ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង កីឡា កាល​ពី​ម្សិលមិញ​បាន​ប្រកាស​ពី​ការ​ផ្ដល់​អាហារូបករណ៍​ជយលាភី​និស្សិត​ឆ្នើម​ក្នុង​ឆ្នាំ ២០២១ នេះក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ Asia Development Foundation របស់​ប្រទេស​កូរ៉េខាងត្បូង​ដោយ​មាន​និស្សិត​ថ្មី​ចំនួន ៣០ រូបត្រូវ​បាន​ជ្រើស​រើស​នៅ​ឆ្នាំ​នេះ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ចុះ​ថ្ងៃទី ៤ មិថុនា បាន​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ ក្រោម​កិច្ចសហប្រតិបត្តិការ​នេះ​មាន​និស្សិតជយលាភី​កម្ពុជា​ចំនួន ៦២ រូប​ដែល​កំពុង​សិក្សា​នៅ​គ្រឹះស្ថាន​រដ្ឋ​និង​ឯកជន​ចំនួន ១៨ ត្រូវ​បាន​ជ្រើស​ដើម្បី​ទទួល​បាន​អាហារូ​បករណ៍​ជា​សាច់ប្រាក់​ ២ លាន​រៀល​ក្នុង ១ ឆ្នាំ​សិក្សា។

បើ​តាម​សេចក្តី​ប្រកាស​ដដែល ការ​ជ្រើសរើស​នេះ​ផ្ដោត​លើ​លក្ខខណ្ឌនៃ​លទ្ធផល​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ ផែនការ​សិក្សា​និង​ការ​ស្រាវជ្រាវនៅ​ថ្នាក់​ឧត្តម​សិក្សា ស្ថានភាព​ហិរញ្ញវត្ថុ​និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​បេក្ខជន។ ក្នុង​នោះ​រួមមាន​និស្សិត​ជយលាភី​ជំនាន់ទី ១ ដែល​ត្រូវ​បាន​ជ្រើសរើស​ចាប់​តាំង​ពីឆ្នាំ ២០១៨ ចំនួន ១៣ រូប និស្សិត​ជយលាភី​ជំនាន់ទី ២ ដែល​ត្រូវ​បាន​ជ្រើសរើស​ចាប់​តាំង​ពី​ឆ្នាំ ២០១៩ ចំនួន ១៨​រូប​និងនិស្សិត​ជយលាភី​ជំនាន់​ទី ៣ ដែល​ត្រូវ​បាន​ជ្រើសរើស​ថ្មី​នៅ​ឆ្នាំ ២០២១ នេះ​ចំនួន ៣០ រូប។

យោង​តាម​ក្រសួង​អប់រំ យុវជន និង កីឡា គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១៨ មក Asia Development Foundation(ADF) បាន​ផ្ដល់​អាហារូបករណ៍​ជា​សាច់ប្រាក់​ដល់​និស្សិត​ឆ្នើម​កម្ពុជា​ដែល​ត្រូវ​ឆ្លងការ​ដាក់​ពាក្យ​សុំ​តាម​ប្រព័ន្ធ​អនឡាញ (Online) ដោយ​ការ​ប្រឡង​វិញ្ញាសា​សំណេរនិង​ការ​សម្ភាស​ពី​ក្នុង​ចំណោម​ពាក្យ​ស្នើ​សុំ​ប្រមាណ ៧០០ ទៅ ១០០០ ច្បាប់​ក្នុង ១ ឆ្នាំៗ។

ចំណែក​លក្ខខណ្ឌ​ដែល​អាច​ទទួល​បាន​អាហារូបករណ៍​សម្រាប់​ឆ្នាំថ្មី​បន្ត​ទៀត​និស្សិត​ជយលាភី​គ្រប់​រូប​ត្រូវ​មាន​របាយការណ៍​ដែល​បង្ហាញ​ពីសកម្មភាព​សង្គម​និង​ការ​ស្ម័គ្រ​ចិត្ត​សហគមន៍​និង​លទ្ធផល​ខ្ពស់​នៃ​ការ​សិក្សា។ នេះ​បើ​តាម​ក្រសួង​អប់រំ​ដដែល។

ជាមួយ​គ្នានេះ ក្រសួង​អប់រំ ក៏​បាន​សម្ដែង​ការ​អរគុណ​ចំពោះThe Asia Development Foundation(ADF) ចំពោះ​ការ​ផ្ដល់​អាហារូបករណ៍​ជា​សាច់​ប្រាក់​ដល់​និស្សិត​ជយលាភី​កម្ពុជា តាំង​ពី​ឆ្នាំ ២០១៨ មក៕