊ីន​ថត​នេះ​ធ្វើឡើង​ដោយ​ការជ្រើសរើស​ទីតាំង​សំខាន់ៗ​សម្រាប់​ដាក់​ម៉ាស៊ីថត​ស្វ័យប្រវត្តិ​នៅ​តំបន់​ដែល​សំខាន់ៗ​សម្រាប់​សត្វព្រៃ​រួមមាន​៖ ​តំបន់​ដី​ច្រាប តំបន់​ទឹក​ច្រប់ តាម​មាត់​ត្រពាំង បឹងបួ និង​គន្លង​សត្វព្រៃ​មួយចំនួនទៀត​។ ​ម៉ាស៊ីថត​ស្វ័យប្រវត្តិ​នឹង​ត្រូវ​រក្សា​ក្នុងព្រៃ​រយៈពល ៦ ​ខែ ក្នុងអំឡុង​ខែប្រាំង (៣ ​ខែ​) និង​អំឡុង​ខែវស្សា​ (៣ ​ខែ​) ហើយ​ក្រុមការងារ​នឹង​ចុះទៅ​ផ្លាស់ប្តូរ​ថ្ម និង​យក​អង្គ​ចងចាំ (memory card) ជា​រៀងរាល់ ២ ​ខែម្តង​។

សូមបញ្ជាក់ថា​គម្រោង​និរន្តរភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក​នេះ​បាន​ចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១៧ ខែតុលា ឆ្នាំ​ ២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២៥​។ ​គម្រោង​នេះ​មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរ​នូវ​ការគ្រប់គ្រង​តំបន់ការពារ​ធម្មជាតិ​ជំរុញ​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍​ធម្មជាតិ​ និង​ដើម្បី​បង្កើន​ច្រវាក់​តម្លៃ​អនុផល​ព្រៃឈើ​នៅ​តំបន់​ទេសភាព​ជួរ​ភ្នំក្រវាញ និង​បឹង​ទន្លេសាប​។ គម្រោង​នេះ​ចែកជា ៥ ​សមាសភាគ​៖ ១) ការពង្រឹង​សមត្ថភាព​ក្នុងការរៀបចំ​ផែនការ​ និង​ការគ្រប់គ្រង​តំបន់​ទេសភាព​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ ២) ​ពង្រឹង​ឱកាស​សម្រាប់​អភិវឌ្ឍ​ទេសចរណ៍​ធម្មជាតិ​ និង​ច្រវាក់​តម្លៃ​អនុផល​ព្រៃឈើ ៣) ​ជំរុញ​នូវ​ការតភ្ជាប់​ខ្សែ​ផ្លូវចេញចូល​នៅតាម​ជនបទ ៤) ការគ្រប់គ្រង​គម្រោង ការត្រួតពិនិត្យ និង​ការវាយតម្លៃ និង ៥) ការឆ្លើយតប​ទៅនឹង​គ្រោះអាសន្ន​។

បើតាម​លោក នេត្រ ភក្ត្រា ការដែល​ជ្រើសរើស​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ដែល​ត្រូវបង្កើត​ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ១៩៩៣ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ខេត្ត​កំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ ដើម្បី​ដាក់​ម៉ាស៊ីថត​ស្វ័យប្រវត្តិ​នេះ ដោយសារ​តែ​តំបន់​ទាំងនេះ​គ្របដណ្តប់​ដោយ​ប្រភេទ​ព្រៃស្រោង ពាក់កណ្តាល​ស្រោង ព្រៃរបោះ លាយឡំ​ដោយ​ព្រៃឫស្សី និង​វាលស្មៅ​។

លើស​ពីនេះ​ទៀត​ទីតាំង​ភូមិសាស្ត្រ​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់​មាន​ស្ទឹង និង​អូរ​ជា​ប្រភពទឹក ដែល​ជា​ទីជម្រក​ប្រសើរ​សម្រាប់​សត្វព្រៃ និង​សម្រាប់​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដែល​ចាំបាច់​តម្រូវឱ្យ​មានការ​គ្រប់គ្រង និង​អភិរក្ស​ស្របតាម​គោលការណ៍​ណែនាំ​ និង​បច្ចេកទេស​។

ជាមួយ​នឹង​ដំណឹង​ដ៏ល្អ​នៃ​ការរកឃើញ​វត្តមាន​សត្វព្រៃ​កម្រ​ជាច្រើន​នេះ​ក្នុងនាម​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​សូម​ចូល រួម​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ ការប្រើប្រាស់​ផលិតផល​ពី​សត្វព្រៃ ការជួញដូរ​សត្វព្រៃ​ដែល​សុទ្ធសឹង​អាច​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​មនុស្ស​ហើយ​ងាក​មក​ចូលរួម​ការពារ​ និង​ថែរក្សា​ធនធានធម្មជាតិ​ និង​ជីវចម្រុះ​របស់​កម្ពុជា​នេះ​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​៕