ពោធិ​សាត់ៈ ​តុលាការ​ខេត្ត​ពោធិ៍​សាត់​ ​បាន​ចោទ​ប្រកាន់​ ​និង​ឃុំខ្លួន​ជា​បណ្តោះ​អាសន្ន ចំពោះ​ជន​សង្ស័យ​ ២ ​នាក់​ប្តី​ប្រពន្ធ​ ​ដែល​បាន​ផលិត​និងល​ក់​ស្រា​ដែល​មាន​សារ​ជាតិ​ពុល​ខ្ពស់​ បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ស្លាប់​ចំនួន​ ​១០​ ​នាក់​ ​និង​រង​គ្រោះ​ជិត​ ​១០០ ​នាក់​ ​ក្រោយ​ពី​បាន​ផឹក​ស្រា​នៅ​កន្លែង​កើត​ហេតុ​ នៅ​ក្នុង​​ភូមិ​ចំនួន ​៤ ស្ថិត​ក្នុង​ឃុំ​អ​ន្សា​ចំបក់​ ​ស្រុក​ក្រគរ​។​​

ជន​សង្ស័យ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ ​គឺ​មាន​ឈ្មោះ ​ស៊ុយ​ ​គឹម​ទៀង​ ភេទ​ប្រុស​ អាយុ​ ៧១ ​ឆ្នាំ​ ត្រូវ​ជា​ប្តី​ និង​ឈ្មោះ​ ​ទ្រី​ វណ្ណា អាយុ​ ៦១ ​ឆ្នាំ ​មាន​ទី​លំ​នៅ​ភូមិ​សាន​សរ​ ​ឃុំ​អ​ន្សា​ចំបក់​ ​ស្រុក​ក្រគរ​ ​ខេត្ត​ពោធិ៍​សាត់​ ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​ទី​ ​២ ​មិថុនា​​។​​​

នៅ​ចន្លោះ​ថ្ងៃ​ទី​​ ២៨ ​ខែ​ឧសភា ​និង​ថ្ងៃទី​ ២​ ខែ​ មិថុនា​ ឆ្នាំ ​២០២១​ មាន​ពល​រដ្ឋ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣០​ ទៅ​ ៦០​ ឆ្នាំ ត្រូវ​បាន​រាយ​ការណ៍​ថា​ ​មាន​អា​ការៈ​ពុល​ស្រាស​ ​បន្ទា​ប់​ពី​ពួក​គេ​ បាន​ផឹក​ស្រាស​ដែល​មាន​ប្រភព​ផលិត​តែ​មួយ ​និង​ត្រូវ​បាន​ចែក​ចាយ​លក់​បន្ត​ទូទាំង​ឃុំ​ដោយ​បុគ្គល​ទាំង​ ២ នាក់​ ​ដែល​ជា​ជន​សង្ស័យ​ត្រូវ​បាន​ចោទ​ប្រកាន់​។​​​

លោក​ ​ហេង​ ​ដូ​នី​ន​ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ពោធិ៍​សាត់​ បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៦​ មិថុនា​ថា​ ក្រោយ​ពីទ​ទួល​សំណុំ​រឿង​នៃ​ការ​ចោទ​ប្រកាន់​ពី​ព្រះរាជ​អាជ្ញា ​ចៅក្រ​ម​​​ស៊ើប​សួរ​បាន​សម្រេច​ឃុំខ្លួន​ជន​សង្ស័យ​ ២​ នាក់​ប្តី​ប្រពន្ធ​នោះ ​ដាក់​ពន្ធ​នា​គារ​ជា​បណ្តោះ​នៅ​ពន្ធ​នា​គារ​ខេត្ត​។​​​

លោក​​ ​ដូនីន​ ​បញ្ជាក់​ថា​​៖ ​«​ពេល​នេះ​ ​ពួក​គាត់​ ​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនា​គា​ខេត្ត​។​ សំណុំ​រឿង​នេះ​ គឺ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​បន្ត​របស់​ចៅ​ក្រម​ស៊ើប​សួរ​ ​ដែល​យើង​មិន​ទាន់​អាច​បង្ហាញ​ថា​ ​មាន​អ្ន​ក​ណា​​ខ្លះ​ទៀត​ពាក់​ព័ន្ធ​ក្រៅ​ពី​ហ្នឹង​បាន​ទេ​»​។​​​

លោក​បន្ត​ថា​ ​ពួក​គេ​ទាំង​ ​២ ​នាក់​ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ «​ហិង្សា​ដោយ​ចេតនា​ដោយ​ប្រើប្រាស់​អាហារ​មាន​ជាតិ​ពុល​​បណ្តាល​ឱ្យ​​ជន​រង​គ្រោះ​ស្លាប់​ ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​»​ ​តាម​មាត្រា​ ២២៦ ​និង​មាត្រា​ ២២៤​ នៃ​ក្រមព្រហ្ម​ទណ្ឌ ខណៈ​ចៅ​ក្រម​ស៊ើប​សួរ​ ​បន្ត​ការ​ស៊ើប​អង្កេត​ ​ក្នុង​សំណុំរឿង​នេះ​ ​ដើម្បី​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​បន្ថែម​ទៀត​​​។​​

