ត្បូងឃ្មុំៈ ក្រសួងបរិស្ថាន និងរដ្ឋបាលក្រុងសួងនៃខេត្តត្បូងឃ្មុំនៅថ្ងៃទី ៥ មិថុនានេះបានសហការដាំដើមកូនឈើប្រភេទប្រណីត និងដើមផ្កាសរុបជាង ១ ៥០០ ដើម ដើម្បីបង្កើនភាពបៃតងសម្រាប់ក្រុង និងជាការបណ្តុះស្មារតីពលរដ្ឋឱ្យស្រឡាញ់ និងចូលរួមការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ។
ពិធីដាំកូនឈើនេះធ្វើឡើងដោយមានការចូលរួមពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន និងពីមន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស និងពលរដ្ឋជិត ១០០ នាក់ ចំពេលនៃការប្រារព្ធទិវាបរិស្ថានឆ្នាំ ២០២១ នេះក្រោមប្រធានបទ «ជីវចម្រុះ និងសុខភាពមនុស្ស»។
បើតាមក្រសួងបរិស្ថានដើមឈើទាំងនេះរួមមានកូនឈើគ្រញូងចំនួន ៤០០ ដើម ដើមធ្នង់ជាង ២០០ ដើម និងដើមផ្កាក្ងោកពូជផ្កាពណ៌លឿងចំនួន ៥០០ ដើម និងផ្កាអន្ធនេលចំនួន ៤០០ ដើម ដោយត្រូវបានដាំនៅតាមផ្លូវសាធារណៈក្នុងភូមិសាស្ត្រក្រុងសួង ខេត្តត្បូងឃ្មុំ។
ថ្លែងនៅក្នុងពិធីនោះលោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានលើកឡើងថាសកម្មភាពនៃការដាំដើមឈើ និងដើមផ្កាប្រភេទកម្រនៅថ្ងៃនេះគឺជាសកម្មភាពមួយដ៏ល្អប្រពៃដែលត្រូវបានឱ្យតម្លៃថាជាការលើកកម្ពស់ការយល់ដឹងពីបរិស្ថាន និងធនធានធម្មជាតិ ហើយរួមគ្នាដាំដើមឈើបន្ថែមនៅក្នុងសហគមន៍ និងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិព្រៃឈើសត្វព្រៃជីវចម្រុះគ្រប់ប្រភេទ។
លោកបានថ្លែងថា៖ «ការរួមគ្នាដាំដើមឈើតាមសហគមន៍ និងទីប្រជុំជន មិនមែនត្រឹមតែបង្កើតភាពបៃតងជាម្លប់ និងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ តែបានចូលរួមថែរក្សា និងអភិរក្សប្រភេទឈើប្រណីតសំខាន់នៅក្នុងសហគមន៍ និងចូលរួមបង្កើនវត្តមានឈើប្រណីតក្នុងប្រទេសកម្ពុជា និងជាការបន្សល់ទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ»។
លោកបានឱ្យដឹងដែរថា រៀងរាល់ឆ្នាំ កូនឈើប្រណីតជាច្រើនសែនដើមត្រូវបានអាជ្ញាធរ ប្រជាពលរដ្ឋដាំនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជាទាំងតាមផ្លូវសាធារណៈ តាមសាលារៀន វត្តអារាម និងនៅតាមតំបន់ព្រៃរេចរឹលនានា។
លោក នេត្រ ភក្ត្រា បានហៅសកម្មភាពយ៉ាងផុសផុលនៃការដាំដើមឈើនៅទូទាំងប្រទេសនេះថាជាចលនាស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិដែលជាកាយវិកានៃការគោរពស្រឡាញ់ និងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះឱ្យបានគង់វង្សសម្រាប់ប្រយោជន៍មនុស្សរាប់ជំនាន់តទៅមុខទៀត។
ជាមួយគ្នានេះលោករដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះក៏បានអំពាវនាវដល់ពលរដ្ឋទូទាំងប្រទេសថា៖ «សូមបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីបង្កើតភាពបៃតង បង្កើនគម្របព្រៃឈើបន្ថែម និងការពារធនធានធម្មជាតិ ព្រៃឈើរបស់កម្ពុជា»។
បើតាមលោក នេត្រ ភក្ត្រា ប្រទេសកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងការពារធនធានធម្មជាតិ ដែលខ្លួនមានដោយបង្កើតតំបន់ការពារធម្មជាតិ និងតំបន់អភិរក្សជាច្រើនកន្លែងដែលរហូតមកទល់ពេលនេះមានប្រព័ន្ធតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះជាង ៧០ កន្លែងមានផ្ទៃដីជាង ៧,៣ លានហិកតាស្មើប្រមាណជាង ៤១ ភាគរយនៃផ្ទៃដីសរុបរបស់កម្ពុជាកំពុងស្ថិតក្រោមយុត្តាធិការគ្រប់គ្រង និងអភិរក្សដោយក្រសួងបរិស្ថាន។
លោកបានបញ្ជាក់ទៀតថា ផ្ទៃដីតំបន់ធម្មជាតិដែលកម្ពុជាដាក់ជាតំបន់អភិរក្សនេះគឺមានច្រើនជាង ២ ដងនៃគោលការណ៍ជីវចម្រុះអាឈី (Archi) ដែលកំណត់ថាប្រទេសនីមួយៗត្រូវរក្សាដីអភិរក្ស ១៧ ភាគរយនៃផ្ទៃដីប្រទេស។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើងដែរថា សារៈសំខាន់នៃការដាំដុះព្រៃឈើបន្ថែមថ្មីនេះគឺបានដើរតួនាទីសំខាន់ដើម្បីបង្កើតបរិស្ថានបៃតងសម្រាប់ភូមិឃុំ សហគមន៍ និងដើម្បីជាដំណោះស្រាយចំពោះបញ្ហាបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។
លោកបានបន្ថែមថាការប្រែប្រួលអាកាសធាតុដែលបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោកនេះគឺកម្ពុជាមិនមែនជាប្រទេសដែលបង្កនោះទេតែជាប្រទេសដែលបាននិងកំពុងរងនូវផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុនេះ។ ជាក់ស្តែងដូចជារដូវវស្សាចាប់ផ្តើមយឺត ភ្លៀងមិនទៀងទាត់ ភាពរាំងស្ងួត ឬទឹកជំនន់ ធ្វើឱ្យមានការប្រែប្រួលនៃរបបទឹកនៃទន្លេមេគង្គ និងទន្លេសាប និងធ្វើឱ្យខូចផលដំណាំប្រជាពលរដ្ឋជាដើម។
បើតាមការបញ្ជាក់ពីលោក ជា ណារ៉ុន អភិបាលក្រុងសួងរហូតមកទល់ពេលនេះគឺមានដើមឈើប្រណីតរួមមានដើមគ្រញូង ធ្នង់ នាងនួនរួមនឹងដើមផ្កាក្ងោកលឿង និងដើមអន្ធនេលជាង ៣ ០០០ ដើមហើយដែលត្រូវបានដាំនៅតាមដងផ្លូវក្នុងក្រុងសួង ខណៈការដាំនឹងនៅបន្តបន្ថែមទៀតនៅឆ្នាំខាងមុខ៕