ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នឹង​បង្កើត​គណបក្ស​នយោបាយ​សំណាក​ចំនួន ៥ ដែល​តំណាង​ដោយលេខាធិការដ្ឋាន​រាជធានី​ខេត្ត រៀបចំ​ការ​បោះឆ្នោត (លធ.ខប) នីមួយៗ ដើម្បី​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់គោលដៅ​ចំនួន ២៥ ក្នុង​រាជធានី​ខេត្ត​សម្រាប់​ការ​បោះឆ្នោត​សាកល្បង​នា​ពេល​ខាង​មុខ​នេះ។

បើ​តាម​ការ​បញ្ជាក់​របស់ គ.ជ.ប នៅ​ថ្ងៃ​ទី ៥ មិថុនា​នេះ បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​សាកល្បង ត្រូវ​អនុវត្តដោយ​ផ្ទាល់​តាម​ទម្រង់​ពាក្យ​សុំ​ចុះ​បញ្ជី (ទ១០០៨) នៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀប​ចំ​ការ​បោះឆ្នោត (គឃ.សប) ។

ក្នុង​ដំណើរការ​នេះដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​រៀបចំ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​និង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​របស់ គឃ.សប មុន​នឹង​សម្រេច​ទទួល​ស្គាល់​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត គ.ជ.ប បាន​បង្កើត"កម្មវិធី​រៀប​ចំ​បញ្ជី​បេក្ខជនឈរ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ”។

តាមរយៈកម្មវិធីនេះ​នឹ​ងធានា​ថា ឈោ្មះ​និង​ទិន្នន័យ​របស់​បេក្ខជន​ពិត​ជា​ត្រឹមត្រូវ​តាម​បញ្ជី​បោះឆ្នោត​ផ្លូវ​ការ​របស់ គ.ជ.ប, អាយុ​របស់​បេក្ខជនពិត​ជា​ត្រឹមត្រូវ​តាម​ការ​កំណត់​នៃ​ច្បាប់, បេក្ខជន ១រូប ឈរ​ឈ្មោះ​បាន​តែ ១ គណបក្ស​នយោបាយ និង បេក្ខជន ១រូប ឈរ​ឈ្មោះ​បាន​តែ ១​ មណ្ឌល​បោះឆ្នោត។

ចំណែកការ​បោះឆ្នោត​សាកល្បង​នេះ ការ​រៀបចំ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ត្រូវ​ធ្វើ​ឡើង​តាម ២ (ពីរ) របៀប ក្នុង​នោះ​ទី ១ គឺ​ការរៀប​ចំ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ដោយ​ដៃ (តាម​លំនាំ​នីតិវិធី​ចាស់) ដែល​ក្នុង​ករណី​នេះ បន្ទាប់ពី​ទទួល​បាន​ពាក្យ​សុំ​ចុះ​បញ្ជី (ទ១០០៨) ជា​ផ្លូវការ​រួច​ហើយ គឺ គឃ.សប ត្រូវ​បញ្ចូល​ទិន្នន័យ​បេក្ខជន​ទាំង​នោះ​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ភាព​ត្រឹមត្រូវ​នៃ​ទិន្នន័យ និង លក្ខខណ្ឌ​ឈរ​ឈ្មោះ​របស់​បេក្ខជន​ទៅ​នឹង​បញ្ជី​បោះឆ្នោត​ផ្លូវការ​និង​ឯកសារ​បំពេញ​លក្ខខណ្ឌ​នានា​ដែល​ជា​មូលដ្ឋាន​ក្នុងការ​ពិនិត្យ​និង​សម្រេច​លើ​ពាក្យ​ស្នើសុំ។

រីឯ របៀបទី ២ គឺ​ការ​រៀបចំ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​តាម "កម្មវិធី​រៀបចំ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ” របស់ គ.ជ.ប ដូច​បញ្ជាក់​ខាង​លើ។ ក្រោយ​ពី​រៀបចំ​រួច​ហើយ​គណបក្ស​នយោបាយ​ត្រូវ​រក្សា​ទិន្នន័យបញ្ជី​បេក្ខជន​នេះ​នៅ​ក្នុង​ហ្វ្លាស់​មួយ និង​ត្រូវ​បោះពុម្ព​បញ្ជី​នេះ​ជា​ឯកសារ​ភ្ជាប់​ជាមួយ​ពាក្យ​សុំ​ចុះ​បញ្ជី (ទ.១០០៨) ដែល​ត្រូវ​ដាក់​ដោយ​ផ្ទាល់ទៅ គឃ.សប។

បន្ទាប់ពីបាន​សម្រេច​ទទួល​ស្គាល់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ផ្លូវការ​ហើយ គឃ.សប ត្រូវ​បញ្ជូន​សំណុំ​ឯកសារ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត តាម​ឋានានុក្រមមក គ.ជ.ប ស្រប​តាមច្បាប់​ជាធរមាន។

ជាមួយគ្នានេះ គ.ជ.ប ក៏​បាន​បញ្ជាក់​ដែរ​ថា គណបក្ស​នយោបាយ​ដែល​បាន​ចុះ​បញ្ជី​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃអាច​ចូល​រួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល និង​សង្កេត​មើល​ដំណើរការ​បោះឆ្នោត​សាក​ល្បង​នេះ​បាន៕