លោក​ ​ម៉ូ​ ​លីដា​ ​ស្នង​ការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរ​បាល​ខេត្ត​ពោធិ៍សាត់​ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ​៦​ ​មិថុនា​ថា​ តាម​រយៈ​ការចុះ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​របស់​សមត្ថ​កិច្ច​ គឺ​តួលេខ​សរុប​ មាន​មនុស្ស​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ចំនួន​ ​១០​ នាក់​ ក្នុ​ង​នោះ​​មាន​​ស្រី ​៨ ​នាក់ ​និង​មាន​អ្នក​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ប្រមាណ​ ​១០​ ​នាក់​ ​ដោយ​សារ​តែ​អាកា​រៈ​ធ្ង​ន់​ធ្ងរ​។​​

លោក​បន្ត​ថា​៖​ «​​និយាយ​ទៅ​ចំនួន​អ្នក​ស្លាប់​នេះ ​គឺ​មាន​ចំនួន​ពិត​ប្រាកដ ដែល​ខ្ញុំ​ចុះ​ស្រាវជ្រាវ​កន្លង​មក​ជា​មួយ​ព្រះរាជ​អាជ្ញា​​ ​មាន​ចំនួន​ ​១០ ​នាក់​ គឺ​ស្រី ​៨ ​នាក់​ ​និង​ប្រុស ​២​ នាក់​។​ ក្រោយ​មក​ អ្នក​ដែល​បាន​ផឹកស្រា​នេះ​ពុល​ គឺ​ឯក​ឧ​ត្ត​អភិបាល​ខេត្ត​ ​បាន​អំពាវ​នាវ​ ​និង​បាន​តម្រូវ​ឲ្យ​ពួក​គាត់​ មក​សម្រាកព្យាបាល​នៅ​ពេទ្យ​ទាំង​អស់​។​ អ្នក​ហូប​តិចតួច​ ហើយ​ព្យាបាល​ជា​ហើយ​ ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​​វិញ​​អស់​ទៅ​»​។​​

តាម​លទ្ធផល​ពី​មជ្ឈ​មណ្ឌល​ជាតិ​មន្ទីរ​ពិសោធន៍​សុខាភិ​បាល​ ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ​៣ ​មិថុនា​ថា​ ស្រា​ដែល​​បណ្តាល​ឱ្យ​ប្រជា​ពល​រដ្ឋ​ពុល​ស្លាប់​ ​និង​រង​គ្រោះ ​គឺ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​សារធាតុ​មេ​តា​ណុល​លើស​កម្រិត​ខ្ពស់​ដល់​ទៅ ​១៥ ​ភាគ​រយ​ ខណៈ​កម្រិត​មេ​តា​ណុល​មិន​ពុល​ក្នុង​ស្រា​នោះ ​គឺ​មិន​ត្រូវ​លើស​ពី ​០,១%​ ​ឡើយ​​។

ក្រសួង​សុខា​ភិបាល​​ក៏​បាន​អះអាង​ដែរ​ថា ​ករណី​ពុល​ស្រា​ គឺ​ចាប់​ផ្ដើម​ឡើង​ដោយ​មាន​រោគ​សញ្ញា​ដូច​ជា​ ស្រវាំ​ង​ភ្នែក ព្រឹល​ភ្នែក​ ​ណែន​ដើម​ទ្រូង ​ចុក​ទ្រូង​ ​ថប់​ដង្ហើម​ ​ត្រជាក់​​ដៃ​ជើង​ វិល​មុខ​ ក្អួត​ ឈឺ​ក្បាល​ ​ធី​ង​ធោ​ង​ អស់​កម្លាំង ទន់​ដៃ​ទន់​ជើង​ ​និង​សន្លប់​ ក្រោយ​អ្នក​បរិភោគ​ស្រា ​បាន​ផឹក​ស្រា​ដែល​មាន​សារធាតុ​មេ​តា​ណុល​នេះ​ចូល​ទៅតាម​កម្រិត​តិច​ឬ​ច្រើន​។​​

កាល​ពី​ខែ​ឧសភា ​មាន​ករណី​ពុល​ស្រា​ចំនួន ​២ ករណី​ផ្ទួនៗ​ ​បាន​កើត​ឡើង​នៅ​ខេត្ត​កំពត​ និង​ខេត្ត​កណ្តាល​បាន​បណ្តាល​មនុស្ស​ស្លាប់​ ២៤​ ​នាក់​ ​និង​ជា​ច្រើន​នាក់​ទៀត​បាន​រងគ្រោះ​។​ នេះ​បើ​តាម​ការ​អះអាង​​របស់​​ក្រសួង​សុខាភិ​បាល​។​ ​ចំពោះ​ស្រា ​ដែល​បាន​បណ្តាល​ឲ្យ​ពុល​ក្នុង​ខេត្ត​ទាំង​ ២​នេះ​ ត្រូវ​បាន​រ​ក​ឃើញ​ថា​ មាន​សារ​ធាតុ​មេ​តា​ណុល​ ​ដែល​ជា​សារ​ធាតុ​ពុល​ ​ខ្ពស់​ចន្លោះ​ពី​ ​៧​ ​ទៅ ​១២​ ​ភាគ​រយ​​ប៉ុណ្ណោះ​៕